Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចរាជធានី ចុះពិនិត្យរដ្ឋបាលរកឃើញជនបរទេស ៩៩ នាក់ ស្នាក់នៅខុសច្បាប់ និងពាក់ព័ន្ធបទល្មើសអនឡាញ

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ០៦ ខែ​មីនា ឆ្នាំ ២០២៦ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​រដ្ឋបាល​ពិនិត្យ​​រក​ឃើញ​ជនជាតិ​បរទេស ៩៩ នាក់ ស្នាក់នៅ​ខុស​ច្បាប់ និង​ពាក់ព័ន្ធ​បទល្មើស​អន​ឡាញ នៅ​ចំណុច ០២ ទីតាំង ផ្សេងគ្នា ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ក្រាប​នេះ ធ្វើឡើង​តបតាម​បទ​បញ្ជា​របស់ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ , លោក​ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួមមាន​ការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​តំណាង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គណ:បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ទីតាំង​ប្រមូលផ្តុំ​ជនបរទេស​សង្ស័យ​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា(Online Scams) ចំនួន ០២ ទីតាំង ផ្សេងៗ គ្នា ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

ក្នុង​រង្វង់​ការ​ចុះ​ត្រួតពិនិត្យ​ជា​លទ្ធផល ៖ ទីតាំងទី ០១-នៅក្នុងខុនដូ Yellow Tower ជាន់ទី ០៥ បន្ទប់C ស្ថិតនៅផ្លូវទន្លេសាប ភូមិ ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ រកឃើញ​បុគ្គលិក​ចំនួន ១៥ នាក់ (ស្រី ០៨ នាក់)។ ក្នុងនោះ មាន​ជនបរទេស​ចំនួន ០៦ នាក់ ស្រី ០៤ នាក់ មាន ០១ សញ្ជាតិ (ឥណ្ឌូនេស៊ី) មាន​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ស្នាក់នៅ​ត្រឹមត្រូវ រួម​ជាមួយ​សម្ភារៈ វត្ថុតាង​សង្ស័យ​រួមមាន ទូរស័ព្ទ​ដៃ​ផ្ទាល់ខ្លួន​ចំនួន ១៦ គ្រឿង , ម៉ូនីទ័រ ១២ គ្រឿង , CPU ១៧ គ្រឿង។ យោង​តាម​ការ​កោសល្យវិច័យ​សន្និដ្ឋាន​បាន​ឲ្យ​ដឹង​ថា ទីតាំងខាងលើ​ជា​ភ្នាក់ងារ​បម្រើ​សេវាកម្ម​ដាក់​ប្រាក់ ដកប្រាក់ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជូន​អតិថិជន​ដែល​ចូល​លេង​ហ្គេម​អនឡាញ ទិសដៅ​ភាគ​ច្រើន​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី។

ចំណែក​ទីតាំង​ទី ០២ នៅ​ចំណុច​អគារ​ស្នាក់នៅ គ្មាន​ឈ្មោះ កម្ពស់ ០៨ ជាន់ មាន ៦៤ បន្ទប់។ ក្នុង​នោះ ​រកឃើញ​ជនបរទេស​ស្នាក់នៅ​ជា​លក្ខណៈ​ប្រមូលផ្ដុំ សរុប ៩៣ នាក់ ស្រី ០៤ នាក់ មាន ០២ សញ្ជាតិ រួមមាន ៖ សញ្ជាតិ​ប៉ាគីស្ថាន មាន ៩២ នាក់ (ស្រី ០៤ នាក់) , សញ្ជាតិ​ឥណ្ឌា មាន ០១ នាក់ មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ ៦២ នាក់ ស្រី ០២ នាក់ , លិខិតឆ្លងដែន(ផុត​ទិដ្ឋាការ) ២៦ នាក់ ស្រី ០១ នាក់ , គ្មាន​លិខិត​ឆ្លងដែន ០៥ នាក់ ស្រី ០១ នាក់។ បច្ចុប្បន្ន សមត្ថកិច្ច​ បាន​បញ្ជូន​ខ្លួន​ជនជាតិ​បរទេស​ទាំងអស់​ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម