ព័ត៌មានជាតិ
លោក ព្រាប កុល ថា លោកចូលរួមជាមួយរដ្ឋាភិបាល គឺដោយសារឃើញឆន្ទៈបម្រើជាតិរបស់សម្ដេចតេជោ
លោក ព្រាប កុល អតីតនាយកប្រតិបត្តិអង្គការតម្លាភាព កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានថ្លែងអះអាងថា ការសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល នៅពេលនេះ គឺដោយហេតុថា លោកបានមើលឃើញពីឆន្ទៈយ៉ាងមុះមុតរបស់រាជរដ្ឋាភិបាល ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។

ថ្លែងប្រាប់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មាន លោក ព្រាប កុល បានឲ្យដឹងថា លោកធ្លាប់បានបំពេញមុខងារនៅស្ថាប័នមិនមែនរដ្ឋាភិបាលអន្តរជាតិជាច្រើន ដែលតាមរយៈមុខងារទាំងនោះ លោកបានផ្ដល់ធាតុចូលមួយចំនួន ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពាក់ពន្ធ័នឹងអភិបាលកិច្ចល្អ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណ: ក៏ដូចជាការងារកំណែទម្រង់ ជាដើម។
បើតាមលោក ព្រាប កុល ការកំណែទម្រង់មួយចំនួនបានផ្ដល់ផលជាវិជ្ជមានគួរឲ្យកត់សម្គាល់ ខណៈកំណែទម្រង់មួយចំនួនទៀតមានដំណើការយឺត ដែលត្រូវការពេលវេលា និងការបំពេញបន្ថែមទៀត។ ដូច្នេះ លោកសង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិបន្ទាប់ នឹងពិនិត្យមើលលទ្ធភាពបន្តអនុវត្តកំណែទម្រង់ចាំបាច់ដែលនៅសេសសល់ទាំងនោះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

តែយ៉ាងណាក្ដី លោក ព្រាប កុល ក៏បានពិនិត្យឃើញថា តាមរយៈផែនការយុទ្ធសាស្ត្រ ក៏ដូចជា គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺមានលក្ខណៈពិសេសគ្រប់ជ្រុងជ្រោយពេញលេញ ដែលបង្ហាញពីឆន្ទៈយ៉ាងមុះមុតក្នុងកំណែទម្រង់ជាតិ។ ក្នុងនោះ រយៈពេលប៉ុន្មានអាណត្តិចុងក្រោយនេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍន៍ជាតិយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ជាពិសេស បានកំណត់យកអភិបាលកិច្ចល្អ ជាកិច្ចការស្នូល ដែលរួមមានការកំណែទម្រង់ការប្រឆាំងអំពើពុករលួយ ការលើកកម្ពស់តម្លាភាព គណនេយ្យភាពសង្គម ក៏ដូចជាការបង្កបរិយាកាសដល់ការវិនិយោគដោយផ្ទាល់ពីបរទេស។ នេះគឺជាការបញ្ជាក់បន្ថែមរបស់លោក ព្រាប កុល។
ដោយមើលឃើញយ៉ាងដូច្នេះ ទើបអតីតនាយកប្រតិបត្តិអង្គការតម្លាភាពរូបនេះ មានបំណងចូលរួមចំណែកបម្រើជាតិ និងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅពេលនេះ ដោយឈរលើស្មារតីបម្រើជាតិ និងប្រជាជនកម្ពុជាជាធំ។ ដើម្បីឈានទៅបំពេញគោលបំណងនេះ លោក ព្រាប កុល ក៏បានស្នើសុំជួបសម្តែងការគួសម និងពិភាក្សាដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។ ក្រោយជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់សេចក្ដីទុកចិត្ត និងឱកាសដល់លោក ព្រាប កុល ដោយបានទូលថ្វាយព្រះមហាក្សត្រ ស្នើសុំតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ទាក់ទងនឹងការតែងតាំងនេះ ក៏មានមតិរិះគន់ និងលាបពណ៌ទៅលើលោក ព្រាប កុល ផងដែរ។ ប៉ុន្តែ ជាការឆ្លើយតប លោក ព្រាប កុល បានសំណូមពរដល់បុគ្គលមួយចំនួនគប្បីគោរពសិទ្ធិ និងសេចក្ដីសម្រេចរបស់លោក ហើយបញ្ឈប់ការចោទប្រកាន់ ឬការលាបពណ៌នានាទៅលើរូបលោក ក៏ដូចជា អ្នកដទៃផ្សេងទៀត នៅពេលអ្នកទាំងនោះចូលរួមជាមួយរាជរដ្ឋាភិបាល ដែលផ្ទុយពីនិន្នាការនយោបាយរបស់ខ្លួន៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


