Connect with us

ព័ត៌មានជាតិ

មេបញ្ជាការទ័ពនៃប្រទេសអាស៊ាន ជួបប្រជុំគ្នាដោយជជែកពីការឆ្លើយតបលើបញ្ហាប្រឈមសន្តិសុខក្នុងតំបន់

បានផុស

នៅ

អគ្គមេបញ្ជាការកងទ័ពនៃបណ្ដាប្រទេសជាសមាជិកអាស៊ានបានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយកិច្ចប្រជុំថ្នាក់អគ្គមេបញ្ជាការកងទ័ពអាស៊ាននេះ ផ្ដោតការពិភាក្សាពាក់ព័ន្ធបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់នាពេលបច្ចុប្បន្ន រាប់ទាំងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំនោះ អគ្គមេបញ្ជាការកងទ័ពនៃបណ្តាប្រទេសសមាជិកអាស៊ាន បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាសន្តិសុខ ដែលជាក្តីកង្វល់រួម ដូចជាបញ្ហាសន្តិសុខដែនសមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្ម ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណេត និងការត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ។

ក្នុងសុន្ទរកថាបើក លោកនាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ដែលជាប្រធាននៃកិច្ចប្រជុំ ក៏បានគូសរំលេចអំពីតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការចូលរួមតាមដានស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ ដោយបានទទួលស្គាល់ការគ្រប់គ្រងរបស់ម៉ាឡេស៊ីលើក្រុមអ្នកសង្កេតការណ៍អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រយន្តការត្រួតពិនិត្យបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោក ចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី បានបង្ហាញពីតម្លៃដ៏យូរអង្វែងនៃការសន្ទនា ការអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការក្នុងការរក្សាស្ថិរភាពក្នុងតំបន់ ស្របតាមមាគ៌ាអាស៊ាន។ តាមលោក រ៉ូមេអូ ប្រទេសហ្វីលីពីន ក្នុងនាមប្រធានអាស៊ានឆ្នាំនេះ ទទួលយកការទទួលខុសត្រូវនេះ ហើយយល់ដឹងយ៉ាងច្បាស់ថា ការសន្ទនា ការកសាងទំនុកចិត្ត ត្រូវតែពង្រឹងជាបន្តបន្ទាប់ ហើយសន្តិភាពត្រូវតែការពារ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។

លើកឡើងនៅក្នុងកិច្ចប្រជុំនោះដែរ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានថ្លែងអំណរគុណដល់បណ្តាប្រទេសសមាជិកអាស៊ាន ជាពិសេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ និងហ្វីលីពីន ប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ ចំពោះតួនាទីដ៏សំខាន់ក្នុងការគាំទ្របទឈប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មជាអ្នកសង្កេតការណ៍បទឈប់បាញ់នៅកម្ពុជា និងបញ្ជាក់ថា អាស៊ានអាចដោះស្រាយបញ្ហាផ្ទៃក្នុងអាស៊ានដោយខ្លួនឯង។ លោកបានបញ្ជាក់ជាថ្មីថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងអាណត្តិដឹកនាំដោយហ្វីលីពីន ដើម្បីធានាឱ្យមានការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។

លោក វង្ស ពិសេន ក៏បានអះអាងជាថ្មីពីការប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើប្រាស់កម្លាំង ព្រមទាំងការខិតខំធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

គួរកត់សម្គាល់ថា កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២៣ (ACDFM-23) បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ធានាអនាគតរបស់យើងរួមគ្នា»។ តាមរយៈប្រធានបទនេះ លោកនាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រាវនើ ចេអរ នាយសេនាធិការកងទ័ពហ្វីលីពីន ដែលជាប្រធាននៃកិច្ចប្រជុំ បានលើកឡើងថា ជាការឆ្លុះបញ្ចាំងពីការពិតត្រូវទទួលស្គាល់ទាំងអស់គ្នាលើបញ្ហាប្រឈមសន្តិសុខនាពេលបច្ចុប្បន្ន និងការឆ្លើយតប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម