Connect with us

ព័ត៌មានជាតិ

ផ្លូវប្របមាត់សមុទ្រប្រវែងជាង១២គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ចាក់អ៊ុតកៅស៊ូAC

បានផុស

នៅ

ផ្លូវប្របមាត់សមុទ្រនៃខេត្តកែប ដែលមានប្រវែង១២៧៥០ម៉ែត្រ ត្រូវបានធ្វើពិធីក្រុងពាលីបើកកសរដ្ឋានសាងសង់អ៊ុតកៅស៊ូអេស៊ី(AC)កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ក្រោមអធិបតីលោក វង្ស ពិសិដ្ឋ  អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត​ សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍របស់លោក ម៉ម​ ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង១២គីឡូម៉ែត្រ​ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ​ ផ្លូវនេះតភ្ជាប់ពីចំណុច កំពង់ផែទេសចរណ៍កោះទន្សាយ ក្នុងក្រុងកែប ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១៣៣២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ​ ខេត្តកែប។

លោកប្រធានមន្ទីរ​បញ្ជាក់ទៀតថា ដោយសារស្ថានភាពភូមិសាស្ត្រការស្ថាបនាផ្លូវនេះ ត្រូវបានចែកចេញជា៤ផ្នែក គឺផ្នែកដំបូងចាប់ចំណុចផែកោះទន្សាយ K0+00 ដល់ K1+200ម ប្រវែង១២០០ម៉ែត ទទឹង៩ម៉ែត្រ គន្លងជិះកង់ទទឹង ២ម៉ែត្រផ្នែកខាងស្តាំ​ ,ផ្នែកសំខាន់ចាប់ពី K1+200ម ដល់K9+500ម ប្រវែង៨៣០០ម៉ែត្រ ទទឹង១៥ម៉ែត្រ គន្លងជិះកង់ ២.៥ម៉ែត្រ ផ្នែកខាងស្តាំ ,ផ្នែកទី៣ តភ្ជាប់ពីផ្លូវ លេខ១៣៣២ ពីK9+669ម ដល់ K11+620ម ប្រវែង ១០៩៩ម៉ែត្រ ទទឹង៩ម៉ែត្រ ចញ្ចើមផ្លូវ១.៥ម៉ែត្រសងខាង​ និងផ្នែកទី៤ ចាប់ពី K9+669ម ដល់ K10+00 ទទឹង ១៥ម៉ែត្រ ផ្នែកស្តាំ ២.៥ម៉ែត្រ​ សម្រាប់ជិះកង់ និងផ្នែកឆ្វេង ១.៥ម៉ែត្រសម្រាប់ថ្មើរជើង។ ដោយឡែកសម្រាប់សំណង់សិល្បៈការ្យរួមមាន ធ្វើលូប្រអប់១៣កន្លែប លូមូល ២៦កន្លែង សាងសង់ជញ្ជាំងថ្មទប់ដីប្រវែប១២០០ម៉ែត្រ បំពាក់បង្គោលភ្លើងLED ប្រើពន្លឺព្រះអាទិត្យ លើផ្លូវប្រវែង ៣៥០០ម៉ែត្រ ។

មានប្រសាសន៍ស្វាគមន៍នៅក្នុងឱកាសនោះ លោកបណ្ឌិត​ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានគូសបញ្ចាក់ថា ថ្វីត្បិតយើងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយ តែវាមិនមែនជាឧបសគ្គក្នុងដំណើរការអភិវឌ្ឍឡើយ ដោយសាកត្តាសន្តិភាពពេញបរិបូណ៍ និងគោលនយោបាយដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋភិបាល ខេត្តកែប​ នៅតែបន្តអនុវត្តនូវគម្រោងអភិវឌ្ឍនានា ជាប់ជាប្រចាំ ។ 

លោកអភិបាលខេត្តបន្តថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុង ធ្វើការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត, សម្របសម្រួលការកសាងឆ្នេរកំសាន្តសាធារណៈប្រវែង ២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាង ។ ដោយឡែកសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ ដែលខេត្តកែបទទួលបានមានបីគម្រោង គឺ៖ ទី១-គម្រោងសាងសង់ទីលានកប់សម្រាម ក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធមួយ ផ្លូវបេតុប្រវែង ៣.៥គឺឡូម៉ែត្រ , ទី២- គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ប្រវែងជាង​១២គីឡូម៉ែត្រ, និងទី៣-គម្រោងសាងសង់ ផែទេសចរណ៍នៅកោះទន្សាយ ដែលគ្រោងនិងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ។

លោកអភិបាលខេត្ត ជឿជាក់ថា  ផ្លូវACនេះ និងបានជាប្រយោជន៍ ឆ្លើយតប និងតម្រូវការរបស់ប្រជាពលរដ្ឋ និងជាសសៃឈាមតភ្ជាប់ តំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលនៃឆ្នេរអង្កោល ទាក់ទាញបានភ្ញៀវទេសចរណ៍កាន់តែច្រេីនឡើង ជំរុញសេដ្ឋកិច្ចមូលដ្ឋាន បង្កើនឱកាសការងារ រកប្រាក់ចំណូល ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង​ រួមចំណែកកាត់បន្ថយភាពក្រីក្រ ឆ្លើយតបយុទ្ធសាស្ររបស់រាជរដ្ឋាភិបាល។ 

ក្នុងឱកាសនោះដែរ លោក  វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ បានគូបញ្ជាក់ថា ផ្លូវនេះនិងបានជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ខេត្តកែប ក្នុងការបំពេញសម្បទាទេសចរណ៍ ពិសេសនិងប្រែក្លាយតំបន់ទេសចរណ៍ឆ្នេរអង្កោលនេះឱ្យកាន់តែមានសោភណភាព ងាយស្រួសដល់ការធ្វើដំណើររបស់ភ្ញៀវទសចរណ៍ជាតិ អន្តរជាតិ មកកាន់តំបន់នេះ។ 

លោកអនុរដ្ឋខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យទេសចរណ៍ ដោយចាត់ទុកថាជាឧស្សាហកម្មគ្មានផ្សែង ហើយបានជំរុញឱ្យមានការអភិវឌ្ឍតំបន់ទេសចរណ៍ជាអាទិ៍ បានចំណាជាង៣០០លាន ដុល្លារ ក្នុងការរៀបចំក្រុងព្រះស៊ីហនុ ១៥០លានដុល្លារ រៀបចំក្រុងសៀមរាប ហើយខេត្តកែបក៏កំពុង ធ្វើការកែលំអរតំបន់ទេសចរណ៍ជាច្រើនកន្លែងផងដែរ ដែលនេះគឺជាចក្ខុវិស័យច្បាស់លាស់ ក្នុងការត្រៀមទទួលភ្ញៀវទេសចរណ៍ទូទាំងពិភពលោក បន្ទាប់ពីជំងឺកូវីដ-១៩​ ត្រូវបានគ្រប់គ្រង។

លោកអនុរដ្ឋលេខាធិការ​ បញ្ជាក់ថា ផ្លូវប្របមាត់សមុទ្រ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ នេះ គ្រោងចំណាយថវិការសរុប ១០លាន ៥០០ពាន់ដុល្លារអាមេរិក សាងសង់រយៈពេល២២ខែ ដែលគ្រោងនិងបញ្ចប់នៅ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម