Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងខេមរភូមិន្ទ នឹងចាត់វិធានការចំពោះអ្នកសង់សំណង់រំលោភចំណីផ្លូវ

បានផុស

នៅ

អាជ្ញាធរក្រុងខេមរភូមិន្ទ និង មន្រ្តីជំនាញបច្ចេកទេស នឹងចាត់វិធានការចំពោះម្ចាស់ផ្ទះណាសង់សំណង់រំលោភលើចំណីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិ ដោយមិនអនុញ្ញាតទៀតទេ ក្រោយមានការយោគយល់អស់ពេលជាច្រើនឆ្នាំកន្លងទៅ គ្រាធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង និង សន្តិសុខសណ្តាប់ធ្នាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ ប្រាប់ឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ នេះថា អាជ្ញាធរពាក់ព័ន្ធរបស់លោក មានការផ្សព្វផ្សាយអប់រំណែនាំជាច្រើនដងមកហើយចំពោះសកម្មភាពរំលោភបំពានលើចំណីផ្លូវសាធារណនៅក្នុងទីក្រុងដែលបង្កភាពស្មុគស្មាញជាបន្តបន្ទាប់ ប៉ុន្តែពេលនេះ នឹងចាត់វិធានការ ដោយគ្មានការលើកលែងទៀតទេ។

លោកអភិបាលរងក្រុងខេមរភូមិន្ទ បន្តថា ក្រុមការងារ និង អាជ្ញាធរមូលដ្ឋាន បានជូនដំណឹងដល់ប្រជាពលរដ្ឋរុះរើដោយស្ម័គ្រចិត្តអំពីការចូលរួមសហការរៀបចំសណ្តាប់ធ្នាប់តាមខ្សែផ្លូវមួយចំនួន ដែលនឹងត្រូវកែលម្អឲ្យល្អប្រសើរ។ ជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួន បានសហការចូលរួមរុះរើសំណង់របស់ខ្លួន និង មួយចំនួនទៀត ពុំព្រមសហការ ដែលតម្រូវមានវិធានការផ្ទាល់តែម្តង។ ទន្ទឹមនោះ លោក ឈឹម ចិន ស្នើដល់ពលរដ្ឋដទៃទៀត សូមមេត្តាកុំលួចសាងសង់សំណង់គ្មានច្បាប់លើចិញ្ចើមផ្លូវសាធារណៈ ប្រឡាយព្រែក អូរ និង ឆ្នេរសមុទ្រ ដែលជាទង្វើខុសច្បាប់។

សម្រាប់លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការវិនិយោគរដ្ឋបាលខេត្តកោះកុង ថ្លែងថា ឆ្នាំ ២០២៦ នេះ អាជ្ញាធរខេត្ត នឹងរៀបចំអ៊ុតកៅស៊ូ AC ចំនួន ៣ ខ្សែ ធំៗ ក្នុងក្រុងខេមរភូមិន្ទ ដើម្បីបង្កលក្ខណៈងាយស្រួយកធ្វើដំណើរចរាចរណ៍របស់ប្រជាពលរដ្ឋ និង អ្នកទេសចរ ពិសេសលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យកាន់តែទាក់ទាញបន្ថែម។

លោក អ៊ូច ពន្លក បន្តថា ខ្សែផ្លូវទី ១ ដែលនឹងអ៊ុតកៅស៊ូ AC ផ្តើមពីចំណុចខាងជើងជាប់ផ្ទះសំណាក់កាំងកាំង ឆ្ពោះមកច្រមុះជ្រូកកែងខាងជើងផ្សារដងទង់ រហូតដល់ច្រមុះជ្រូកមុខផ្ទះសំណាក់ ប៊ុនណ្ណារាជ និង ខាងលិចផ្សារផ្លូវលេខ ៩១០៨ ចាប់ពីកែងខាងលិចផ្សារ រហូតដល់មុខហាងលក់មាស អាដារ ១។ ខ្សែផ្លូវទី ២ ផ្លូវលេខ ៩៣៧ ផ្តើមពីចំណុចខាងជើងជាប់របងមន្ទីរសង្គមកិច្ច រហូតដល់ផ្លូវកៅស៊ូជាប់មន្ទីរធម្មការ។ និង ខ្សែផ្លូវទី ៣ នៅលើផ្លូវលេខ ៩០៦ ពីចំណុចខាងលិចទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រហូតដល់ផ្លូវបំបែកជាបួនចូលទៅរមណីយដ្ឋានឆ្នេរសន្តិភាព។

ដោយែឡក លោក រដ្ឋា និង អ្នកស្រី គឹម ឆេង ជាពលរដ្ឋរស់នៅតាមដងផ្លូវក្នុងក្រុងខេមរភូមិន្ទ បានគាំទ្រចំពោះចំណាត់ការកែលម្អសោភ័ណភាពផ្លូវសាធារណៈឲ្យល្អប្រសើរឡើង ដោយជំនួសមកវិញនូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅមក ខណៈស្ថានភាពផ្លូវបច្ចុប្បន្នចាស់ទ្រុឌទ្រោមបន្តិចទៅហើយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម