ព័ត៌មានជាតិ
ពលរដ្ឋនៅក្រុងតាខ្មៅ អាចធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ក្នុងរយៈពេលខ្លី ហើយគ្មានការយកប្រាក់ឡើយ
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាមជាដើម មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះការជូនដំណឹងរបស់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដែលបានបញ្ជាក់ថា ការធ្វើសៀវភៅគ្រួសារ (ក៤) រយៈពេលយ៉ាងយូរ៤ថ្ងៃ និងសៀវភៅស្នាក់នៅ (ក២) រយៈពេលយ៉ាងយូរ ២ថ្ងៃ ដោយពុំមានការគិតថ្លៃឡើយ។

សេចក្ដីជូនដំណឹង របស់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ចំណុះឲ្យស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល ដែលមានលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ជាស្នងការ បានឲ្យដឹងថា «ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ពុកម៉ែ ដែលមិនទាន់មានសៀវភៅគ្រួសារ (ក៤) និងសៀវភៅស្នាក់នៅ (ក២) ឬមានបំណងចង់ធ្វើសៀវភៅថ្មី និងបន្ថែមសមាជិកក្នុងគ្រួសារ សូមអញ្ជើញទៅប៉ុស្ដិ៍នគរបាល រដ្ឋបាលក្នុងមូលដ្ឋានរបស់ ពុក ម៉ែ បងប្អូន»។ សេចក្ដីជូនដំណឹង បានបញ្ជាក់បន្ថែមថា «ចំពោះការធ្វើសៀវភៅគ្រួសារ (ក៤) យ៉ាងយូរបំផុត ៤ថ្ងៃ និងសៀវភៅស្នាក់នៅ (ក២) យ៉ាងយូរបំផុត ២ថ្ងៃ ដោយពុំគិតថ្លៃ»។

លោកវរសេនីយ៍ឯក យី វ៉ាន់ដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២០ ខែសីហានេះថា បន្ទាប់ពីមានការជូនដំណឹងខាងលើនេះ គឺមានប្រជាពលរដ្ឋជាច្រើន នៅក្រុងតាខ្មៅ បាននាំគ្នា ទៅទទួលការបម្រើសេវាសាធារណៈពីសមត្ថកិច្ច ហើយពួកគាត់មានការសប្បាយចិត្តជាខ្លាំង។
លោកវរសេនីយ៍ឯក យី វ៉ាន់ដា បានបញ្ជាក់បន្ថែមថា ការជូនដំណឹងយ៉ាងដូច្នេះ គឺដើម្បីឲ្យមន្ត្រីនគរបាលរបស់យើង ខិតខំបន្ថែមទៀត នៅក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ ក្រៅពីសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋានក្រុងតាខ្មៅ ក៏នឹងធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលមានទីលំនៅក្រុងតាខ្មៅផងដែរ នៅពេលពួកគាត់ដល់អាយុត្រូវធ្វើ។ ចំពោះការធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ គឺមិនមានតម្រូវឲ្យប្រជាពលរដ្ឋ បង់ថវិកាឡើយ។ លោកអធិការក្រុងតាខ្មៅ បានថ្លែងយ៉ាងដូច្នេះថា «អត់មានតម្រូវ ឲ្យប្រជាពលរដ្ឋបង់ទេ ដាច់ខាត»។

សេចក្ដីជូនដំណឹង របស់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ បានគូសបញ្ជាក់ថា «ក្នុងករណីប្រសិនបើ មានការយឺតយ៉ាវ ក្នុងការផ្ដល់សេវា ឬយកលុយ សូមទំនាក់ទំនង មកលេខ ០៩៧ ៧៧៨ ០០៥១ / ០១២ ៧៦៣ ៩៦៣ / ០១៦ ៦០៧ ៨៨៨»។
លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី ដែលបានសួរថា តើលោកតែងតែណែនាំ បែបណាដែរ ដល់មន្ត្រីនគរបាលក្រោមឱវាទ ចំពោះការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនោះ? លោកបញ្ជាក់ថា «អនុវត្តតាមស្មារតី ប្រកាសក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តិ»។
ក្នុងនោះដែរលោកវរសេនីយ៍ឯក យ៉ង សុខេម នាយការិយាល័យអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា កន្លងមកសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ត្រូវចុះហត្ថលេខានៅអធិការដ្ឋាន នគរបាលស្រុក-ក្រុង។ ក្រោយមកយោងតាម ប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពី ការផ្ទេរសិទ្ធិចុះហត្ថលេខាលើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ មកត្រឹមមេប៉ុស្ដិ៍រដ្ឋបាល ដើម្បីចុះហត្ថលេខាបម្រើសេវា ជូនប្រជាពលរដ្ឋវិញ។ លោកបញ្ជាក់បន្ថែមថា សៀវភៅគ្រួសារពីមុន ត្រូវចុះហត្ថលេខា ដោយលោកស្នងការរាជធានី-ខេត្ត តែបន្ទាប់ពីមានប្រកាស របស់ក្រសួងមហាផ្ទៃមក បានផ្ទេរសិទ្ធិឲ្យលោកអធិការស្រុក-ក្រុង ជាអ្នកចុះហត្ថលេខាវិញ។
លោកវរសេនីយ៍ឯក យ៉ង សុខេម បានគូសបញ្ជាក់បន្ថែមថា តាមគោលការណ៍ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានប្រកាសថា ការធ្វើសៀវភៅស្នាក់នៅ (ក២) រយៈពេល១០ថ្ងៃយ៉ាងយូរ និងការធ្វើសៀវភៅគ្រួសារ (ក៤) យ៉ាងយូររយៈពេល១៥ថ្ងៃ។ លោកនាយការិយាល័យ បានបញ្ជាក់ទៀតថា កម្លាំងនគរបាលខេត្តកណ្ដាល ខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន ដោយមិនឲ្យពិបាកវែងឆ្ងាយ ដូចមុនទៀតឡើយ។
គួរកត់សម្គាល់ថា ចាប់តាំងពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានឡើងកាន់តំណែង ជាស្នងការខេត្តកណ្ដាលមក គេសង្កេតឃើញថា បទល្មើសនានានៅទូទាំងខេត្ត ត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ហើយការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋទៀតសោត ក៏បានលឿនផងដែរ ដោយទទួលការសាទរជាខ្លាំង ពីគ្រប់មជ្ឈដ្ឋាន៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?