ព័ត៌មានជាតិ
គម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ សម្រេចបាន ១០ទៅ ១៥ភាគរយហើយ
គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង គឺផ្តើមសម្រេចបានប្រមាណ ១០ទៅ ១៥ភាគរយហើយ ដោយគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ិច ស៊ីយុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង។

លោក ប៉ិច ស៊ីយុន ប្រាប់នៅរសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២នេះថា ដំណើរចុះត្រួតពិនិត្យការស្ថាបនាគម្រោង វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានអនុភាព ១៥០មេហ្គាវ៉ាត់ ជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ១៦ សីហាកន្លងមកនេះ ឃើញថា គម្រោងផ្តើមអនុវត្តជាបណ្តើរៗហើយ នូវការឈូសឆាយ និងចាក់ផ្លូវបេតុងសម្រាប់ផ្លូវចូលឆ្ពោះទៅកាន់ទីតាំងគម្រោង។

បើតាមលោក លោក ប៉ិច ស៊ីយុន គម្រោងផ្គត់ផ្គង់ថាមពលនៅកម្ពុជាដ៏មានសារៈសំខាន់មួយនេះ ជាបឋមអាចសម្រេចបានពី ១០ទៅ ១៥ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៦ខាងមុខ ដែលអាចបម្រើដល់ការចែកចាយបញ្ចូនថាមពល ក្នុងក្របខណ្ឌទូទាំងប្រទសកម្ពុជា បំពេញតាមតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនានា។
វារីអគ្គិសនីស្ទឹងតាតៃលើ ជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង ២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់ ២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក ២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។

ប្រភពទឹកដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនីនៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ទួណែលបង្ហូរទឹកក្រោមដី។
គម្រោងនេះដែរ នឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោងវិនិយោគ សាងសង់-ដំណើរការ-ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគសរុបចំនួន ៣៨៩,៤១៤, ០០៤ ដុល្លារអាម៉េរិក។ គម្រោងនេះផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះ ៤ឆ្នាំសម្រាប់ការសាងសង់ និង ៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាន នៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឲ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២ សេនអាម៉េរិក ក្នុង ១គីឡូវ៉ាត់ម៉ោង៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


