ព័ត៌មានជាតិ
អង្គការមួយស្នើសុំហាមឃាត់ការជួញដូរសត្វសុនខនៅកម្ពុជា
អង្គការ ហ្វ្រ័រ ផរ អន្តរជាតិ បានសរសេរលិខិតជំហរមួយច្បាប់ ជួនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំឲ្យជួយហាមឃាត់ការជួញដូរសត្វសុនខ (សត្វឆ្កែ)ដែលកំពុងតែចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។
តាមរយៈលិខិតដែលផ្ញើជួន សម្ដេចនាយករដ្ឋមន្ត្រី ដែលទើបទទួលបាននៅថ្ងៃនេះមានខ្លឹមសារថា«តាងនាមយើងខ្ញុំតំណាងអង្គការ ហ្វ្រ័រផរអន្តរជាតិ និងប្រជាពលរដ្ឋជាង១លាននាក់ នៅជុំវិញពិភពលោក និងដោយឡែកប្រជាពលរដ្ឋជាង២០ម៉ឺននាក់ នៅតំបន់អាស៊ីអាគ្នេយ៍ សូមគោរពស្នើសុំសម្ដេចដើម្បីហាមឃាត់ការជួញដូរសាច់ឆ្កែ ក្នុងបុព្វហេតុគាំពារសុខុមាលភាពសត្វក៏ដូចជាការពារសុខភាពនិងសុវត្ថិភាពប្រជាជនកម្ពុជា ផងដែរ»។
អង្គការដដែលបានរៀបរាប់ថា ជំនួញសាច់ឆ្កែនៅកម្ពុជា បានជាប់ពាក់ព័ន្ធដល់ការសម្លាប់ និងបរិភោគសត្វឆ្កែរហូតដល់ទៅជាង៣លានក្បាលក្នុងមួយឆ្នាំ ហើយត្រូវបានគេយកទៅសម្លាប់យ៉ាងសាហាវឃោរឃៅជាទីបំផុត។

តាមការស្រាវជ្រាវបង្ហាញថា ប្រជាជនកម្ពុជា តិចជាង១២ភាគរយ ទទួលទានសាច់ឆ្កែជាប្រចាំហើយការទទួលទាននេះទៀតសោតជាប្រវត្តិសាស្ត្រមិនមែនជាវប្បធម៌ខ្មែរឡើយ។
លោកស្រីវេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខុមាលភាពសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា«យើងមានមោទនភាពដែលបានឈានដល់ដំណាក់កាលសំខាន់ដំបូង នៃការគាំទ្រជាសាធារណៈពីប្រជាជននៅទូទាំងពិភពលោក ដែលបដិសេធចំពោះការជួញដូរសាច់ឆ្កែ និងឆ្មា និងភាពសាហាវឃោរឃៅរបស់ការជួញដូរមួយនេះ។ យើងបានឃើញចំណុចរបត់អំណោយផលនិងសំខាន់ៗជាច្រើននាឆ្នាំនេះ»។
លោកស្រីបានបន្តថា«ខេត្ដសៀមរាប បានធ្វើជាគំរូខេត្តមួយនៅពេលដែលបានហាមឃាត់ការជួញដូរសាច់ឆ្កែ ប៉ុន្តែយ៉ាងណាក៏ដោយក៏នៅតែមានការងារជាច្រើនដែលខេត្តមួយនេះត្រូវធ្វើ។ រួមជាមួយនិងអ្នកគាំទ្រមួយលាននាក់ យើងសូមជំរុញឱ្យរដ្ឋាភិបាល មានការទទួលខុសត្រូវនិងហាមឃាត់ការជួញដូរសាច់ឆ្កែនិងឆ្មាដើម្បីការពារមនុស្សនិងសត្វ”»។

លោកបណ្ឌិត ការ៉ាន់វី គុគ្រេចា ដែលជាពេទ្យសត្វ និងជាអ្នកគ្រប់គ្រងគម្រោងនៃយុទ្ធនាការការបញ្ចប់ការជួញដូរសត្វឆ្កែ និងឆ្មា បាននិយាយថា តាមរយៈការងារ និងកិច្ចសហប្រតិបត្តិការអប់រំជាមួយអាជ្ញាធរ សហគមន៍មូលដ្ឋាន និង ភាគីពាក់ព័ន្ធផ្នែកទេសចរណ៍ គោលដៅរបស់អង្គការ ហ្វ្រ័រ ផរ គឺចង់ឲ្យរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ ណែនាំ ពង្រឹង និង អនុវត្តច្បាប់ការពារសត្វ ដើម្បីបញ្ចប់ការចាប់យកសម្លាប់និងបរិភោគសាច់ឆ្កែនិងឆ្មា។
លោកបានបន្តថា ការជួញដូរសាច់ឆ្កែ និងឆ្មា មិនត្រឹមតែជាអំពើសាហាវព្រៃផ្សៃប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យដល់ការកើតមានជំងឺឆ្លងពីសត្វមកមនុស្ស ហើយអាចបណ្ដាលឲ្យមានការគំរាមកំហែងសុខភាពសាធារណៈផ្សេងទៀតដូចជាជំងឺឆ្កែឆ្កួតផងដែរ។
គួរបញ្ជាក់ថា ក្រៅពីកម្ពុជា អង្គការ ហ្វ្រ័រ ផរ ដែលជំនួសមុខឲ្យប្រជាជនមួយលាននាក់ នៅទូទាំងពិភពលោករួមទាំងប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍ រាប់សែននាក់ ដែលបានចុះហត្ថលេខាលើញត្តិនេះ ក៏បានផ្ញើលិខិតបើកជំហរទៅកាន់រដ្ឋាភិបាលវៀតណាម និងឥណ្ឌូនេស៊ី ដោយស្នើឲ្យប្រទេសទាំងពីរនេះ បញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មាផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


