ព័ត៌មានជាតិ
តើសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានបង្កើតឡើងតាំងពីពេលណា?
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលសាធារណៈជនស្គាល់ជាទូទៅថា «សាលាក្រហម» គឺជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅកម្ពុជាដែលបណ្ដុះបណ្ដាលលើវិស័យសុខាភិបាល។
គិតមកដល់ឆ្នាំ២០២៣ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលមានអាយុកាល៧៧ឆ្នាំហើយ ខណៈដែលគ្រឹះស្ថានឧត្តមសិក្សាមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៦។

បើតាមគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានឲ្យដឹងថា ដំបូងឡើយសាកលវិទ្យាល័យនេះមានឈ្មោះថា «សាលាមន្ត្រីសុខាភិបាល» ដែលផ្ដើមបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្រ្តទំនើប។ ប៉ុន្តែក្នុងឆ្នាំ១៩៥៣ គ្រឹះស្ថាននេះបានប្តូរឈ្មោះទៅជាមហាវិទ្យាល័យភូមិន្ទវិជ្ជាពេទ្យ ខណៈឆ្នាំ១៩៥៩ មហាវិទ្យាល័យនេះក៏ត្រូវបានបង្កើតឡើងបន្ថែមទៀតនូវផ្នែកចំនួនពីរ គឺផ្នែកមន្រ្តីសុខាភិបាល ផ្នែកឱសថសាស្រ្ត។
លុះរហូតដល់ឆ្នាំ១៩៦២ មហាវិទ្យាល័យភូមិន្ទវិជ្ជាពេទ្យ បានប្រែក្លាយទៅជាមហាវិទ្យាល័យវេជ្ជសាស្រ្ត វេជ្ជប្រតិព័ទ្ធ និង មហាវិទ្យាល័យឱសថសាស្ត្រ។ បន្ទាប់មកក្នុងឆ្នាំ១៩៧១ មហាវិទ្យាល័យវេជ្ជសាស្រ្ត និងវេជ្ជប្រតិព័ទ្ធ បានរៀបចំឡើងវិញ ដោយបន្ថែមផ្នែកថ្មីមួយទៀត គឺផ្នែកទន្តសាស្ត្រ ហើយដាក់ឈ្មោះថា «មហាវិទ្យាល័យវេជ្ជសាស្រ្ត និងវិទ្យាស្ថានទន្តវទន សាស្រ្ត»។
ប៉ុន្តែជាអកុសល ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ កម្ពុជាបានធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) មហាវិទ្យាល័យវេជ្ជសាស្រ្ត និងវិទ្យាស្ថានទន្តវទនសាស្រ្ត ក៏ត្រូវបានបិទទ្វារ និងបោះបង់ចោលទាំងស្រុង។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា តាមរយៈសេចក្តីសម្រេចរបស់ខ្លួនចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៨០ បានរៀបចំបង្កើតឲ្យមានគ្រឹះស្ថានបណ្ដុះបណ្ដាលផ្នែកសុខាភិបាលនេះឡើងវិញ ដោយដាក់ឈ្មោះថា «មហាវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត និងទន្តសាស្ត្រ»។ ក្នុងឆ្នាំ១៩៩៧ មហាវិទ្យាល័យនេះបានច្របាច់បញ្ចូលគ្នាជាមួយសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងបង្កើតឲ្យមានសាកលវិទ្យាល័យថ្មីមួយ គឺសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសព្វថ្ងៃនេះ។
ឆ្លងកាត់ជាច្រើនដំណាក់កាល រាជរដ្ឋាភិបាលក៏បានសម្រេចឲ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាំងពីឆ្នាំ២០០១។
បច្ចុប្បន្ននេះ សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន៣ គឺ៖ មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យ ឱសថសាស្រ្ត និងមហាវិទ្យាល័យទន្តវទនសាស្រ្ត រួមទាំងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងផ្នែកសុខភាពសាធារណៈ ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


