Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ប្រកាសប្រើវិធានការច្បាប់តឹងរ៉ឹងលើម្ចាស់ទីតាំងណាដែល​ជួលឲ្យជនបរទេសគ្មានឯកសារ ពិសេសពាក់ព័ន្ធ online scam

បានផុស

នៅ

លោកស្រី ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកោះកុង នៅព្រឹកថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានប្រកាសដាច់ណាត់នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ​និងដោយមិនលើកលែងចំពោះម្ចាស់ផ្ទះ ឬម្ចាស់អគារជួល ក៏ដូចជាមន្ត្រីពាក់ព័ន្ធគ្រប់ដំដាប់ថ្នាក់ទាំងអស់ដែលជួលឲ្យជនបរទេសស្នាក់នៅដោយគ្មានឯកសារ ជាពិសេសពាក់ព័ន្ធនឹងបទល្មើស online scam។ លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ពាក់ព័ន្ធបទល្មើស online scam នេះ លោកស្រីបានសន្យា និងប្តេជ្ញាដាច់ខាតចំពោះមុខសម្តេចនាយករដ្ឋមន្ត្រីរួចហើយ ក្នុងការចូលរួមបោសសំអាត online scam ឲ្យអស់ពីខេត្តកោះកុង ដើម្បីលើកកម្ពស់មុខមាត់កិត្តិយសខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឈី វ៉ា បញ្ជាក់ថា ករណីម្ចាស់ជួលផ្ទះ ឬទីតាំងឲ្យជនបរទេសស្នាក់នៅ ដោយពួកគាត់មិនមានឯកសារត្រឹមត្រូវ នឹងត្រូវផាកពិន័យចំនួន ៤លានរៀល សម្រាប់ជនបរទេសម្នាក់ និងបន្ថែមទោសព្រហ្មទណ្ឌផ្សេងទៀតតាមការកំណត់ក្នុងច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ជាពិសេសក្នុងករណីរកឃើញថា មានពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស online scam នោះ ម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌបន្ថែមទៀត។ ក្នុងន័យនេះ លោកស្រីអភិបាលខេត្តកោះកុង ក៏បានណែនាំឲ្យអ្នកដែលមានអគារ ឬទីតាំងជួលទាំងអស់ កុំគិតពីប្រយោជន៍តិចតួចផ្ទាល់ខ្លួន ហើយបំផ្លាញកិត្តិយសខេត្ត និងប្រទេសជាតិ។ គណ:បញ្ជាការឯកភាពខេត្ត នឹងចុះប្រតិបត្តិការគ្រប់ទីតាំងទាំងអស់ ដោយគ្មានការលើកលែងជាដាច់ខាត។

ជាមួយនឹងការវិធានការតឹងរ៉ឹងនេះ លោកស្រីអភិបាលខេត្ត ក៏ប្រកាសឲ្យប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមឈប់អន្តរាគមន៍ លាក់បាំង និងរិះរកវិធីបន្លំភ្នែកសមត្ថកិច្ច ហើយត្រូវសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច និងអាជ្ញាធរដើម្បីរួមគ្នាបោសសម្អាតផ្ទះយើងឲ្យយបានស្អាត ហើយរង់ចាំទទួលភ្ញៀវល្អៗមកទស្សនាកំសាន្ត និងមកធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា សម្ដេចបានប្រកាសយ៉ាងដាច់ណាត់ថា បើនរណាជាប់ពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឬមិនអនុវត្តច្បាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា មិនត្រូវលើកលែងឡើយ ទោះជាកូនថ្នាក់ដឹកនាំដែលធ្លាប់តស៊ូ ជាមន្រ្តីដែលបូជាជីវិតចំពោះគណបក្ស ឬជាមន្រ្តីដែលបម្រើជាតិយូរឆ្នាំក៏ដោយ។

សម្ដេចប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា៖ «គ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួច នៅពេលដែលអ្នកឯងមិនព្រមធ្វើ ឬក៏ចូលពាក់ព័ន្ធ(បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) កុំថាខ្ញុំជាកូនមេដឹកនាំដែលបានតស៊ូច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបូជាជីវិតសម្រាប់គណបក្សអស់រយៈពេលច្រើនឆ្នាំ កុំនិយាយថាខ្ញុំបានបម្រើជាតិអស់រយៈពេលប៉ុន្មានឆ្នាំ​ អត់ទេ ឯងយកស្រោមរបស់មន្រ្តីរដ្ឋ យកទៅប្រព្រឹត្តបទល្មើស ឬយកស្រោមមន្រ្តីរដ្ឋ ទៅកាន់នៅទីកន្លែងមួយដែលអ្នកឯងមិនព្រមចេញបញ្ជា ឬចេញធ្វើសកម្មភាព»៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម