Connect with us

ព័ត៌មានជាតិ

ទីក្រុងបីរបស់កម្ពុជា ទទួលបានពានរង្វាន់​ទីក្រុងទេសចរណ៍​ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤

បានផុស

នៅ

ព្រះសីហនុ៖ ទីក្រុងចំនួន៣ របស់ប្រទេសកម្ពុជា បានទទួលពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ ក្នុងនោះក៏មាន ទីក្រុងចំនួន១៨ ផ្សេងទៀត នៃប្រទេសសមាជិកអាស៊ានផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ជូនអភិបាលខេត្ត អភិបាលក្រុង និងតំណាងទីក្រុងជ័យលាភីសរុបទាំង២១។ ការប្រគល់ពានរង្វាន់នេះត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ជាទីដែលរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។

ទីក្រុងទាំង២១ ដែលទទួលបានជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣នោះ រួមមាន៖

* ប្រទេសព្រុយណេ មានទីក្រុងទូតុង (Tutong)។

* ប្រទេសកម្ពុជា មានទីក្រុងបាត់ដំបង (Battambang) ទីក្រុងព្រះសីហនុ (Preah Sihanouvill) និងទីក្រុងសៀមរាប (Siem Reap)។ ជាមួយគ្នានោះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានអញ្ជើញមកទទួលពានរង្វាន់ផ្ទាល់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាផងដែរ។

* ប្រទេសឡាវ មានទីក្រុងហ្លួងព្រះបាង (Luang Prabang) ទីក្រុងប៉ាកសេ (Pakse) និងទីក្រុងវៀងជ័យ (Viengxay)។

* ប្រទេសម៉ាឡេស៉ី មានទីក្រុងចច (George Town) កោះលង្កាវី (Langkawi) និងទីក្រុងម័រ (Muar)។

* ប្រទេសមីយ៉ាន់ម៉ា មានទីក្រុងមណ្ឌាល័យ (Mandalay) ទីក្រុងណៃពិដោរ (Nay Pyitaw) និងទីក្រុងមីយិក (Myeik)។

* ប្រទេសថៃ មានទីក្រុងខនកេន (Khon Kaen) ទីក្រុងប៉ាតាយ៉ា (Pataya) និងកោះម៉ាក (Koh Mak)។

* ប្រទេសវៀតណាម មានទីក្រុងហាឡុង (Ha Long) ទីក្រុងដាឡាត់ (Da Lat) និងទីក្រុងវ័ងតាវ (Vung Tau)។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

លោកបានបន្តថា ការប្រកួតប្រជែងនេះក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។

យោងតាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ កម្ពុជាបាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ នេះបានឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ក្រសួងទេសចរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម