ព័ត៌មានជាតិ
តើការក្សាទុកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ជាតិ?
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ បានប្រកាសថា នៅនីតិកាលទី៧នេះ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងត្រូវរៀបចំឱ្យមានជាបន្តទៀត ដើម្បីសម្រាប់បន្តការអភិវឌ្ឍប្រទេស ហើយក៏ជាស្មារតីបង្រួបបង្រួមជាតិ។ អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ២រូបនៅកម្ពុជា យល់ឃើញថា ការរក្សាទុកនេះ ជាសញ្ញាណវិជ្ជមានមួយសម្រាប់រាជរដ្ឋាភិបាលថ្មី និងជាការផ្ដល់ឱកាសដល់តំណាងបក្សដទៃទៀតបានចូលរួមអភិវឌ្ឍន៍ជាតិ។

លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ មើលឃើញថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺកើតចេញពីតំណាងបក្សនយោបាយផ្សេងៗគ្នា និងមានអ្នកនយោបាយមានបណ្ដុំទស្សនៈនយោបាយខុសៗគ្នា តែមានទិសដៅអភិវឌ្ឍន៍កម្ពុជាដូចគ្នា។ ដូច្នេះ ការរក្សាទុកឧត្ដមក្រុមប្រឹក្សាពិគ្រោះ នឹងក្លាយជាផ្នែកមួយនៃការផ្ដល់សិទ្ធិសេរីភាពឱ្យគ្រប់បណ្ដាគណបក្សនយោបាយទាំងនោះ ចូលរួមក្នុងការអភិវឌ្ឍសង្គម។ បន្ថែមពីនេះ ការរក្សាទុកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក៏នឹងក្លាយជាជាមូលដ្ឋាននៃការកសាងលទ្ធិប្រជាធិបតេយ្យបន្តទៀតផងដែរ។

ចំណែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាវិញ លោកបានមើលឃើញ៣ចំណុចចំពោះការរក្សាទុកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ។ ចំណុចទី១ គឺជាការរក្សាទុកមរតកនយោបាយដែលបន្សល់ពីអាណត្តិកន្លងទៅ រក្សាទុកអ្នកដែលធ្វើធ្លាប់ការងារជាមួយគ្នា ហើយទោះនៅសល់តិច ឬច្រើនបានចូលរួមធ្វើការងារបន្តទៀត។ ចំណុចទី២ ជាការប្រមូលផ្ដុំទស្សនៈនយោបាយចម្រុះ ត្បិតតែគណបក្សនយោបាយទាំងនោះ មានទស្សនៈគោលនយោបាយខុសគ្នាៗ ។ ចំណុចទី៣ គឺផ្ដល់ឱកាសឱ្យបក្សនយោបាយដែលស្របច្បាប់ទាំងនោះ បានចូលរួមបម្រើប្រជាពលរដ្ឋដូចគោលបំណង និងឆន្ទៈរបស់គណបក្សនីមួយៗ។
សូមជម្រាបថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ត្រូវបានបង្កើតឡើង នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន។ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានតួនាទី ផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល មុនគណរដ្ឋមន្ត្រីអនុម័តដាក់ជូនរាជរដ្ឋាភិបាល។ លើសពីនេះទៅទៀត រាល់សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គឺអាចរាយការណ៍ជូនទៅរាជរដ្ឋាភិបាលអំពីភាពអសកម្ម ក៏ដូចជាការបំពានអំណាចពីសំណាក់ចៅហ្វាយខេត្ត អាជ្ញាធរជាបុគ្គល រហូតដល់ថ្នាក់ជាតិ ជារដ្ឋមន្ត្រីក្រសួង ដោយឈរលើការពិតដោយមានភស្តុតាង ឬក៏មានតម្រុយ ដែលអាចឈានទៅរកការពិតបាន។

ដើម្បីជួយសម្រួលការបំពេញការងារ រាជរដ្ឋាភិបាល បានសម្រេចផ្តល់តួនាទីដល់តំណាងគណបក្ស ចំនួន២រូប ក្នុងនោះ ប្រធានគណបក្សនីមួយៗ ជាប្រធានប្រតិភូ មានឋានៈស្មើទេសរដ្ឋមន្ត្រី ហើយអនុប្រធានគណបក្ស ជាអនុប្រធានប្រតិភូ មានឋានៈស្មើរដ្ឋមន្ត្រី។ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងទទួលបានប្រាក់ខែពីរាជរដ្ឋភិបាលស្របតាមច្បាប់កំណត់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


