Connect with us

ព័ត៌មានជាតិ

របាំប្រជាប្រិយ ពេញនិយម​ទាំង​ចាស់​ទាំងក្មេង​តាំង​ពី​ស្រុកចម្ការ​រហូត​ដល់​ក្រុង

បានផុស

នៅ

ក្នុងទស្សនៈខ្មែរជំនាន់មុន “ របាំប្រជាប្រិយ” គឺសំដៅលើរបាំទាំងឡាយដែល នៅ​ជាប់​ជាមួយ​នឹង​ប្រជាជន ហើយ​លេង​កម្សាន្ត​ដោយ​អ្នកស្រុក។ ឧទាហរណ៍ ដូចជា​របាំត្រុដិ, របាំស្នែងទន្សោង, របាំ​គោះ​អង្រែ​ជាដើម។ ប៉ុន្តែ​នៅពេល​មាន​របាំថ្មី​ចូល​មក គេ​ក៏​ត្រឡប់​ទៅ​ហៅ​របាំ​ទាំង​អម្បាល​មាណ​ដែល​រៀបរាប់​មកនេះ ជា “របាំ​ប្រពៃណី” ហើយ​ហៅ​របាំ​ថ្មី​ដែល​ទើប​ចូល​មក​ថា “របាំ​ប្រជាប្រិយ វិញ។ ម្ល៉ោះ​ហើយ​សព្វថ្ងៃ (ច្រើន​តែក្នុង​ចំណោម​អ្នក​សិក្សា) ដែល​ហៅថា​របាំ​ប្រជាប្រិយ​នោះ គឺ​សំដៅ​តែ​ទៅលើ​របាំ​រាំវង់, រាំក្បាច់, សា​រ៉ាវ៉ាន់, ឡាំ​លាវ, តា​លុង, ប្រឹន និង​ចូក​កំពឹស​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាំ​ទាំងអស់​នេះ​សព្វថ្ងៃ មាន​ការ​ពេញនិយម​បំផុត​ក្នុង​ចំណោម​ប្រជាជន​ទាំង​ចាស់​ក្មេង​ស្រី​ប្រុស​រាប់​តាំង​ពី​រាស្រ្ត​ដល់​ព្រះមហាក្សត្រ និង​តាំង​ពី​ស្រុកស្រែ​រហូត​ដល់​ក្រុង ដ្បិត​ជា​របាំ​ដែល​ងាយ​ចេះចាំ មិន​រើស​សម្លៀក​បំពាក់ ទីកន្លែង និង​ពេលវេលា។ របាំ​ប្រជាប្រិយ​គេ​ច្រើនរាំ លេង​ក្នុង​ពិធី​សប្បាយ​ផ្សេងៗ​ដូចជា៖ ពិធី​រៀប​មង្គលការ, ពិធី​ជប់លៀង, ពិធី​ជួបជុំ​ញាតិមិត្ត​ជិត​ឆ្ងាយ ជាពិសេស​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ។ ពីមុន​ភ្លេង​សម្រាប់​រាំ​របាំប្រជាប្រិយ ជាពិសេស​របាំ​រាំវង់ គឺ​មាន​តែ​ស្គរ១ និង​ត្រឡោក​មួយ​គូរ (ដោយ​មាន​ចោះ​រន្ធ​ដាក់​គ្រាប់​ត្រួស​តូចៗ​ខាង​ក្នុង​សម្រាប់​ក្រឡុក​បន្លឺ​ជា​ចង្វាក់) ប៉ុណ្ណោះ។ ប៉ុន្តែ​សព្វថ្ងៃ ភ្លេង​សម្រាប់​កំដរ​របាំប្រជាប្រិយ គឺជាប្រភេទ​ភ្លេង​សម័យ​របស់​បស្ចិម​ប្រទេស ឬ​ប្រើ​ម៉ាស៊ីន​និង​ឧបករណ៍​បំពង​​សំឡេង មាន​ម៉ាញ៉េ, ម៉ាស៊ីន​ចាក់ថាស និង​ធុងបាស​ជាដើម​។

កន្លងទៅ​ក៏មាន​ការ​ប្រទាំងប្រទើសគ្នា​លើ​របាំប្រជាប្រិយ​មួយ​ចំនួន ពាក់ព័ន្ធ​​ប្រភព​កកើត​ដំបូង។​ ក្រៅពី​រាំ​វង់ រាំក្បាច់ ដែល​ជា​របាំ​មូលដ្ឋាន​របស់​ជនជាតិខ្មែរ មាន​ចំរៀងនិង​របាំ​ប្រឺន និង​កន្រ្ទឹម​ដែល​មាន​ប្រជាប្រិយភាព​ដ៏ធំធេង​នៅតំបន់​ចំនៀរ​ភ្នំ​ដងរែក ​នៅ​មាន​របាំ “ឡាំលាវ” និង “សារ៉ាវ៉ាន់​ថែម​ទៀត ដែល​មាន​ប្រជាប្រិយភាព​ធំធេង ហើយ​មាន​ការ​និយម​រាំ​ឆ្លូត​គ្នា​ជាមួយ​រាំ​វង់ និងរាំក្បាច់​ជានិច្ច។

ចំពោះ​របាំ​ឡាំលាវ ដែល​មាន​ចង្វាក់​ញាប់​រន្ថើន និងរបាំ​ក្បាច់​សារ៉ាវាន់នេះ ជនជាតិខ្មែរ​មួយ​ចំនួនច្រឡំថា​ជា​របាំប្រជាប្រិយ​ខ្មែរ។ បើ​យោង​តាម​ឯកសារ​ទស្សនីយភាព​ខ្មែរ​ដែល​ចង​ក្រង​ដោយ​គណៈកម្មការ​ស្រាវជ្រាវ​សិល្បៈ​វប្បធម៌​បោះ​ពុម្ភ​នៅ​ឆ្នាំ​២០០៣ បាន​បញ្ជាក់​ថា របាំ​ឡាំឡាវ និង​សារ៉ាវ៉ាន់មានប្រភព​មកពីប្រទេស​ឡាវ។ របាំ​ឡាំឡាវ និង​សារ៉ាវ៉ាន់​​ពិត​ជា​ឥទ្ធិពល​​របស់​សិល្បៈ​លាវ ដែល​បាន​ហូរ​ចូល​មក​ប្រទេស​កម្ពុជា ហើយ​ដែល​ត្រូវ​បាន​ជនជាតិខ្មែរ​​និយម​រាប់អានយ៉ាងក្រៃលែង។ ដូច្នេះ​ខ្មែរ​រាំ​ឡាំ​លាវមាន​ន័យ​ថា​ខ្មែរ​រាំ​បែបលាវ ឬ​ចំឡង​របៀប​រាំ​តាម​ជនជាតិ​លាវ ថ្វី​ត្បិត​តែ​មិន​ចម្លង​ឲ្យ​ដូច​គ្នា​បេះបិទឬ​ក៏​ដូច​លាវ​បេះបិទ​ក្តី។ ឯ​សារ៉ាវាន់វិញ​គឺជា​ឈ្មោះ​ខេត្ត​មួយ​ជាប់​នឹង​ខេត្ត​អាត់​តៈពើ ហើយ​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្ត​ស្ទឹងត្រែង​របស់ប្រទេសកម្ពុជា។ ក្បាច់​សារ៉ាវ៉ាន់​នេះ​ក៏​ជា​ភស្តុតាង​បញ្ជាក់​ថា មានប្រភព​មក​ពី​ខេត្ត​សារ៉ាវ៉ាន់​​នេះ​ឯង៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម