Connect with us

ព័ត៌មានជាតិ

បន្ត​ស្វែង​យល់​របាំ​ប្រពៃណី មាន​ចំណុច​ខុសគ្នា​យ៉ាងណា​ខ្លះ?

បានផុស

នៅ

កាលពីម្សិលមិញ​នេះកម្ពុជាថ្មី​បាន​លើកបង្ហាញ​​ពី​របាំ​បុរាណ ដែល​ជាសិល្បៈ​ដ៏​ចំណាស់​បំផុត​មួយ​របស់​ជនជាតិខ្មែរ។ ថ្ងៃនេះក្រុម​ការងារ​នឹង​បន្ត​លើកពី​​របាំ​ប្រពៃណី ដើម្បី​សិក្សា​បន្ត​ទៀត។

ឯកសារ​បញ្ជី​សារពើ​ភណ្ឌ​មរតក​វប្បធម៌​អរូបី​កម្ពុជា​ដែល​បោះពុម្ភ​ផ្សាយ​នៅ​ឆ្នាំ​២០១៧ បាន​បញ្ជាក់​ថា របាំប្រពៃណី​គឺ​សំដៅ​លើ​របាំ​ប្រពៃណី​របស់​អ្នក​ស្រុក​នៅ​តាម​តំបន់ ឬ​ជនជាតិ​សម្រាប់​លេង​ក្នុង​ពិធី​ជំនឿ​សាសនា និង​ការ​កម្សាន្ត​សប្បាយ ហើយ​ត្រូវ​ផ្ទេរ​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ទៀត។ ​របាំ​ប្រពៃណី​ផ្តិតភ្ជាប់ទៅនឹងពីធីប្រពៃណី ឬ ពីធីតំណត្រកូលតាមរបៀបបែប​បទ​នៃជីវិតរស់នៅ​របស់អ្នកស្រុកអ្នកភូមិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សៀវភៅ​ទស្សនីយភាព​ខ្មែរ ដែល​ចងក្រង​ដោយ​គណៈ​កម្មការ​ស្រាវជ្រាវ​សិល្បៈ​វប្បធម៌​បោះពុម្ព​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០០៣ បាន​ពន្យល់​ពី​របាំ​ប្រពៃណី​គឺ​សម្គាល់​របាំ​ទាំងឡាយ​ដែល​ស្ថិត​ជាប់​ពិធី​ប្រពៃណី ឬ​ពិធី​តំណ​ត្រកូល​ដ៏យូរ​លង់​មក​ហើយ​របស់​ជនជាតិខ្មែរ ឬ ជនជាតិ​ដទៃទៀត​ទាំងអស់​ដែល​រស់​នៅ​លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​មាន​ការ​និយម​ដូចគ្នា​ក្តី ឬ ការ​និយម​ខុស​គ្នា​ក្តី​នៅ​តំបន់​ភ្នំ ខ្ពង់រាប តំបន់​វាលទំនាប ទន្លេ​មេគង្គ​និង​តំបន់​មាត់​សមុទ្រ។ ដូចជា​របាំ​កាប់​ក្របី​ផឹក​ស្រា​របស់​បងប្អូន​ជនជាតិ​ខ្មែរ​ព្នង​ ខ្មែរ​គ្រឹង ខ្មែរ​ទំពូង ដែល​ជឿ​លើ​ជំនឿ​អារក្ស​អ្នកតា ក្នុង​ពេល​ដែល​អ្នក​ភូមិ ជួប​​គ្រោះ​អាសន្ន ដើម្បី​បំបាត់ឧបទ្រពចង្រៃ សុំសេចក្តីសុខសប្បាយ ដល់ស្រុកភូមិ ហើយ​ពេល​ខ្លះ​គេ​រាំ​សុំទឹក​ភ្លៀងផងដែរ។ របាំ​ស្នែងទន្សោង របាំ​សែន​ព្លយ និង​របាំ​ក្ងោក​ ពោធិសាត់​របស់​បងប្អូន​ជនជាតិខ្មែរ​ព័រនៅតំបន់ភ្នំក្រវាញ ដែលគេតែងតែ​រាំថ្វាយ​អ្នកតាម្ចាស់ព្រៃភ្នំ សុំ​ឱ្យ​បាន​សុខ​សប្បាយ​ក្នុង​ពេល​ទៅ​ប្រកប​របរ​ផ្សេងៗ។

របាំ​អារក្ខ​របស់​បងប្អូន​ខ្មែរ​ឥស្លាម​នៅ​ខេត្ត​កំពង់ឆ្នាំង​ សម្រាប់​​រាំក្នុង​ពិធី​លៀង​អារក្ខ​លា​បំណន់ ក្រោយ​ពី​បន់​ស្រន់​ឱ្យ​អ្នកជំងឺ ដែល​គេជឿថា ឈឺ​ដោយសារ​បាន​ប្រព្រឹត្ត​ខុសឆ្គង​ចំពោះ​ពូជពង្ស​វង្សត្រកូល​បាន​សះស្បើយ ហើយ​ចាត់ទុក​ពិធីនោះជា​ការ​​លា​មាត់​លា​ក​សុំខមាទោស ចំពោះ​កំហុស​ឆ្គង​ដែលបាន​ប្រព្រឹត្ត​រួច​មក​ហើយ​ចំពោះដូនតានោះផង។

ក្រៅពីនេះនៅមានរបាំប្រពៃណីជាច្រើនទៀត ដែល​រ៉ាយប៉ាយពាសពេញផ្ទៃប្រទេស (កម្ពុជាថ្មី​នឹង​ផ្សាយ​បន្ត​បន្ទាប់)។

បច្ចុប្បន្ន របាំ​ប្រពៃណី​​ចែក​ជា​បី​ប្រភេទ។ ប្រភេទទី១ គឺជា​របាំ​ប្រពៃណីដែល​កកើត​នៅ​ក្នុង​ភូមិ​ឬ​សហគមន៍​ហើយ​សម្តែង​ដោយ​​អ្នកស្រុក​នៅ​ទីនោះ​ផ្ទាល់​ឧទាហរណ៍​របាំត្រុដិ។ ប្រភេទទី២ គឺ​របាំ​ដែល​ចម្លង​ចេញ​ឬ​ដំឡើង​ថ្មី​ដោយ​ផ្អែកលើ​របាំ​ប្រពៃណី​របស់​អ្នកស្រុក ហើយ​សម្តែង​ដោយ​សិល្បករ​ក្រៅ​សហគមន៍​ឧទាហរណ៍​របាំ​កណ្ដូប​សេះ។ ប្រភេទទី៣ គឺ​របាំ​ដែល​បង្កើត​ថ្មី​ទាំងស្រុង​ដោយដកស្រង់​ចេញ​ពី​ប្រពៃណី និង​ជីវភាព​រស់នៅ​របស់​អ្នកស្រុក ឧទាហរណ៍​របាំ​នេសាទ។

បច្ចុប្បន្ន​របាំ​ប្រភេទ​ទី១ មាន​សេសសល់​ដោយ​កម្រ​នៅ​ក្នុង​សហគមន៍។ ចំណែក​របាំ​ប្រភេទ​ទី២ និង​ទី៣ កើត​ឡើង​យ៉ាង​ផុលផុស ដោយ​ហេតុផល​សំខាន់​ពីរ​យ៉ាង ពោល​គឺ​ដោយសារ​សិស្ស​សាលា​របាំ​ប្រពៃណី​ត្រូវ​បង្កើត​ស្នាដៃ​ថ្មី​របស់​ខ្លួន​ដើម្បី​ប្រឡង​ចេញ​និង​ហេតុផល​សំខាន់​មួយទៀត ដោយ​សារ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ នីមួយៗ​ត្រូវ​ដំឡើង​ឬ​បង្កើត​របាំ​ថ្មី សម្រាប់​ចូលរួម​ប្រឡង​ក្នុង​មហោស្រព​សិល្បៈ​ដើម្បី​អបអរ​ទិវា​វប្បធម៌​ជាតិ​ជា​រៀងរាល់​ឆ្នាំ។ ភ្លេង​សម្រាប់​លេង​កំដរ​របាំ​ប្រពៃណី​ភាគច្រើន គឺស្គរ​និង​ឧបករណ៍​ភ្លេងនៅ​ក្នុង​វង់ភ្លេង​មហោរី និង​ពិណពាទ្យ។

តាម​ការស្រាវជ្រាវ​ច្រើន​លើសលប់​នៃរបាំ​ប្រពៃណី​នៅ​ប្រទេស​កម្ពុជា គឺ​សុទ្ធ​តែ​ទាក់ទង​ទៅ​នឹង​ជំនឿ អារក្ខ​អ្នកតា​ដែល​ជា​ជំនឿ​របស់​ខ្មែរ​ដើម។ ប៉ុន្តែ​ក៏​មាន​របាំ​ខ្លះ​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​ផង​ដែរ ដូចជា​របាំ​ក្ងោកប៉ៃលិន​ឬ​របាំ​ត្រុដិ​ជាដើម។

យ៉ាងណា​មិញ ក៏​មាន​របាំ​ខ្លះ​មានលក្ខណៈ​ដូចគ្នាទាំងនៅកម្ពុជា និង​នៅប្រទេសដទៃទៀតស្ថិតនៅក្នុងតំបន់ជាមួយគ្នា ដូចជា របាំ​គោះ​ត្រឡោក របាំ​គោះ​អង្រែ ទើបអ្នកស្រាវជ្រាវទាំងឡាយយល់ថា របាំប្រពៃណីទាំងនេះជាមរតកវប្បធម៌ រួមគ្នា​របស់​ជនជាតិ​ទាំងឡាយ​ដែល​ស្ថិត​ក្នុង​អំបូរ​អូស្ត្រូអាស៊ី (វប្បធម៌​អាស៊ី​ភាគ​ខាងត្បូង) ដែល​បានយោន​យក​កំណើត ច្រើន​ពាន់​ឆ្នាំ​មក​ហើយ​នៅ​អាស៊ីភាគ​ខាងត្បូង ពិសេស​នៅ​តាម​ជួរ​ភ្នំនានា ឬតាមកោះ​នានា​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ។

ចំពោះ​ការ​សិក្សា​ស្រាវជ្រាវ​របាំប្រពៃណី​នៅប្រទេសកម្ពុជាវិញ ទើបតែ​បាន​ចាប់ផ្តើម​ធ្វើឡើង នៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៦០ ប៉ុណ្ណោះ ក្រោម​ព្រះ​តំរិះ និង​ព្រះរាជកិច្ច​ឧបត្ថម្ភរបស់​ព្រះមហាក្សត្រីយានី កុសុម​នារីរតន៍ សិរីវឌ្ឍនា ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​ថែរក្សា​ការពារ និង​លើក​តម្កើង​វប្បធម៌ អត្តសញ្ញាណ​ជាតិ​ឱ្យ​ខ្ពស់​ត្រដែត​ឡើង៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម