Connect with us

សេដ្ឋកិច្ច

អភិបាលរងខេត្តស្វាយរៀង ៖ ការរីកដុះដាល នៃតំបន់សេដ្ឋកិច្ចពិសេស បានបង្កើតការងារជូនពលរដ្ឋរាប់ម៉ឺននាក់ និងកាត់បន្ថយចំណាកស្រុក

បានផុស

នៅ

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង លើកឡើងថា «ចំពោះការរីកដុះដាល នៃតំបន់សេដ្ឋកិច្ចពិសេស នានា បានបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាប់ម៉ឺននាក់ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់កម្រិតជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ក្នុងឱកាស រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពី លោក ម៉ែន អេង តំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស និងកម្មករ-កម្មការិនី យ៉ាងច្រើនកុះករ ស្ថិតនៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ នេះ។

នាឱកាសនោះ ក្នុងនាមរដ្ឋបាលខេត្ត លោក ម៉ែន អេង បានរាយការណ៍អំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យឧស្សាហកម្មក្នុងខេត្តស្វាយរៀង ដែលបច្ចុប្បន្នបានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ កម្ពុជា។

លោក ម៉ែន អេង បានបន្តថា ការរៀបចំពិធីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា រីសស៍ នាថ្ងៃនេះ គឺជាសក្ខីភាព នៃការរីកចម្រើន និងការផ្តល់ឱកាសការងារយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយនេះ លោក ហេង សួរ បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកម្មករ-កម្មការិនី ទាំងអស់។

លោក ហេង សួរ ក៏បានលើកឡើងពីចំណុចសំខាន់ៗ រួមមាន ៖ ១.ការយកចិត្តទុកដាក់លើជីវភាព ៖ រាជរដ្ឋាភិបាល តែងតែចាត់ទុកកម្មករ-កម្មការិនី ជាកម្លាំងចលករដ៏សំខាន់បំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការទាក់ទាញវិនិយោគទុនបរទេស។ ២.ការអភិវឌ្ឍជំនាញ ៖ ក្រសួងការងារ នៅតែបន្តជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជន និងកម្មករ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារទំនើប ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង។ ៣.សុខដុមនីយកម្មក្នុងសហគ្រាស ៖ ការពង្រឹងទំនាក់ទំនងរវាងម្ចាស់រោងចក្រ និងកម្មករ តាមរយៈការចរចា និងការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្ម និងអត្ថប្រយោជន៍រួម៕
អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម