Connect with us

ព័ត៌មានជាតិ

ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ីកោតសរសើរលោក ថោង ខុនលើការរៀបចំ​មហាសន្និបាត​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីជោគជ័យ

បានផុស

នៅ

កាល​ពី​ថ្ងៃ​ទី ​១១ ខែ​តុលា ឆ្នាំ២០២២ ម្សិល​មិញ​នេះ លោក Raja Randhir Singh ប្រធាន​ស្តីទី​ក្រុម​ប្រឹក្សា​ អូឡាំពិក​អាស៊ី​ (OCA) បាន​ផ្ញើ​លិខិត​ថ្លែង​អំណរ​គុណ​​ដល់​លោក​ ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​ក្នុង​ការ​ដឹក​នាំ​ ​រៀប​ចំ​មហា​សន្និបាត​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី លើកទី៤១ ប្រកប​ដោយ​ភាព​ជោគជ័យ ព្រម​ទាំង​​ការ​ចង​ចាំ​​ដ៏​ល្អ​ សម្រាប់​ប្រតិភូ​អាស៊ី និង​ថ្នាក់​ដឹកនាំ​ចលនា​អូឡាំពិក​អន្តរជាតិ កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លិខិត​របស់​ប្រធាន​ OCA ជូន​ដល់​លោក​រដ្ឋមន្ត្រី​នោះ​បាន​គូស​បញ្ជាក់​ថា «សូម​ទទួល​យក​ការ​គោរព​ដ៏​ជ្រាលជ្រៅ​ល្អ​បំផុត​ពី​ខ្ញុំ​ ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ឯក​ឧត្តម រួម​ទាំង​មិត្ត​រួម​ការងារ​ក្នុង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​រៀប​ចំ​កម្ម​វិធី​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ីនៅ​រាជធានី​ភ្នំពេញទទួល​បាន​ជោគជ័យ»។

លិខិត​របស់​ប្រធាន​ OCAបញ្ជាក់ថា «ដោយ​មហាសន្និបាត​អូឡាំពិក​អាស៊ី បាន​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​មួយ ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ការ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​ល្អ​ឥត​ខ្ចោះ​ជូន​ដល់​ប្រតិភូ​កីឡា​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ខ្ញុំ​សូម​ជូនពរ​ឲ្យ​ឯកឧត្តម ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ និង​សម្រេច​បាន​លទ្ធផល​ល្អ បូករួម​ទាំង​ស្នា​ដៃ​ធំៗ​បន្ថែម​ទៀត ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម នៅ​កម្ពុជា​នា​ពេល​ខាង​មុខ»។

មហាសន្និបាត OCA លើកទី៤១ នៅកម្ពុជាបានរៀបចំឡើងកាលពីថ្ងៃទី០១-០៥ ខែតុលា ​ដែលថ្ងៃនោះ​លោក ​ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក៏​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់​បំផុត «ខ្សែកមាស» ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) ចំពោះ​ការ​លះបង់ និង​ការ​ខិត​ខំ​ប្រឹងប្រែង ក្នុង​ការ​ជំរុញ​ចលនាអូឡាំពិកកម្ពុជា ក៏​ដូចជា​ចលនា​អូឡាំពិកអន្ដរជាតិផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម