ព័ត៌មានជាតិ
ព្រឹត្តិការណ៍ “រំលឹកគុណអង្គរ” អបអរការចុះរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ពិធីបួងសួងនៅ បរិវេណមុខស្ពានហាលប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍ “រំលឹកគុណអង្គរ” នៅ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នេះ ត្រូវបានប្រកាសបើកជាផ្លូវការ នៅ មុខបវិវេណប្រាសាទអង្គរ ដើម្បី អបអរសាទរខួប ២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ពិធីនេះប្រារព្ធក្រោមអធិបតី លោកស្រី កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ទៀ សីហា អភិបាលខេត្តសៀមរាប លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករងអាជ្ញាធរជាតិ តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា ព្រះសង្ឈ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។

លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ពិធីបុណ្យ “រំលឹកគុណអង្គរ” ប្រារព្ធឡើងក្នុងគោលបំណងសំខាន់គឺ ដើម្បីអបអរសាទរការចុះរមណីយដ្ឋានអង្គរ ទៅ ក្នុងបញ្ជីបេតិកភ័ណពិភពលោក នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ ក៏ដូចជា ដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភ័ណ្ឌសិល្បៈ និងវប្បធ៌មជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងទៅ អនាគត និងដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិ ១ នាក់ ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់ ១ ដងក្នុងមួយឆ្នាំ ហើយចង់មកថែមទៀត។

លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះប្រពឹត្តទៅ បានក្រោមការដឹកនាំប្រកបដដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសមានសុខសន្តិភាព និងឆ្ពោះទៅ រកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ម្យ៉ាងទៀតនៅ ក្នុងឆ្នាំនេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគំរប់ ២៩ ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូផងដែរ។

លោកស្រីបន្តថា ពិធី រំលឹកគុណអង្គរ នេះនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី ១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍នេះពិតជារំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគតឱ្យចងចាំ និងប្តេជ្ញាចិត្តត្រូវថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។

នៅ ក្នុងឱកាសនោះ លោកស្រី កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៤០ លានរៀល និងថវិការបស់រដ្ឋបាលខេត្ត ៥ លានរៀល សរុបចំនួន ៤៥លានរៀល ដើម្បីចូលរួមចំណែកក្នុងការជួសជុលព្រះពុទ្ធរូបនៅ ប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត និងមានពិធីរាប់បាត្រព្រះសង្ឃចំនួន ១០៨ អង្គផងដែរ។

គួរបញ្ជាក់ថា ពិធី “រំលឹកគុណអង្គរ” មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ទី ១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ការតាំងពិព័រណ៍ស្តីពីសមិទ្ធផល រយៈពេល ២៩ ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រីជាដើម។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារអបអរសាទរនៅ លើទំព័រហ្វេសប៊ុកផ្លូវការផងដែរ។ សម្ដេចតេជោ បានលើកឡើងថា អបអរសាទរខួប ២៩ ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រមនីយដ្ឋានអង្គរ ជាបណ្ដុំស្ថាបត្យកម្មដ៏មហិមា កសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាង្គប្រាសាទ រចនាបថ សិលាចារឹក និងចម្លាក់ដ៏ពិសិដ្ឋជាភស្តុតាងដែលបានបញ្ជាក់អំពីជីវភាព របៀបរបបរស់នៅ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ ការធ្វើជំនួញ និងចរន្តសេដ្ឋកិច្ចនាសម័យអង្គរ។
សម្ដេចតេជោ បានបង្ហាញថា អង្គរ តំណាងឱ្យសិល្បៈខ្មែរទាំងមូលពីសតវត្សទី ៩ ដល់សតវត្សទី ១៤ ជាអត្តសញ្ញាណវប្បធម៌ជាតិ និងជាមោទកភាពជាតិ។ រមនីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោក នៅ ក្នុងកិច្ចប្រជុំគណ:កម្មការបេតិកភណ្ឌពិភពលោកលើកទី១៦ ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នៅ ទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ សម្ដេចតេជោ បានអំពាវនាវ សូមកូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និង ចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

បានបញ្ជាក់ថា អង្គរគឺជារមណីយដ្ឋានប្រវត្តិសាស្ត្ររស់រានមានជីវិត ដែលប្រពៃណីវប្បធម៌ និងសាសនា នៅ តែបន្តរក្សាបាន។ អង្គរមានទេសភាពភូមិបុរាណ រួមបញ្ចូលនូវលក្ខណៈប្រវត្តិសាស្ត្រ ដូចជាវាលស្រែ ស្រះទឹក និងព្រៃឈើ ជាមួយនឹងភូមិដែលមានផ្ទះសង់តាមបែបប្រពៃណី។ អង្គរគឺជាសម្បត្តិវប្បធម៌ដែលដក់ជាប់ក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាសម្បត្តិវប្បធម៌តំណាងអោយអត្តសញ្ញាណខ្មែរ និងជាមោទនភាពរបស់ជាតិខ្មែរទាំងមូល។ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈវត្តមាននៃរូបប្រាសាទ អង្គរវត្ត នៅ លើទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ នៅ ក្នុងន័យនេះយើងគួរកត់សម្គាល់ថា មានតែប្រទេសកម្ពុជាមួយគត់នៅ ក្នុងពិភពលោក ដែលយករូបប្រាសាទមួយជាបេតិកភណ្ឌពិភពលោកទៅ ដាក់នៅ លើទង់ជាតិរបស់ខ្លួន៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី