ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំជាប់លេខ ១ មានផ្ទៃដីដាំដុះដំណាំកៅស៊ូច្រើនជាងគេទូទាំងប្រទេស
ខេត្តត្បូងឃ្មុំជាខេត្តដីក្រហមមានសក្តានុពលលើការដាំដុះដំណាំកសិឧស្សាហកម្ម។ ខេត្តដែលទើបបង្កើតថ្មី បំបែកចេញពីខេត្តកំពង់ចាមកាលពីឆ្នាំ ២០១៣ មានផ្ទៃដីដាំដុះដំណាំកៅស៊ូប្រមាណជាង ៨ ម៉ឺនហិកតា គឺច្រើនជាងបណ្តាខេត្តផ្សេងទៀតទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។
លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ខេត្តត្បូងឃ្មុំជាខេត្តមួយសម្បូរទៅដោយដីក្រហម ជាប្រភេទដីមានជីជាតិសម្រាប់ដំណាំកសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូដែលមានប្រវត្តិដាំជាងមួយសតវត្ស។

លោកថា ខេត្តនៅតំបន់ខ្ពស់រាបភាគបូព៌ានេះមានសក្តានុលលើការដាំដុះដំណាំកៅស៊ូ ខណៈផ្ទៃដីដាំដុះកៅស៊ូក៏មានចំនួនច្រើនជាងគេមកដល់បច្ចុប្បន្ននេះ។
ជាក់ស្តែងផ្ទៃដីដំណាំកៅស៊ូក្នុងខេត្តមានប្រមាណ ៨៨,១៤៥ ហិកតា ដែលក្នុងនោះកៅស៊ូគ្រួសារមានប្រមាណជា ៦៦% នៃផ្ទៃដីសរុប។
ក្រៅពីមានផ្ទៃដីអំណោយផល ផលកៅស៊ូដាំក្នុងខេត្តដីក្រហមនេះក៏ទទួលបានទិន្នផលល្អប្រសើរដោយទទួលបានរង្វង់ ១,៥ តោន/ហិកតា ធៀបនឹងខេត្តផ្សេងទៀតដែលទិន្នផលកៅស៊ូទទួលបានប្រមាណ ១,១ ឬ ១,៣ តោន/ហិកតា។

លោក ប៉ែន កុសល្យ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំមានផ្ទៃដីកៅស៊ូចៀរជ័រប្រមាណ ៦៦ ០៣៦ ហិកតា ជាមួយបរិមាណផលជ័រកៅស៊ូប្រមាណ ៩៩ ០៥៤ តោន ដែលចាក់បញ្ចូលក្នុងតម្លៃសេដ្ឋកិច្ចបានប្រមាណ ១៧៦ លានដុល្លារអាមេរិក។
ខេត្តត្បូងឃ្មុំមានអំណោយផលដល់ការបើករោងចក្រ ដោយសារមានផ្ទៃដីធំទូលាយ រួមទាំងមានច្រកព្រំដែន និងកំពង់ផែទឹកសាប (ទន្លេបិទ) សម្រាប់ការដឹកជញ្ជូនបានងាយស្រួល។
កាលពីពេលថ្មីៗនេះ ខេត្តក៏ទទួលបានការវិនិយោគសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ក្រោមទុនវិនិយោគប្រមាណ ៣០ លានដុល្លារ ដែលមានសមត្ថភាពផលិតជ័រកៅស៊ូ ១០ ម៉ឺនតោនក្នុងមួយឆ្នាំ។
ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅខេត្តត្បូងឃ្មុំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមើលឃើញថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដំណាំកៅស៊ូនៅកម្ពុជា។



សម្តេចធិបតីបានគូសបញ្ជាក់ថា តាមរយៈរោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិនេះ នឹងជួយពង្រីកទីផ្សារជ័រកៅស៊ូក្នុងប្រទេសកម្ពុជា បង្កើតការងារ និងកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល។ ជាក់ស្ដែង ចំណូលសរុបពីការលក់ផលិតផលកៅស៊ូក្នុងឆ្នាំ ២០២៥ មានប្រមាណ ៨៣៣ លានដុល្លារ ដែលមានការកើនឡើងប្រមាណ ២៤% ធៀបនឹងឆ្នាំ២០២៤ ខណៈចំណូលពីការលក់ក្នុងស្រុកមានទំហំប្រមាណ ២២៣ លានដុល្លារ កើនឡើងរហូតដល់ ១៣១% ដែលឆ្លើយតបនឹងគោលដៅបំពេញតម្រូវការផលិតកម្មក្នុងស្រុកជាជាងការនាំចេញវត្ថុធាតុដើម៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


