Connect with us

ព័ត៌មានជាតិ

អ្នកទេសចរ និង ពលរដ្ឋឃុំជីផាត លែងពិបាកធ្វើដំណើរ ក្រោយទទួលបានផ្លូវកៅស៊ូថ្មីប្រវែង ១៦ គីឡូម៉ែត្រ

បានផុស

នៅ

ទាំងអ្នកទេសចរ និង ប្រជាពលរដ្ឋឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង លែងពិបាកក្នុងការធ្វើដំណើរទៅមកដូចពេលមុនៗ ហើយ បន្ទាប់ពីទទួលបានផ្លូវកៅស៊ូថ្មីប្រវែង ១៦ គីឡូម៉ែត្រ ជំនួសឲ្យផ្លូវក្រួសក្រហមចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីបំផុតទៅ ផ្លូវក្រួសក្រហមដែលធ្លាប់ពិបាកធ្វើដំណើរទៅមករដូវប្រាំង រដូវវស្សា បានប្រែក្លាយជាផ្លូវកៅស៊ូយ៉ាងថ្មីសន្លាងមានទទឹង ៦ ម៉ែត្រ និង ប្រវែង ១៦ គីឡូម៉ែត្រ ក្រោមគម្រោងនិរន្តរភាពតំបន់ទេសភាព និង ទេសចរណ៍ធម្មជាតិកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងទេសចរណ៍ សហការគ្នា។

អ្នកស្រី អ៊ី គឹមជី និង លោក ប៉ន រិទ្ធី ជាពលរដ្ឋរស់នៅក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង បានលើកឡើងកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ ថ្មីៗ នេះថា ពួកគាត់ពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបាននោះទេ ពេលទទួលបានផ្លូវកៅស៊ូថ្មីនេះឡើងដែលផ្តើមពីកែងផ្លូវជាតិលេខ ៤៨ ស្រុកបូទូមសាគរ រហូតដល់កំពង់ចម្លងជីផាត។

ពលរដ្ឋដដែល បន្ថែមថា កន្លងទៅ កំណាត់ផ្លូវខាងលើជាប្រភេទផ្លូវក្រួសក្រហមលំបាកធ្វើដំណើរពេលខែប្រាំង និង វស្សា ថែមទាំងពិបាកដឹកជញ្ចូនទិន្នផលកសិកម្មទៅកាន់ទីផ្សារទៀតផង រីឯ អ្នកទេសចរ ក៏ចំណាយពេលវេលាយូរមកកម្សាន្តតំបន់អេកូទេសចរណ៍ធម្មជាតិជីផាតដែរ ខណៈមានសក្តានុពលខ្ពស់ នៃវិស័យទេសចរណ៍គ្រប់ភ្ញៀវទេសចរទាំងអស់។

ទន្ទឹមនោះការទទួលបានផ្លូវកៅស៊ូថ្មីស្អាតល្អហើយ ពលរដ្ឋ នៅតែស្នើសុំឲ្យមានការជួយកសាងស្ពានប្រវែង ១៦២ ម៉ែត្រ ឆ្លងកាត់ព្រែកជីផាត បន្ថែមទៀត គ្រាជាបំណងប្រាថ្នាយូរឆ្នាំមកហើយរបស់ពួកគាត់ ព្រោះថា សព្វថ្ងៃ មិនថាពលរដ្ឋ ឬ អ្នកទេសចរ ត្រូវចំណាយពេលវេលាថវិកាច្រើនគួរសម ដើម្បីធ្វើដំណើរឆ្លងទៅមក។ អ្វីដែលសំខាន់គឺពេលមានជំងឺឈឺយប់ព្រលប់អ្វី ពិបាកឆ្លងទៅរកសេវាពិនិត្យព្យាបាលសុខភាព។

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានឲ្យដឹងថា ផ្លូវកៅស៊ូប្រវែងជាង ១៦ គីឡូម៉ែត្រ ប្រភេទ DBST ផ្តើមចេញពីកែផ្លូវជាតិលេខ ៤៨ ឆ្ពោះទៅកាន់តំបន់អេកូទេសចរណ៍ធម្មជាតិជីផាត ស្រុកថ្មបាំង ខេត្តកោះកុង សម្រេចការស្ថាបនាបានស្ទើរតែ ១០០ ភាគរយហើយ។ ១០ ភាគរយទៀត នៅសេសសល់តែការដំឡើងស្លាកសញ្ញា និង គំនូសសញ្ញាចរាចរណ៍ប៉ុណ្ណោះ។

លោក អៀង ដារ៉ាវុធ អះអាងដែរថា ផ្លូវកៅស៊ូ ១ ខ្សែនេះ នឹងសម្រួលការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពរបស់ប្រជាសហគមន៍រស់នៅក្នុងឃុំជីផាត និង លើកកម្ពស់វិស័យទេសចរណ៍កាន់តែល្អប្រសើរ ខណៈតំបន់នេះជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយនៅកម្ពុជា។

ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ផ្លូវទាំង ២ ខ្សែ ប្រវែងសរុប ៣២ ម៉ែត្រ ដែលមានតម្លៃប្រមាណជាង ៥ លានដុល្លាអាមេរិក នឹង ផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១.៣៩៣ គ្រួសារ ស្មើនឹង ៦.១៤៥ នាក់ រស់នៅក្នុងឃុំចំនួន ៤ គឺ ឃុំកណ្តោល ឃុំជីផាត ឃុំឬស្សីជ្រុំ និង ឃុំជំនាប់ នៃស្រុកថ្មបាំង ខេត្តកោះកុង។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៦ ធ្លាប់និយាយថា ក្រសួង កំពុងសិក្សាលម្អិតផ្នែកបច្ចេកទេសជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ កសាងស្ពានប្រវែង ១៦២ ម៉ែត្រ និង ទទឹង ១០ ម៉ែត្រ ឆ្លងកាត់តភ្ជាប់រវាងភូមិទឹកល្អក់ និង ភូមិជីផាត ថា ធ្វើជាស្ពានបាឡេ ឬ ស្ពានបេតុង ដើម្បីឆ្លើយតបនឹងការស្នើសុំរបស់សហគមន៍ ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម