ព័ត៌មានជាតិ
ក្រុមហ៊ុនផលិតសម្បកកង់រថយន្តតម្លៃ ៣០០លានដុល្លារ មានតម្រូវការជ័រកៅស៊ូក្នុងស្រុក ៥ពាន់តោនក្នុងមួយឆ្នាំ
ក្រុមហ៊ុនផលិតសម្បកកង់ជេនេរ៉ល ថាយអឺរ ថេកណឡជី ខេមបូឌៀ បានបោះទុនវិនិយោគជាង ៣០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ បានបើកដំណើរការជាផ្លូវការហើយនៅថ្ងៃនេះ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការបោះទុនវិនិយោគរបស់ក្រុមហ៊ុននេះ គឺធំជាងគេបង្អស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពោលគឺជាគម្រោងវិនិយោគ បោះទុនលើសពី ១០០លានដុល្លារ លើកទី១ មកពីប្រទេសចិន។
លោកបានឱ្យដឹងទៀតថា រោងចក្រនេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ស្របទៅនឹងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែមខ្ពស់ ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិ ដែលមានក្នុងស្រុកប្រមាណជិត ៥ពាន់តោន ក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិ របស់កម្ពុជា។
ថ្លែងតាមរយៈរបាយការណ៍លោក អ៊ិត សំហេង បានបញ្ជាក់ថា រោងចក្រនេះ មានសមត្ថភាពអាចផលិតសម្បកកង់រថយន្តគ្រប់ប្រភេទបានប្រមាណជិត ១លាន ៣សែនគ្រឿង ក្នុងមួយឆ្នាំ ដោយប្រើប្រាស់កម្មករ និយោជិតប្រមាណ ១១៥០នាក់។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសម្បកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃទី ២២ ឧសភាថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយជាក្បាលរថភ្លើងនៃការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តព្រះសីហនុ និងជាចានដែកមាសសម្រាប់ពលរដ្ឋនៅក្នុងខេត្តនេះ ធ្វើការដើម្បីក្លាយជាអ្នកមាន។ លោកអគ្គរដ្ឋទូតសង្ឃឹមថា តំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុ អាចចាប់យកឱកាសនៃការកសាងសហគមន៍ជោគវាសនារួមចិន និងកម្ពុជា នាយុគ្គសម័យថ្មីនេះ ដើម្បីរឹតចំណងមិត្តភាពបង្កើនទំហំសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា នៅខេត្តព្រះសីហនុ មានរោងចក្រសហគ្រាសសរុបចំនួន ១១២ ផ្តល់ការងារដល់កម្មករ និយោជិតប្រមាណ ៧០២៥៧នាក់ និងមានតំបន់សេដ្ឋកិច្ចពិសេសចំនួនបីកំពុងដំណើរការ មានដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសជាជាងគ័រជី និងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


