Connect with us

ព័ត៌មានជាតិ

ស្វែង​យល់​ឲ្យ​ច្បាស់​ពី​ភាព​ខុស​គ្នា​រវាង​របាំ​បុរាណ របាំ​ប្រជាប្រិយ​ និង​របាំ​ប្រពៃណី

បានផុស

នៅ

របាំ​នៅ​ប្រទេស​កម្ពុជា​ចែក​ចេញ​ជា ៣ សំខាន់ ពោល​មាន​របាំ​បុរាណ របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ

របាំ​​ទាំង​នេះ​ឃើញ​មាន​ការ​សម្តែង​ ដោយ​ខ្លះ​សម្តែង​ជាញឹកញាប់ និង​ខ្លះ​ទៀត​សម្តែង​បាន​តែ​ក្នុង​កម្មវិធី​ពិសេស​ឬ​រដូវ​បុណ្យ​ទាន​តែ​ប៉ុណ្ណោះ។

ដើម្បី​ផ្តល់​ជា​ចំណេះដឹង​បន្ថែម​ កម្ពុជា​ថ្មី​នឹង​បង្ហាញ​ពី​ទម្រង់​របាំ​ខ្មែរ​ទាំង ៣ ខាង​លើ​នេះបើ​យោង​តាម​ឯកសារ​បញ្ជី​សារពើ​ភណ្ឌ​បញ្ជី​មរតក​វប្បធម៌​អរូបី​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។

របាំ​បុរាណ (របាំ​ក្បាច់​បុរាណ ឬ​របាំ​ព្រះរាជទ្រព្យ)

“របាំបុរាណ” មាន​ឈ្មោះ​ហៅផ្សេងៗ​ទៀត​តាម​ទម្លាប់​មនុស្ស ឬទៅតាមការ​ផ្លាស់ប្តូរ​នយោបាយ​ស្រុក​ទេស​ ជួនកាល​គេ​ហៅ​​ថា របាំ​ព្រះរាជទ្រព្យ ឬ​ល្ខោន​ព្រះរាជទ្រព្យ ឬ​ល្ខោន​ហ្លួង។ ម្ល៉ោះ​ហើយ​បាន​ជា​គេនិយាយ​ជាភាសា​បារាំង​ថា Ballet Royal ដ្បិត​មណ្ឌល​ធំជាងគេ​បង្អស់​របស់​សិល្បៈ​នេះ គឺ​ព្រះបរម​រាជវាំង​តែ​ម្តង បើ​ទោះបី​ជា​សមាជិក​ព្រះរាជវង្ស​ធំៗខ្លះ ឬ​ក៏​មន្ត្រី​ខ្លះ​មាន​ក្រុម​របាំ​ប្រចាំ​ខ្លួន នៅ​តាម​ដំណាក់​ឬ​ផ្ទះ​ផ្សេងៗ ក៏​គេ​នៅតែ​ហៅ​ថា “ល្ខោនហ្វូង” ដដែល។

ប៉ុន្តែ​នៅ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ១៩៧០ បន្តិចមក ដោយសារ​ការ​ប្រកាស​ប្រទេស​កម្ពុជា​ជា “សាធារណរដ្ឋ” ពាក្យ​ជា​ផ្លូវការ​ថា “របាំ​ឬ​ល្ខោន​ព្រះរាជទ្រព្យ, ល្ខោនហ្លួង, Ballet Roual” លែង​ប្រើ​ទៀត​ហើយ ពោល​គឺ​គេ​ឲ្យ​ហៅថា “របាំ​បុរាណ” ឬ​ហៅ​​ជា​ភាសា​បារាំង​ថា Ballet classique ជំនួស​វិញ។ ដូច្នេះ​ពុំ​ប្លែក​អ្វីទេ ដែល​សព្វថ្ងៃ​យើង​ឮ​ពាក្យ​ទាំង​អម្បាល​ម៉ាន​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាំ​បុរាណ​ជា​សិល្បៈ​ដ៏​ចំណាស់​បំផុត​មួយ ដ្បិត​មាន​ភស្តុតាង​ដែល​រៀបរាប់​ពី “អ្នករាំ​និង​អ្នកច្រៀង” ក្នុង​សិលា​ចារឹក​អង្គរបុរី​ខេត្តតាកែវ ដែល​មាន​លេខ​សម្គាល់ K. ៦០០ ចារ​ក្នុងគ.ស.៦១១។ នេះ​គ្រាន់​តែ​ជា​តឹកតាង​តាម​រយៈ​អក្សរ​ប៉ុណ្ណោះ។ តែ​បើ​គិត​ពី​ការកកើត​របាំ​វិញ​ច្បាស់​ជា​មាន​មុននេះ​ទៅទៀត។ បើ​ពិនិត្យ​លើ​ចម្លាក់​នៅតាម​ប្រាសាទ​បុរាណ​នានា អាច​ឲ្យ​យើង​ស្មាន​បាន​ថា ប្រហែលជារបៀប​របប​ហាត់រៀន ព្រម​ទាំង​ក្បាច់​រាំ​ក៏​មិន​ផ្លាស់​ប្តូរ​ប៉ុន្មាន​ដែរ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

ពី​មុន​មករបាំ​បុរាណ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះបរមរាជវាំង។ ប៉ុន្តែ​មក​ដល់​ឆ្នាំ១៩៧០ ដោយសារ​ហេតុផល​ផ្លាស់​ប្តូរ​របត់​នយោបាយ របាំ​បុរាណ​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​ការគ្រប់គ្រង​របស់​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ ហើយ​ស្ថានភាព​នេះ​ក៏​ត​រហូត​មក​ដល់​សព្វថ្ងៃ។ នៅសម័យ “សាធារណរដ្ឋ​ខ្មែរ” (១៩៧០-៧៥) អ្នក​របាំ​នៅតែ​ទៅ​ហាត់រាំ​នៅក្នុងវាំង​ពេលព្រឹក ហើយ​ពេល​ល្ងាច​ទើប​ទៅ​សិក្សា​ចំណេះ​ទូទៅ​នៅ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ។

នៅ​មុន​ទ.វ.១៩៤០ អ្នក​របាំ​រស់​នៅ​តែ​ក្នុង​ព្រះរាជវាំង​ប៉ុណ្ណោះ​ដោយ​ត្រូវ​ហាត់​រៀន​រាល់ថ្ងៃ ហើយ​សម្តែង​សម្រាប់​តែ​ពិធី​អ្វី​ដែល​ទាក់ទង​នឹង​ព្រះមហាក្សត្រ។ លុះ​ព្រះបាទ​នរោត្តម​សីហនុ​ឡើង​គ្រង​រាជ្យ ព្រះអង្គ​រាជានុញ្ញាត​ឲ្យ​អ្នក​របាំ​រស់​នៅ​ក្រៅ​ព្រះរាជវាំង​បាន​ដែរ តែ​ការ​ហាត់​រៀន​ស្ថិត​នៅ​ក្នុង​វាំង​ដដែល។ មិន​តែប៉ុណ្ណោះ​ ព្រះអង្គ​បើក​ឱកាស​ឲ្យក្មេង​ទូទៅ​ដែល​មាននិស្ស័យ​ខាងរបាំ បាន​ចូល​ហាត់​រៀន​នៅក្នុង​ព្រះបរម​រាជវាំង​នៅរៀងរាល់​ថ្ងៃ​ព្រហស្បតិ៍ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​សិស្ស​សាលា​​ឈប់​សម្រាក។

ពីដើម​របាំបុរាណ​សម្តែង​ដោយ​មនុស្ស​ស្រី​ទាំងអស់ ហើយ​សូម្បី​តែ​តួ​ត្លុក​និង​ឥសី​ក៏រាំ​ដោយ​មនុស្ស​ស្រី​ដែរ។ តួអង្គ​សំខាន់ មាន​បួន​គឺ​តួ​នាយរោង (តួប្រុស), តួ​នាង (តួស្រី), យក្សនិង​ស្វា។ ប៉ុន្តែ​ក្រោយ​មក ព្រះមហាក្សត្រិយានី​កុសមៈ នារីរ័ត្ន បាន​ត្រាស់​បង្គាប់​ហៅ​អ្នក​របាំ​ប្រុស ក្នុង​ក្រុម​ល្ខោន​ខោល​នៅ​វត្ត​ស្វាយ​អណ្តែត (ខេត្តកណ្តាល) ឲ្យ​រាំ​ជា​តួស្វា។ ហេតុនេះ ទើប​មាន​មនុស្ស​ប្រុស​រាំ​ជា​តួស្វា​រហូត​មក​ទល់​សព្វថ្ងៃ។

ការ​រើស​ក្មេងស្រី​ឲ្យ​ចូលរៀន​តាមឯកទេស​នីមួយៗ ត្រូវ​ពិនិត្យ​លើ​កាយ​សម្បទា និង​ទម្រង់​មុខ​របស់​ក្មេង​នោះ។ ក្មេងស្រី​ដែល​មាន​មុខ​មូល​រាង​ទាប​ហើយ​មាន​សាច់​បន្តិច ត្រូវ​ជ្រើសរើស​ឲ្យ​រាំ​តួ​នាង។ ក្មេង​ស្រី​មាន​រាង​ខ្ពស់​ហើយ​ស្គម និង​មាន​ទម្រង់​មុខ​ពងក្រពើ ត្រូវ​ហាត់​ជា​តួ​នាយរោង។ ចំណែក​ក្មេង​ស្រី​ដែល​មាន​មាឌធំ​ហើយ​មិនសូវ​ស្អាត ត្រូវ​ជ្រើសរើស​ឲ្យរាំ​តួយក្ស។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏​ដោយ​នៅពេល​ក្មេង​ធំ​ពេញ​រូបរាង សភាព​រាងកាយ​ក៏​អាច​ផ្លាស់ប្តូរ ម្ល៉ោះ​ហើយគេ​អាច​នឹង​ប្តូរ​ឯកទេស​ដែរ។

ពេល​ចូល​ហាត់​រៀន​ដំបូង សិស្ស​ត្រូវ​ថ្វាយ​បាយ​ស្រី ៣ ប៉ាក់​ឆាម​មួយ​គូ​ទៅ​គ្រូ (ជួនកាល​មាន​ទាំង​ចេក​និង​មាន់​ស្ងោរ​ផង) ហើយ​គ្រូ​ក៏​អុជ​ធូប​បួងសួង​ដល់​គ្រូ​ល្ខោន (គ្រូ​ដើម​ដែល​ជា​អ​មនុស្ស) ឲ្យ​ទទួល​សិស្ស​នេះ ព្រម​ទាំង​ជួយ​ប្រសិទ្ធពរ​ឲ្យ​សិស្ស​នេះ​រៀន​ឆាប់​ចេះ​ចាំ។

ប្រមាណ​ជា​កន្លះ​ខែ​ដំបូង សិស្ស​ត្រូវ​ហាត់ពត់​ដៃ​ពត់ជើង ដែល​ជា​លំហាត់ ប្រាណ​សម្រាប់​ធ្វើ​ឲ្យ​រាងកាយ​ទន់ភ្លន់ ពិសេស​ម្រាមដៃ​និង​ចង្កេះ។ បន្ទាប់​មក​ទើប​ចាប់ផ្ដើម​ហាត់​ក្បាច់​បាត (ឬ​ឆា​បញ្ចុះ) ដែល​ជា​ក្បាច់​មូលដ្ឋាន​នៃ​របាំ​បុរាណ។

ពេល​ចេះ​ក្បាច់​បាត​ស្ទាត់ ទើប​សិស្ស​អាច​ចាប់ផ្តើម​ហាត់​របាំ ព្រោះ​ក្បាច់​នៅ​ក្នុង​របាំ​សុទ្ធ​ក្តី របាំ​រឿង​ក្តី សុទ្ធ​តែ​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្បាច់​បាត​នេះ ហើយ​បើទោះ ជា​អ្នក​របាំ​រាំ​បាន​ស្ទាត់​ជំនាញ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​បន្ត​ពត់​ជើង​ពត់​ដៃ និង​ហាត់​ក្បាច់​បាត​នេះ​ជា​ប្រចាំ ដើម្បី​ឲ្យ​រាងកាយ​ទន់ រស់រវើក និង​រឹងមាំ។ មិន​តែប៉ុណ្ណោះ គេ​នៅ​តែ​តាម​កែ​និង​កាច់​ក្បាច់​អ្នក​របាំ​ជាប់​ជានិច្ច។ ក្បាច់​បាត​ខ្លី​មាន រយៈពេល​១៥​នាទី រី​ឯ​ក្បាច់​បាត​វែង​មាន​រយៈពេល ៥០ នាទី។

ជា​ទូទៅសំលៀកបំពាក់ និង​គ្រឿង​អលង្ការ​សម្រាប់​រាំ​របាំ​បុរាណ មិន​ខុស​ពី​ព្រះ​ពស្ត្រ និង​គ្រឿង​អលង្ការ​ព្រះមហាក្សត្រ​ទ្រង់​គ្រឿង​ពេញ​យស​នោះ​ទេ។ ចំណែក​តួយក្ស និង​តួ​ស្វា​ដែល​ជា​ស្តេច ឬ​មេទ័ព មាន​ពាក់​មុខ ហើយ​មុខនោះ​មាន​លក្ខណៈ​ពិសេស​សម្រាប់​សម្គាល់​តួអង្គ​នីមួយៗ​ផង។

សំលៀកបំពាក់​របាំ​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ដើម្បី​ដេរ​ប៉ាក់។ រី​ឯ​ការ​តុបតែង​មុខ​និង​ស្លៀកពាក់​ត្រូវ ចំណាយ​ពេល​យ៉ាង​តិច​ក៏ ៣ ទៅ ៤ ម៉ោង​ដែរ ព្រោះ​ទាំង​សំលៀកបំពាក់ ទាំង​គ្រឿង​អលង្ការ​ត្រូវ​ដេរ​ភ្ជាប់​ដើម្បី​កុំ​ឲ្យ​ជ្រុះ ឲ្យ​មាន​ផ្នត់​ត្រឹមត្រូវ និង​រឹប​រាង​ល្អ ហើយ​ពុំ​អាច​ស្លៀកពាក់​ដោយ​ខ្លួនឯង​បាន​ទេ គឺ​ត្រូវតែ​មាន​អ្នកជួយ។

របាំបុរាណ​នេះ ប្រសិន​បើ​សម្តែង​តែ​របាំ​សុទ្ធ ពុំ​មាន​រឿង​ទេ គេ​ហៅ​ថា “របាំ”។ ឧទាហរណ៍ របាំ​ជូនពរ, របាំ​ផ្កា​មាស-ផ្កា​ប្រាក់, របាំ​ទេពប្រណម្យ​ជាដើម។ ប៉ុន្តែ ប្រសិន​បើ​គេ​ដកស្រង់​យក​រឿង​មករាំ​នោះ​គេ​ហៅថា” ល្ខោន” ឬ “របាំ​រឿង”។ ឧទាហរណ៍ ល្ខោន​រឿង​ព្រះវេស្សន្តរជាដើម។ រឿង​ដែល​គេ​និយម​សម្តែង​នោះ​មាន​ដូចជា៖ រឿង​រាមកេរ្តិ៍, រឿង​ក្នុង​ជាតក, រឿង​ព្រេង​និទាន​ផ្សេងៗ​ទៀត។

ភ្លេង​សម្រាប់​របាំ​បុរាណ គឺ​ភ្លេង​ពិណពាទ្យ។ របាំបុរាណ​ប្រើ​កាយវិការ​ជំនួស សម្ពី ម៉្លោះ​ហើយ​ទស្សនិកជន​ដែល​ពុំ​ធ្លាប់​ហាត់​រៀន​របាំ​នេះ ឬ​ពុំ​ធ្លាប់​អាន​រឿង​ដែល​លើក​មក​សម្ដែង​នេះ គឺ​ត្រូវការ​ជំនួយ​ពី​អ្នក​ចម្រៀង ដើម្បី​យល់​បាន​ពី​កាយវិការ​និង​អត្ថន័យ។ ដូច្នេះ អ្នក​ចម្រៀង​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ក្រុម​របាំ​បុរាណ​ដែរ។

របាំ​ឬ​ល្ខោន​ព្រះរាជទ្រព្យ បាន​ចុះ​ក្នុង​បញ្ជី​មរតកវប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃ​ទី ៧ ខែ វិច្ឆិកា ឆ្នាំ២០០៣។

អត្ថបទ​ក្រោយ ​កម្ពុជា​ថ្មី​នឹង​លើក​យក​របាំ​ប្រពៃណី​យក​មក​ចុះផ្សាយ​ដើម្បី​ឲ្យ​ប្រិយមិត្ត​ស្វែង​យល់​បន្ថែម​ទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម