ព័ត៌មានអន្ដរជាតិ
ចំណូលពីវិស័យសត្វចិញ្ចឹមថៃកើនឡើងគួរកត់សម្គាល់ ខណៈនាយករដ្ឋមន្រ្តីស្នើឱ្យបន្ថែមការវិនិយោគ
វិស័យសត្វចិញ្ចឹមរបស់ប្រទេសថៃ បានបន្តបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ដោយរកប្រាក់ចំណូលលើសពី ២៥០ ប៊ីលានបាតកាលពីឆ្នាំ ២០២៣ ខណៈលោកនាយករដ្ឋមន្រ្តី សេដ្ឋា ថាវ៉ីស៊ីន បានអំពាវនាវឱ្យមានការវិនិយោគបន្ថែម។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីចុងសប្ដាហ៍។

ទិន្នន័យពីនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា វិស័យអាជីវកម្មសត្វចិញ្ចឹមក្នុងស្រុក បានបង្កើតប្រាក់ចំណូលសរុបចំនួន ២៥៨,៧ ប៊ីលានបាតក្នុងឆ្នាំ ២០២៣ ដោយកើនឡើងប្រមាណ ៥,៧៩ ភាគរយធៀបនឹងឆ្នាំមុន។ និន្នាការកំណើននេះ មានស្ថិរភាពក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ ដោយប្រាក់ចំណេញសុទ្ធបានឈានដល់ ១៤,៩៩ ប៊ីលានបាតក្នុងឆ្នាំ ២០២៣ ដែលស្មើនឹងកំណើន ៩,៧៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណីអាហារ និងរបស់របរលេងសម្រាប់សត្វចិញ្ចឹម បានរួមចំណែកប្រមាណ ១៩៦,៣ ប៊ីលានបាត លើប្រាក់ចំណូលសរុប ដោយកើនឡើងប្រមាណ ៨,៦៤ ភាគរយ ពីឆ្នាំ ២០២២។ ផ្នែកសេវាកម្មថែទាំ រួមទាំងការចិញ្ចឹម និងថែទាំសត្វចិញ្ចឹម ក៏កើនឡើងផងដែរ។
គេមើលឃើញថា ការរីកចម្រើននៃវិស័យចិញ្ចឹមសត្វថៃ កើតឡើងស្របតាមការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ជាពិសេសនិន្នាការចាត់ទុកសត្វចិញ្ចឹមដូចជាសមាជិកគ្រួសារមនុស្ស។ បម្លាស់ប្ដូរនេះ នាំឱ្យមានកំណើននៃការចំណាយលើផលិតផលសត្វចិញ្ចឹមល្អ សេវាសុខភាព និងសូម្បីតែដំណោះស្រាយថែទាំសត្វចិញ្ចឹម ដែលអាចប្រើបានដោយបច្ចេកវិទ្យា។

ឆ្លៀតក្នុងឱកាសនេះ លោក សេដ្ឋា បាននិយាយលើបណ្ដាញសង្គមរបស់លោកកាលពីពេលថ្មីៗនេះថា៖ «ទីផ្សារសត្វចិញ្ចឹម បានកំពុងកើនឡើងជាបន្តបន្ទាប់។ វាជាឱកាសមាសសម្រាប់ពាណិជ្ជករថៃ ដែលពូកែខាងផលិតកម្ម និងសេវាកម្ម ក៏ដូចជាសម្រាប់វិស័យទេសចរណ៍ ក្នុងការពង្រីកខ្លួនលើការផ្ដល់ជូនសេវាកម្មសត្វចិញ្ចឹមដ៏ទូលំទូលាយ»។
នាយករដ្ឋមន្ត្រីដដែល បានសង្កត់ធ្ងន់ថា៖ «ពាណិជ្ជករថៃមិនគួរខកខានឱកាសនេះទេ» ហើយបានគូសបញ្ជាក់ពីសក្តានុពលសម្រាប់កំណើនទាំងទីផ្សារក្នុងស្រុក និងវិស័យទេសចរណ៍។
ដោយសារឧស្សាហកម្មសត្វចិញ្ចឹមរបស់ប្រទេសថៃបន្តរីកចម្រើន វិស័យនេះកំពុងក្លាយជាការរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេស។ The Nation បានស្រង់សម្ដីអ្នកវិភាគវិស័យសត្វចិញ្ចឹមម្នាក់ ដែលបានលើកឡើងថា៖ «យើងមើលឃើញពីកំណើននៃកន្លែងសម្រាប់សត្វចិញ្ចឹមនៅទូទាំងប្រទេសថៃ។ ផ្សារទំនើប ហាងកាហ្វេ និងសូម្បីតែសណ្ឋាគារ កំពុងសម្របខ្លួនទៅនឹងម្ចាស់សត្វចិញ្ចឹម ដែលវាកំពុងបើកឱកាសអាជីវកម្មថ្មីៗ»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


