Connect with us

ព័ត៌មានជាតិ

មន្រ្តីរដ្ឋបាលជលផលខេត្តកោះកុង បង្រ្កាបការនេសាទខុសច្បាប់គ្រប់ទម្រង់ទាំងអស់ ឲ្យតែល្មើស

បានផុស

នៅ

នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានអះអាងថា មន្រ្តីរបស់ខ្លួនប្រតិបត្តិការបង្រ្កាប និងទប់ស្កាត់ការនេសាទខុសច្បាប់ លើផ្ទៃទឹកគ្រប់ទម្រង់មិនរើសអើងថា អ្នកនេសាទតូចតាច ឬអាជីវកម្មខ្នាតមធ្យមធំនោះទេ ពោលគឺឲ្យតែល្មើសច្បាប់។

បទល្មើសនេសាទ នៅតែកើតមានពី ១ឆ្នាំទៅ ១ឆ្នាំ តែសម្រាប់ឆ្នាំ ២០២១កន្លងទៅ ហាក់ថយចុះបន្តិច គ្រាប្រជានេសាទ មានយល់ដឹងច្រើនពីការអភិរក្សជលផល ព្រមទាំងចុះបើកប្រតិបត្តិការបង្រ្កាបគ្រប់វេលា ទោះថ្ងៃ ឬយប់ជ្រៅ។ នេះជាការលើកឡើងរបស់លោក សេង ប៊ុណ្ណា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង។

លោក សេង ប៊ុណ្ណា បានឲ្យដឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២ទៀតថា បទល្មើសនេសាទភាគច្រើន ជាការធ្វើអាជីវកម្មខ្នាតមធ្យម និងធំមកពីមជ្ឈដ្ឋានខាងក្រៅស្ទឹងហាវ ខេត្តព្រះសីហនុ បានលួចចូលនេសាទក្នុងដែនតំបន់ហាមឃាត់ ក្នុងភូមិសាស្រ្តឃុំថ្មស ស្រុកបូទុមសាគរ បង្កឲ្យធនធានជលផលថយចុះ ខណៈតំបន់ជាទឹករាក់ អាចនេសាទតែទូកតូចជាលក្ខណៈគ្រួសារប៉ុណ្ណោះ។

លោកនាយរងខណ្ឌរដ្ឋបាលជលផលខេត្ត ស្រាយបំភ្លឺផងដែរថា រាល់សកម្មភាពចុះបង្រ្កាបបទល្មើស គឺអនុវត្តជាទូទៅតែម្តងពុំរើសអើងថា នរណានេសាទតូចតាច ឬធំនោះទេ ពោលគឺឲ្យរកឃើញបទល្មើសច្បាប់ តាមរយៈការប្រើប្រាស់ឧបករណ៍ហាមឃាត់ នឹងអនុវត្តវិធានការជាធរមាន។ តែទោះយ៉ាងណាលោក ក៏ទទួលស្គាល់ដែរចំពោះការបង្រ្កាបអ្នកនេសាទខ្នាតមធ្យម និងធំមិនសូវបាន ដោយសារខ្វះធនធានមនុស្ស សម្ភារៈ និងមានអ្នកលួចរាយការណ៍រាល់ពេលប្រតិបត្តិការចុះបង្រ្កាបជាដើម។

ទាក់ទងនឹងបញ្ហាកង្វះសម្ភារៈបច្ចេកទេស និងធនធានមនុស្ស មន្រ្តីជំនាញ ក៏បានស្នើសុំទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការដៃគូអភិវឌ្ឍន៍ជួយដោះស្រាយរួចរាល់ហើយ។ ចំពោះបណ្តាញអ្នកលួចផ្តល់ព័ត៌មានប្រតិបត្តិការបង្រ្កាប ក៏កំពុងតាមដានស្រាវជ្រាវផងដែរ។

យោងតាមរបាយការណ៍ របស់រដ្ឋបាលជលផលខេត្តកោះកុង បង្ហាញថា ឆ្នាំ ២០២១កន្លងទៅ បានបង្រ្កាប និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ចំនួន ១៣៩លើក ដោយដកហូត និងបំផ្លាញចោល ឧបករណ៍ខុសច្បាប់រួមមាន៖ លបកន្ទុយកណ្តុរចំនួនជិត ៩០០ខ្សែ ប្រវែងជិត ៧ពាន់ម៉ែត្រ ឈ្នាងអូសកូនគ្រែងឈាមចំនួន ៦១ឈ្នាង របាំងសាច់អួនក្រឡាញឹកជិត ៦០ម៉ែត្រ រុះរើបង្គោលស៊ុមគ្រែងឈាមចំនួន ១.៩០០ដើម ដងឆកអាំងវើតទ័រ និងរថយន្តដឹកផលិតផលជលផល គ្មានលិខិតអនុញ្ញាត។

ដោយឡែកទិន្នផលនសាទចំនួន ៤៩.៧៩០តោន ត្រូវបានប្រជានេសាទ និងឈ្នួញធ្វើអាជីវកម្ម ប្រមូលទិន្នផលតម្រូវ ការជូនអតិថិជន ក្នុងនោះមានទិន្នផលនេសាទទឹកសាបចំនួន ៤៥៥តោន និងទឹកប្រៃ៤៩.៣៣៥តោន។

បើតាមលោក សេង ប៊ុណ្ណា នាយរងខណ្ឌរដ្ឋបាលជលផល បានអះអាងថា រាល់ទិន្នផលនេសាទប្រមូលបាន គឺនាំចេញ ទៅលក់នៅលើទីផ្សារនៅរាជធានីភ្នំពេញ តាមបណ្តាខេត្ត និងដឹកជញ្ចូនឆ្លងដែនទៅប្រទេសថៃ វៀតណាម។ ចំពោះតួលេខទិន្នផលនេសាទប្រមូលបាន បើធៀបនឹងឆ្នាំ ២០២០ ថយចុះ ៣.៥១១តោន គ្រាជួបវិបត្តិខ្លាំងព្រោះតែការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្រៅតែពីនេះ ការកែច្នៃផលិតផលនេសាទដោយអនុវត្តបាន ១.៩១៥តោន ទឹកត្រីចំនួន ៤.៣000លីត្រ និងការចិញ្ចឹមត្រី ក្តាម ខ្យង បា ន១.៥៨០តោន៕

អត្តបទ៖ សិរី វឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម