ព័ត៌មានជាតិ
រដ្ឋាភិបាលផ្ទេរថវិកាទៅថ្នាក់ក្រោមជាតិជាង៣ពាន់លានដុល្លារកើនឡើងជិត១០ដងឆ្នាំ ២០២២
នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានផ្ទេរថវិកាពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក មានកំណើនជិត ១០ដង បើធៀបទៅនឹងឆ្នាំ២០១៨កន្លងទៅ ដែលមានត្រឹមជាង ៤០០លានដុល្លារអាមេរិកប៉ុណ្ណោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ឱ្យដឹងថា ការផ្ទេរថវិកាពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនជិត១០ដង គឺពី៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ៣.៦៧៦លានដុល្លារ ក្នុងឆ្នាំ២០២២នេះ។

លោកបានបន្តថា ក្នុងរយៈពេល ៥ឆ្នាំនេះក្រសួងមហាផ្ទៃបានធ្វើការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិបាលកិច្ចល្អ ដែលជាស្នូលយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកំណែទម្រង់នេះមានមុខងារជិត៦០មុខងារ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារ ផ្តល់សេវាប្រមាណជាង ៨០០ប្រភេទ ត្រូវបានធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។
លោកបានបន្តទៀតថា ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានយកចិត្តទុកដាក់ជាសំខាន់ទៅលើអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោត លើសកម្មភាពអាទិភាព រួមមាន៖ ១.ការពង្រឹងការគ្រប់គ្រងការងារកំណែទម្រង់ ២.ការពង្រឹង និងការកែសម្រួល រចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣.ការលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៤.ការជំរុញការផ្ទេរមុខងារក្នុងវិស័យ អាទិភាពនានាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដោយភ្ជាប់ជាមួយនឹងធនធានហិរញ្ញវត្ថុ និងធនធានមនុស្សដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និង ៥.ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ។
ក្រៅពីនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានទទួលថវិកាដែលភ្ជាប់ជាមួយការផ្ទេរមុខងារ និងថវិកាអន្តរាគមន៍ជាច្រើនទៀត ពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ននានា ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានផងដែរ។ ក្នុងក្របខ័ណ្ឌនៃការអនុវត្តមុខងារជាអាណត្តិទូទៅ និងមុខងារជាជម្រើសរបស់ខ្លួន រដ្ឋបាលថ្នាក់ក្រោមជាតិ (រាជធានី-ខេត្ត ក្រុង និងឃុំ សង្កាត់) បានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវា សង្គមប្រមាណជាង ២.០០០គម្រោង ក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ដែល ជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


