ព័ត៌មានជាតិ
ទំហំបរធនបាលកិច្ចបង្កើត និងចុះបញ្ជីស្របច្បាប់ រំពឹងកើនខ្ពស់ជាង ១ពាន់លានដុល្លារ ត្រឹមចុងឆ្នាំនេះ
លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានលើកឡើងថា ចំនួនបរធនបាលកិច្ច ដែលបានចុះបញ្ជីកើនឡើងដល់ ៥១២ករណី ក្នុងនោះចំនួនទំហំបរធនបាល ដែលស្ថិតនៅក្នុងប្រតិបត្តិការនេះ កើនឡើងដល់ ៧៤៥លានដុល្លារអាមេរិក នេះបើគិតទាំងទំហំដើមដែលបានចុះបញ្ជី។

លោក បានគូសបញ្ជាក់ទៀតថា ជាមួយនឹងការធ្វើបច្ចុប្បន្នភាពបរធនបាលកិច្ច តាមស្ថានភាពទីផ្សារជាក់ស្តែង គឺអាចកើនឡើងដល់ ៩៤០ដុល្លារ នៅដើមឆ្នាំ ២០២៣នេះ។ ជាគោលដៅ លោក សុខ ដារ៉ា រំពឹងថា នៅចុងឆ្នាំនេះ នឹងកើនលើស ១ពាន់លានដុល្លារ ពោលគឺខ្ពស់ជាង ៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ លោក សុខ ដារ៉ា លើកឡើងបែបនេះ ក្រោយបិទបញ្ចប់សិក្ខាសាលាស្តីពី «យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្លឹះ» នាថ្ងៃទី ០៤ មេសា។
បើតាមអគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានកត់សម្គាល់ថា វិស័យនេះ បាននិងកំពុងចូលរួមអភិវឌ្ឍដំណើរការសេដ្ឋកិច្ចកម្ពុជា លើបីចំណុចសំខាន់ៗ ទី១ បង្កើត និងបង្កើន ក៏ដូចជាទាក់ទាញទំនុកចិត្តពីអ្នកវិនិយោគ ពិសេសវិនិយោគិនបរទេស, ទី២ យន្តការរបស់បរធនបាលកិច្ច ជាយន្តការតាមដានត្រួតពិនិត្យអនុលោមភាពតាមច្បាប់ ក៏ដូចជាបញ្ចៀសហានិភ័យប្រតិបត្តិការលំហូរមូលធនពីវិស័យពាក់ព័ន្ធនានា, និងទី៣ យន្តការនេះ មានភាពទន់ភ្លន់ បទបែន និងមានប្រសិទ្ធភាពអនុវត្ត ដែលអាចអនុញ្ញាតឱ្យវិនិយោគិនបរទេសមានការជ្រើសរើសប្រកបដោយទំនុកចិត្ត។
លោក សុខ ដារ៉ា មានសុទិដ្ឋិនិយមថា វិស័យបរធនបាលកិច្ច មានអត្រាកំណើនខ្ពស់ និងបានកើនឡើងក្នុងរយៈពេលដ៏ខ្លី។ លោក លើកឡើងថា កត្តាដែលជួយឱ្យវិស័យបរធនបាលកិច្ចរីកចម្រើនលឿនក្នុងរយៈពេលដ៏ខ្លី រួមមាន កត្តាស្ថានភាពកម្ពុជាទាំងមូល មានសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងទំនុកចិត្តពីបរទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ ការចូលរួមរបស់ភាគីពាក់ព័ន្ធ វិស័យឯកជន និងអ្នកសារព័ត៌មាន ក៏បានរួមចំណែកផ្សព្វផ្សាយអំពីកិច្ចដំណើរការរបស់បរធនបាលកិច្ចក្នុងគ្រប់ដំណាក់កាល ដល់សាធារណជន វិនិយោគិន និងទៅដល់អ្នកពាក់ព័ន្ធ។ លើសពីនេះទៀត វិស័យបរធនបាលកិច្ច មានគុណប្រយោជន៍ និងតួនាទីគន្លឹះ ដែលឆ្លើយតបនឹងសេចក្តីត្រូវការ និងនិន្នាការចង់បានរបស់ទីផ្សារ ពិសេសវិនិយោគិន ដែលសម្លឹងឃើញថា បរធនបាលកិច្ចនេះ ផ្តល់បន្ថែមពីយន្តការដែលមានស្រាប់ នៃការវិនិយោគចេញពីទ្រព្យសម្បត្តិរបស់ពួកគេ។
មូលហេតុនេះ ដែលជំរុញឱ្យមានកំណើនកាន់តែខ្ពស់នៃយន្តការបរធនបាលកិច្ច ក្នុងការវិនិយោគវិស័យសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ជាពិសេសលើវិស័យអចលទ្រព្យ វិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្សេងទៀត។
សូមបញ្ជាក់ថា បរធនបាលកិច្ច គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ បរធនបាលកិច្ចនេះ ជាវិស័យមួយដែលជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់ទាញនូវមូលនិធិសង្គមនានា និងលំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


