ព័ត៌មានជាតិ
ណាហ្គាវើលដ៍បេះដូងសប្បុរស ដាំកូនឈើ ៤០០ ដើម អបអររុក្ខទិវា
ដើម្បីអបអរទិវាដាំកូនឈើជាតិ ឬ រុក្ខទិវាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ បានដាំកូនឈើ ៤០០ ដើម ក្នុងខេត្តកំពង់ស្ពឺ។ កូនឈើទាំងនោះ ត្រូវបានឧបត្ថម្ភដោយអ្នកចូលរួមកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games” ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅកីឡដ្ឋានកំពង់ស្ពឺ។

អំឡុងពេលកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games” អ្នកចូលរួមអាចជ្រើសរើសឧបត្ថម្ភជាទឹកប្រាក់ ឬ ឧបត្ថម្ភជាកូនឈើ។ កូនឈើនីមួយៗ ដែលបានដាំ មានដាក់ស្លាកឈ្មោះដែលមានសរសេរឈ្មោះអ្នកឧបត្ថម្ភនៅក្បែរកូនឈើ។ សរុបរួមមាន កូនឈើ ៨៥០ ដើម ត្រូវបានឧបត្ថម្ភដែលក្នុងនោះ ៤០០ ដើម ត្រូវបានដាំរួមគ្នាជាមួយសមាគមខ្មែរដើម្បីអភិវឌ្ឍន៍។

កូនឈើ ត្រូវបានដាំនៅក្នុងវាលស្រែមួយនៅក្នុងស្រុកត្រគៀត ជាទីតាំងដែលជ្រើសរើសដោយសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ មានវត្តមានលោក ខាន់ ឈៀន ប្រធានភូមិត្រគៀត លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ កុមារនៅក្នុងសមាគម និងបុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។

លោក ខាន់ ឈៀន ប្រធានភូមិត្រគៀត បានឲ្យដឹងថា “ខ្ញុំរីករាយដែលបានឃើញការដាំកូនឈើលើកដំបូងបែបនេះនៅក្នុងភូមិរបស់ខ្ញុំចាប់តាំងពីខ្ញុំមកកាន់តំណែងនេះ។ ក្មេងៗជំនាន់ក្រោយ នឹងបានឃើញដើមឈើដ៏ស្រស់បំព្រងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ អរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស”។
នៅក្នុងថ្ងៃនោះដែរ មានបុគ្គលិកស្ម័គ្រចិត្តមកពីក្រុមហ៊ុនណាហ្គាវើលដ៍ ៥០ នាក់ និងកុមារមកពីសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ៥០ នាក់ បានចូលរួមដាំកូនឈើជាមួយគ្នា។
លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បាននិយាយថា “យើងពឹងទៅលើដើមឈើដោយសារវាផ្ដល់ខ្យល់ឲ្យយើងដកដង្ហើម និងអត្ថប្រយោជន៍ជាច្រើនទៀត។ គ្មានដើមឈើ គឺយើងជួបការលំបាកយ៉ាងខ្លាំងក្នុងពេលអនាគត។ ដូច្នេះយើងត្រូវធ្វើអ្វីដែលយើងអាចដើម្បីការពារបរិស្ថានមុនហួសពេល”។
លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា “ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមសាធារណជនអំពីសារសំខាន់ នៃនិរន្តរភាពបរិស្ថាន គឺវាមានសារសំខាន់ណាស់។ ការដាំកូនឈើ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់យើងដែលជំរុញឲ្យមានការផ្លាស់ប្តូរវិជ្ជមានសំដៅឆ្ពោះទៅរកការការពារធនធានធម្មជាតិដែលយើងម្នាក់ៗអាចធ្វើបាន”។
គួរដឹងថា សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ គឺជាអង្គការក្រៅរដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដែលមានបេសកកម្មផ្ដល់ការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស និងអនុវត្តគម្រោងសហគមន៍។ កម្មវិធីបច្ចុប្បន្នរបស់សហគមន៍នេះ រួមមាន ការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអភិវឌ្ឍសហគមន៍តាមរយៈការលើកកម្ពស់និរន្តរភាពកសិកម្ម។ បច្ចុប្បន្ន សមាគមកំពុងបម្រើកុមារមកពីសហគមន៍ប្រមាណ ៦០០ នាក់។
គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងចូលរួមគាំពារបរិស្ថានដើម្បីចូលរួមធ្វើឲ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយបានដាំកូនឈើប្រមាណ ៤.១៩៨ ដើម គិតមកដល់បច្ចុប្បន្នសម្រាប់អនាគតប្រកបដោយនិរន្តរភាព។ តាមរយៈយុទ្ធនាការ “កម្ពុជាបៃតង ៖ ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការដាំកូនឈើ” ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងបន្តប្ដេជ្ញាការពារបរិស្ថានដើម្បីសហគមន៍ឲ្យកាន់តែមានភាពស្រស់បំព្រង។
ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្ដោតទៅលើសសរស្ដម្ភសំខាន់ ៤ គឺ ការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៩៨.០០០ នាក់ បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


