ព័ត៌មានជាតិ
សមត្ថកិច្ច ទាត់ចោល ការផ្សាយរបស់ VOD ថា សមត្ថកិច្ចគំរាមចាប់ខ្លួន អ្នកការពារបរិស្ថានពីរនាក់
មន្ត្រីនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបដិសេធចោលទាំងស្រុង ចំពោះការចុះផ្សាយដោយគ្មានការពិត របស់សារព័ត៌មានមួយ ដែលថាសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅគំរាមកំហែងបងប្អូនភ្លោះ ២នាក់ឈ្មោះជុំ ហួរ និងជុំ ហួត ដែលអះអាងថា ជាសកម្មជនការពារធនធានធម្មជាតិ និងសិទ្ធិមនុស្សដល់បន្ទប់ជួល។ ការចេញមុខបដិសេធនេះ បន្ទាប់ពីសារព័ត៌មាន VOD នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានចុះផ្សាយអត្ថបទ ដែលមានចំណងជើងថា «អាជ្ញាធរគំរាមចាប់ខ្លួន អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស ២នាក់ ដល់បន្ទប់ជួលរបស់ពួកគេ»។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី៨ ខែកញ្ញានេះថា ការចុះផ្សាយនេះ គឺជាការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងស្រុង ដែលនាំឲ្យប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ មានការយល់ច្រឡំ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ មូលដ្ឋាន ក្នុងសង្កាត់បឹងទំពុនទី១ ចុះធ្វើរដ្ឋបាល ដោយសារមានករណីជនសង្ស័យឆក់ រត់ចូលទៅក្នុងតំបន់នោះ។ ស្របពេល ដែលសមត្ថកិច្ច ចុះធ្វើរដ្ឋបាល ដើម្បីស្វែងរកជនសង្ស័យនោះ គឺមានយុវជន២នាក់ បាន យកទូរស័ព្ទថត ដោយគ្មានការអនុញ្ញាត ហើយសមត្ថកិច្ច ក៏បានឲ្យលុបចោលវិញ ព្រោះនគរបាលកំពុងអនុវត្តសកម្មភាព ស្វែងរកជនសង្ស័យ ក្នុងអំពើឆក់។
អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សមត្ថកិច្ច បានអប់រំណែនាំពួកគេ ហើយមិនបានឃាត់ខ្លួន ឬដាក់ទោសទណ្ឌអ្វីឡើយ គ្រាន់តែឲ្យលុបចោលនូវរូបភាព ដែលសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ ចុះធ្វើរដ្ឋបាល ដោយសារមានករណីជនសង្ស័យឆក់ រត់ចូលទៅក្នុងតំបន់នោះប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នឹងចេញសេចក្ដីបំភ្លឺផងដែរ ពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ មានការយល់ច្រឡំ មកលើសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ ដែលបានចុះធ្វើកិច្ចការងារ ដើម្បីសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោកវរសេនីយ៍ឯក សាន សុខសីហា ក្នុងនាមសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់គ្រប់សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណ:ជនទាំងអស់ មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មាន សូមធ្វើការស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ ដោយកុំធ្វើការសន្និដ្ឋានដោយអត្តនោម័ត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ និងធ្វើឲ្យមានការវាយតម្លៃអវិជ្ជមាន ចំពោះកិច្ចប្រតិបត្តិការ របស់សមត្ថកិច្ច ដែលអំពើនេះ គួរតែ ត្រូវបានបញ្ឈប់ជាបន្ទាន់៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


