ព័ត៌មានជាតិ
អ្នកជំនាញ ៖ វិស័យអចលនទ្រព្យអាចកម្រើកឡើងវិញនៅចុងឆ្នាំ ២០២៤
វិស័យអចលនទ្រព្យ នៅតែមានដំណើរការមិនសូវល្អនៅដើមឆ្នាំ ២០២៤។ ប៉ុន្តែអាចនឹងមានដង្ហើមដកឡើងវិញ នៅចុងឆ្នាំដដែលនេះ។ នេះបើតាមការប្រមើលមើលរបស់អ្នកជំនាញអចលនទ្រព្យ។

អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Chip Mong Group បានលើកឡើងថា ការវិនិយោគលើវិស័យអចលនទ្រព្យមានកំណើនខ្ពស់ ជាពិសេសអ្នកមានលុយ ដូចជា អ្នកឧកញ៉ា លោកឧកញ៉ា ជាដើម។ ដោយសារមើលឃើញពីផលល្អនៃវិស័យនេះ ម្នាក់ៗវិនិយោគតាមគ្នា ដែលធ្វើឱ្យចំនួននៃអ្នករកស៊ីកើនឡើងខ្លាំង ស្របពេលដែលសេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា នាំឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួន។

អ្នកឧកញ៉ាបន្តដូច្នេះថា« សម្រាប់ខ្ញុំជាអ្នកវិនិយោគធំក្នុងវិស័យអចលនទ្រព្យដែរ គម្រោងធំៗ ដែលខ្ញុំកំពុងធ្វើទាំងអស់មាន ៦ នៅតែលក់បាន គ្រាន់តែចំនួនថយជាងមុន ហើយអ្នកដែលចង់ទិញគម្រោងខ្ញុំ គឺជាអ្នកដែលចង់រស់នៅក្នុងផ្ទះហ្នឹងពិតប្រាកដ មិនមែនគាត់ទិញដើម្បីប្រាក់ចំណេញទេ»។
ម្ចាស់គម្រោងធំៗរបស់ក្រុមហ៊ុនជីបម៉ុងគ្រុប អ្នកឧកញ៉ា លាង ម៉េង បានវាយតម្លៃថា ដើមឆ្នាំ ២០២៤ ស្ថានភាពវិស័យអចលនទ្រព្យ មិនទាន់ល្អប្រសើរនោះទេ ប៉ុន្តែវិស័យនេះ នឹងចាប់ផ្តើមល្អឡើងវិញនៅអំឡុងខែ តុលា ឆ្នាំដដែលនេះ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា សង្ឃឹមថា រាជរដ្ឋាភិបាលថ្មី ដែលយល់ច្បាស់អំពីស្ថានភាពនេះ អាចនឹងមានយុទ្ធសាស្រ្តគន្លឹះធ្វើវិស័យអចលនទ្រព្យកម្រើកឡើងវិញ ដូចកាលឆ្នាំ ២០១៨កន្លងទៅ ដែលមានសេដ្ឋកិច្ចខ្លាំង។ ការលើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣ រៀបចំដោយសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) កាលពីពេលថ្មីៗនេះ។
លោកឧកញ៉ា គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត បានលើកឡើងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា មានកំណើនឬថយចុះ គឺពឹងអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោក។ ជាពិសេសនោះ គឺស្ថានភាពសេដ្ឋកិច្ចចិន និងអាមេរិក។ លោកថា ស្ថានភាពសេដ្ឋកិច្ចចិនសព្វថ្ងៃកំពុងរងគ្រោះ ខណៈដែលអាមេរិកក៏ដូចគ្នា។ បើតាមលោកឧកញ៉ា គីម ហ៊ាង «នៅពេលដែលអ្នកដឹកនាំសេដ្ឋកិច្ចពិភពលោករងគ្រោះ វាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើង ហើយបើសេដ្ឋកិច្ចប៉ះពាល់ វិស័យដីធ្លីក៏រងគ្រោះទៅតាមនឹងដែរ»។
អ្នកជំនាញវិស័យអចលនទ្រព្យមួយរូបទៀត គឺលោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong បានលើកឡើងនាពេលថ្មីៗនេះថា បច្ចុប្បន្ននេះ ចំនួនតម្រូវការអ្នកចង់ទិញផ្ទះមានច្រើន ប៉ុន្តែលទ្ធភាពក្នុងការយកហិរញ្ញប្បទាណពីធនាគារមានការលំបាកខ្លាំង។ លោកមើលឃើញថា វិស័យអចលនទ្រព្យសព្វថ្ងៃនេះ មានចរន្តទិញលក់តែនៅក្នុងស្រុក ពុំទាន់មានវិនិយោគិនហូរចូលពីបរទេសនៅឡើយ។ ដើម្បីឱ្យវិស័យនេះ ទទួលបានការគាំពារខ្លាំង ទាល់តែមានចរន្តសាច់ប្រាក់ចាក់ចូលបន្ថែម ពីរាជរដ្ឋាភិបាល ហើយផ្តល់លទ្ធភាពក្នុងការប្រើកម្ចីដោយបន្ធូរបន្ថយអត្រាការប្រាក់សម្រាប់ខ្ចីក្នុងការប្រើលើវិស័យសំណង់ និងអចលនទ្រព្យ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


