ព័ត៌មានជាតិ
គណបក្សកែទម្រង់កម្ពុជា បានដាក់ឯកសារពាក់ព័ន្ធ ដែលក្រសួងមហាផ្ទៃ ឲ្យកែរួចហើយ
ក្រុមការងារគណបក្សកែទម្រង់កម្ពុជា បានដាក់ឯកសារចូលក្រសួងមហាផ្ទៃ កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ក្រោយក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ស្ថាបនិកគណបក្សនេះ ពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវតាមបញ្ញត្តិនៃច្បាប់ ស្ដីពី គណបក្សនយោបាយ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ និងជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានឲ្យអ្នកសារព័ត៌មានកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី២ ខែកញ្ញានេះថា កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅនេះ ក្រុមការងាររបស់លោក បានដាក់ឯកសារ និងលក្ខន្តិកៈជាថ្មីរួចហើយ ទៅកាន់ក្រសួងមហាផ្ទៃ។

លោក អ៊ូ ច័ន្ទរ័ត្ន បានឲ្យដឹងបន្តថា «យើងឃើញ មានប៉ុន្មានចំណុច នៅក្នុងលក្ខន្តិកៈគណបក្សហ្នឹង ក្រសួងមហាផ្ទៃ លោកថា ផ្ទុយនឹងច្បាប់ គណបក្សនយោបាយ ហើយយើងបានកែហើយ មាត្រាប៉ុន្មាន ប្រការប៉ុន្មានហ្នឹងយើងកែអស់ហើយ ទី២គណៈកម្មការបណ្ដោះអាសន្ន យើងត្រូវមានលិខិត តែងតាំងជាផ្លូវការត្រឹមត្រូវ មិនអាចដាក់គ្រាន់តែជាបញ្ជីទេ អញ្ចឹងណា៎ តែយើងបានធ្វើហើយ… ហើយគោលនយោបាយមួយចំនួន កម្មវិធីនយោបាយសំខាន់ៗមួយចំនួនហ្នឹង ឲ្យដាក់បំបែកចេញពីលក្ខន្តិកៈ មិនឲ្យដាក់នៅក្នុងលក្ខន្តិកៈ ហើយយើងបានធ្វើសព្វគ្រប់អស់ហើយ ហើយដាក់ទៅក្រសួងមហាផ្ទៃវិញហើយ»។
គួររំលឹកថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បានចេញលិខិតមួយ ជម្រាបទៅលោក ប៉ុល ហំម សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ស្ដីពី សំណើសុំចុះឈ្មោះគណបក្សកែមទ្រង់កម្ពុជា ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។
នៅក្នុងលិខិតនោះ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានទទួលសំណើសុំចុះឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ ប៉ុន្ដែពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា គណបក្សនេះពុំបានភ្ជាប់មក ជាមួយនូវឯកសារ មួយចំនួន រួមមាន៖ ទី១-សេចក្ដីសម្រេច បង្កើតគណៈកម្មាធិការបណ្ដោះអាសន្ន ,ទី២-គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និងទី៣-លក្ខន្តិកៈគណបក្សពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធានគណបក្សឡើយ។ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានកំហុសអក្ខរាវិរុទ្ធជាច្រើន ហើយខ្លឹមសារប្រការមួយចំនួន មានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា គណបក្សរបស់លោក នឹងអាចចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃជាផ្លូវការ ក្នុងពេលឆាប់ៗនេះ ក្រោយពីបានដាក់ឯកសារ និងលក្ខន្តិកៈជាថ្មីរួចហើយ។ ទោះជាបែបនេះក្ដី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននឹងកំពុងស្ថិត នៅប្រទេសបារាំងនៅឡើយ ដើម្បីពិនិត្យសុខភាព រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ទើបត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


