ព័ត៌មានជាតិ
ការជិះទូកកម្សាន្តតាមដងទន្លេ នៅតែជាទីពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ
ការជិះទូកកម្សាន្ត នៅតាមដងទន្លេមេគង្គ និងមុខព្រះបរមរាជវាំង នៅតែមានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីពួកគេសម្រាកពីការងារ ការសិក្សា និងការប្រកបមុខរបរ។

អ្នកស្រី គួយ សៀកហេង ម្ចាស់អាជីវកម្មសិត្បូ កាណូតទេសចរណ៍ នៅមុខផ្សាររាត្រី បានប្រាប់កម្ពុជាថ្មីថា អ្នកស្រីមានទូក ឬកាណូត ចំនួន ៥គ្រឿង សម្រាប់ជួលឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទាក់ទងជួលជាលក្ខណៈគ្រួសារ ឬអាចជួលជាសាធារណៈក៏បានដែរ។ អ្នកស្រីបន្ថែមទៀតថា តម្លៃសំបុត្រសម្រាប់ភ្ញៀវបរទេសក្នុងម្នាក់តម្លៃ ៥ដុល្លារ ថែមជូនភេសជ្ជៈ ១កំប៉ុង និងសម្រាប់ភ្ញៀវជាតិក្នុងម្នាក់តម្លៃសំបុត្រ ៥០០០រៀល ចំពោះក្មេងវិញក្រោមអាយុ ៨ឆ្នាំ គឺមិនត្រូវបានគិតប្រាក់នោះឡើយ។

អ្នកស្រី គួយ សៀកហេង បញ្ជាក់ថា អាជីវកម្មទូក ឬកាណូត ដឹកភ្ញៀវទេសចររបស់អ្នកស្រី មុនពេលជំងឺកូវីដ-១៩ រាតត្បាត គឺមានដំណើរការយ៉ាងល្អ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី តែងតែមកជិះទូកដើម្បីកម្សាន្តលំហែអារម្មណ៍ នៅពេលរាត្រី។

ប៉ុន្តែក្រោយមកមានការផ្ទុះនូវជំងឺកូវីដ-១៩ ទើបធ្វើឲ្យអាជីវកម្មរបស់អ្នកស្រី ត្រូវថយចុះនៃចំនួនភ្ញៀវទេសចរយ៉ាងច្រើន។ អ្នកស្រី និយាយបន្តទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយ អ្នកស្រីសង្កេតឃើញថា ចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចាប់ផ្ដើមកើនវិញបណ្ដើរៗហើយ គ្រាន់តែមិនទាន់ដូចកាលពីមុនដំបូងក្នុងចុងឆ្នាំ ២០១៩។

កញ្ញា ប៊ុន ស្រីម៉ុច និស្សិតឆ្នាំទី ៣ ជំនាញនីតិសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រាប់កម្ពុជាថ្មីថា កញ្ញា និងមិត្តភក្តិ នៅពេលដែលទំនេរពីការសិក្សា និងការងារ ជម្រើសទី ១ គឺការជិះទូកកម្សាន្ត នៅតាមដងទន្លេមុខព្រះបរមរាជវាំង។ កញ្ញា បន្ថែមថា ការជិះទូកកម្សាន្តនេះ អាចជួយឲ្យកញ្ញា និងមិត្តភក្តិ មានអារម្មណ៍ថាស្រស់ថ្លា កាត់បន្ថយភាពតាងតឹង និងរឿងស្មុគស្មាញ បន្តពីម៉ោងសិក្សា និងម៉ោងការងារ។ កញ្ញា ប៊ុន ស្រីម៉ុច បញ្ជាក់ថា កញ្ញាមកជិះទូកលេងនៅទីនេះ គឺជាលើកទី ២ ហើយនឹងបន្តមកជិះទៀតនៅលើកក្រោយទៀត ប្រសិនបើកញ្ញាទំនេរពីការសិក្សា និងការងារប្រចាំថ្ងៃ។

លោក Sebastián ភ្ញៀវទេសចរជនជាតិអាឡឺម៉ង់ បានប្រាប់កម្ពុជាថ្មីថា លោកទើបតែមកលេងប្រទេសកម្ពុជាលើកទី ១ ហើយលោកពិតជាចាប់អារម្មណ៍ ការជិះទូកកម្សាន្តនៅតាមដងទន្លេនេះយ៉ាងខ្លាំង។ ពីព្រោះតែ ការជិះទូកវាធ្វើឲ្យលោកបានលំហែខួរក្បាល និងបានស្រូបយកខ្យល់អាកាសបរិសុទ្ធ នៅតាមដងទន្លេ ពិសេសទៀតនោះគឺ ទេសភាពនៅមុខព្រះបរមរាជវាំង នៅពេលរាត្រី ពិតជាអស្ចារ្យបំផុតសម្រាប់អារម្មណ៍របស់គាត់។

ចំណែកឯ លោក ម៉ាទីន (Martin) ភ្ញៀវទេសចរជនជាតិអាឡឺម៉ង់មួយរូបទៀត បង្ហាញពីចំណាប់អារម្មណ៍ពីការជិះទូកថា លោកទើបតែបានជិះទូកលើកដំបូង។ លោកបន្ថែមថា ក្រៅពីទេសភាពស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ លោកក៏ចាប់អារម្មណ៍មួយផ្នែកទៀតនោះ គឺម្អូបអាហារដ៏ឈ្ងុយឆ្ញាញ់ដែលចម្អិនដោយស្នាដៃចុងភៅរបស់ខ្មែរ ហើយជាក់ស្ដែងនោះ គឺទាំងតម្លៃក៏សមរម្យអាចទទួលយកបាន ដែលធ្វើឲ្យលោកអារម្មណ៍ថា មិនអាចបំភ្លេចបានឡើយ៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


