ព័ត៌មានជាតិ
ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃស្ថិរភាព ការកែទម្រង់ និងស្តារទំនុកចិត្តឡើងវិញ សម្រាប់វិស័យលំនៅឋាននៅកម្ពុជា
លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រំពឹងថា «ជាមួយនឹងស្មារតីសាមគ្គីភាព វិន័យវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ យើងមានទំនុកចិត្តយ៉ាងខ្លាំងថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃស្ថិរភាព ការកែទម្រង់ និងការស្តារទំនុកចិត្តឡើងវិញ សម្រាប់វិស័យលំនៅឋាននៅកម្ពុជារបស់យើង»។

ថ្លែងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី៦ ខែមីនា លោកអ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា ការរំពឹងនេះ ដោយសារក្នុងឆ្នាំ២០២៥ ជាអំឡុងពេលមួយក្នុងចំណោមគ្រាលំបាកបំផុត ក្នុងប្រវត្តិសាស្ត្រនៃវិស័យ អភិវឌ្ឍន៍លំនៅឋាននៅកម្ពុជាដែលបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រ នយោបាយក្នុងតំបន់ ភាពតានតឹងតាមព្រំដែនរវាងកម្ពុជានិងថៃនាពេលថ្មីៗនេះ និងភាពតឹងរ៉ឹងនៃការ បញ្ចេញចរន្តសាច់ប្រាក់ បានធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងដល់ទាំងអ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន។
លោកអ្នកឧកញ៉ា បានបន្តថា ចំពោះសកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យក៏បានធ្លាក់ចុះយ៉ាងខ្លាំង ហើយក្រុមហ៊ុនសមាជិកជាច្រើនបាន ជួបប្រទះនូវបញ្ហាប្រឈមធ្ងន់ធ្ងរ រួមមានការយឺតយ៉ាវក្នុងការបង់ប្រាក់ពីអតិថិជន ការទាមទារឱ្យក្រុម ហ៊ុនទិញផ្ទះត្រឡប់មកវិញ ការរឹតបន្តឹងហិរញ្ញប្បទានសំណង់ និងការរឹតបន្តឹងលើការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា ជាដើម។

យ៉ាងណាក៏ដោយ លោកអ្នកឧកញ៉ា លី ហួរ ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រទេសជាតិនៅតែបន្តរក្សាបាន នូវស្ថិរភាពនយោបាយ និងភាពធន់នៃម៉ាក្រូសេដ្ឋកិច្ចយ៉ាងប្រសើរ។ ក្នុងបរិយាកាសនេះ សមាគមដែលមានសមាជិករហូតដល់ ៥៥ក្រុមហ៊ុន បានខិតខំប្រឹងប្រែងដោយភាព ហ្មត់ចត់ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីពង្រឹងការសម្របសម្រួលក្នុងចំណោមសមាជិក-សមាជិកា លើក កម្ពស់ការអនុវត្តតាមបទប្បញ្ញត្តិនានា គាំទ្រដល់កិច្ចសន្ទនាគោលនយោបាយប្រកបដោយការស្ថាបនា ជាមួយក្រសួងពាក់ព័ន្ធ និងធនាគារជាតិនៃកម្ពុជា ព្រមទាំងតស៊ូមតិដើម្បីទទួលបានវិធានការគាំទ្រជាក់ ស្តែងសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញលំនៅឋាន។
លោកអ្នកឧកញ៉ា លី ហួរ បានបញ្ជាក់ថា សមាគមនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើជាដៃគូដ៏គួរឱ្យទុកចិត្តរបស់ រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនៃការរៀបចំដែនដី និងការអភិវឌ្ឍនគរូបនីយកម្ម ប្រកបដោយចីរភាព។ព្រោះ វិស័យអភិវឌ្ឍន៍លំនៅឋានមិនត្រឹមតែជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា កត្តាដ៏សំខាន់ក្នុងការផ្តល់ជម្រក សុភមង្គល និងស្ថិរភាពដល់គ្រួសារប្រជាជនកម្ពុជាផងដែរ។
សម្រាប់ទិសដៅយុទ្ធសាស្រ្តឆ្នាំ២០២៦ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នឹងអនុវត្តនូវ យុទ្ធសាស្ត្រអាទិភាពគោលចំនួន៥ ដែលមានលក្ខណៈជាក់ស្តែង ប្រទាក់ក្រឡាគ្នា អាចវាស់វែងបាន និងស្របតាមតថភាពនៃទីផ្សារ ដើម្បីផ្តល់តម្លៃប្រកបដោយតុល្យភាព តាមរយៈសាមគ្គីភាព និងចូល រួមគាំទ្រក្នុងចំណោមសមាជិក និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ព្រមទាំងដៃគូ អន្តរជាតិ។ ព្រោះគោលបំណងរបស់សមាគមន៍ មិនត្រឹមតែដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីកសាងទំនុកចិត្តឡើងវិញ និងពង្រឹងគ្រឹះនៃវិស័យលំនៅឋាន និងបុរីសម្រាប់រយៈពេលវែង។ នេះជាការលើកឡើងរបស់ លោកអ្នកឧកញ៉ា លី ហួរ។

បើតាម លោកអ្នកឧកញ៉ា លី ហួរ យុទ្ធសាស្ត្រអាទិភាពគោលទាំង ៥ចំណុច រួមមាន ១,ស្ថិរភាពទីផ្សារលំនៅឋាន ជាដំបូង៖ ផ្តល់អាទិភាពដល់ស្ថិរភាពទីផ្សារ ជាពិសេសការកំណត់តម្លៃប្រកប នឹងលើកទឹកចិត្តដល់ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ ដោយតថភាព ការបែងចែកដំណាក់កាលគម្រោងដោយហ្មត់ចត់ និងការគ្រប់គ្រងស្តុកលំនៅឋានឱ្យ បានល្អប្រសើរ។ លោកថា«យើងចង់ស្តារទំនុកចិត្តក្នុងចំណោមអ្នកទិញ និងវិនិយោគិន ដោយធានាថាទីផ្សារ មានសណ្តាប់ធ្នាប់ តម្លាភាព និងនិរន្តរភាព»។
២, ពង្រឹងអភិបាលកិច្ច និងវិជ្ជាជីវៈ ៖ «យើង នឹងពង្រឹងអភិបាលកិច្ច និងវិជ្ជាជីវៈនៅតាម បណ្តាក្រុមហ៊ុនជាសមាជិក។ កិច្ចការនេះ រួមមានការពង្រឹងវប្បធម៌អនុលោមភាព ការកែលម្អការ គ្រប់គ្រងគម្រោង ការធានាគុណភាពសំណង់ឱ្យកាន់តែប្រសើរ និងការអនុវត្តអាជីវកម្មឱ្យកាន់តែមាន តម្លាភាព»។ លោកថា វិស័យដែលមានវិជ្ជាជីវៈខ្ពស់នឹងទទួលបានទំនុកចិត្តពីសាធារណជន ហើយទំនុកចិត្តនេះ គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការរីកចម្រើនរយៈពេលវែង។
៣, កែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទាន៖ «យើងនឹងខិតខំកែលម្អលទ្ធភាពទទួលបាន ហិរញ្ញប្បទាន»។ សមាគម នឹងបន្តកិច្ចសន្ទនាជាមួយធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ ដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែងដែលគាំទ្រទាំងអ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍន៍ ជាពិសេសលទ្ធភាពទទួលបានឥណទានគេហដ្ឋាន យន្តការផ្តល់កម្ចីដែលសមស្រប និងរចនាសម្ព័ន្ធ ហិរញ្ញប្បទានដែលឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារជាក់ស្តែង។

៤, លើកកម្ពស់ការអភិវឌ្ឍបៃតង និងនិរន្តរភាព៖ «យើងនឹងលើកកម្ពស់ការអភិវឌ្ឍបៃតង និងនិរន្តរភាព»។ សមាគមនឹងលើកទឹកចិត្តសមាជិកឱ្យអនុវត្តការប្រើប្រាស់ថាមពលប្រកបដោយ ប្រសិទ្ធភាព និងទំនួលខុសត្រូវចំពោះបរិស្ថាន ដែលជួយកែលម្អគុណភាពរស់នៅ កាត់បន្ថយចំណាយ ប្រតិបត្តិការសម្រាប់ម្ចាស់ផ្ទះ និងស្របតាមស្តង់ដារសកលដែលកំពុងលេចឡើង។ លោកថា នេះមិនមែនគ្រាន់ តែជានិន្នាការនោះទេ ប៉ុន្តែវាគឺជាទិសដៅចាំបាច់សម្រាប់ការអភិវឌ្ឍទីក្រុងទំនើប និងបរិដ្ឋានល្អ។
៥,បង្កើនកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងដៃគូអន្តរជាតិ៖ «យើងនឹង ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល និងពង្រីកការផ្សារភ្ជាប់ជាមួយដៃ គូអន្តរជាតិ។ ក្នុងស្រុក យើងនឹងបន្តគាំទ្រដល់ការអនុវត្តគោលនយោបាយ និងការសម្របសម្រួល ប្រកបដោយការស្ថាបនាជាមួយក្រសួងពាក់ព័ន្ធ»។ ក្នុងកម្រិតអន្តរជាតិ សមគមនឹងចាត់វិធានការសកម្ម ជាងមុន ដោយមានផែនការរៀបចំទស្សនកិច្ចនៅបរទេស និងបេសកកម្មកៀងគរការវិនិយោគជួប ពិភាក្សាផ្ទាល់ជាមួយដៃគូ និងវិនិយោគិនសក្តានុពល និងអញ្ជើញពួកគេមកកាន់កម្ពុជាដើម្បីស្វែងរកឱ កាសពិតប្រាកដជាមួយក្រុមហ៊ុនជាសមាជិក។ លោកចង់ឱ្យវិស័យលំនៅឋានរបស់កម្ពុជា ត្រូវបានយល់ដឹងយ៉ាងច្បាស់លាស់ ផ្អែកលើអង្គហេតុ សក្តានុពល និងការអភិវឌ្ឍរយៈពេលវែង។
ចំណែកលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការអភិវឌ្ឍលំនៅឋាននៅកម្ពុជា បានចាប់ផ្តើមជាបណ្តើៗតាំងពីឆ្នាំ១៩៨៩មក នៅពេលដែលប្រទេសកម្ពុជា ទទួលស្គាល់កម្មសិទ្ធិឯកជននិងធ្វើការចុះបញ្ជីដីធ្លីឡើងវិញ ព្រោះប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការអភិវឌ្ឍលំនៅឋានផ្ទាល់ខ្លួនជាផ្ទះឈើ ផ្ទះល្វែង ផ្ទះវីឡាជាដើម។ ជាមួយនឹងការទទួលបាននូវសន្តិភាពពេញលេញលើផ្ទៃប្រទស ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក គម្រោងបុរីជាច្រើនបានរីកស្គុះស្គាយ ផ្តល់នូវជម្រើសលំនៅឋានកាន់តែសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការនៃស្រទាប់សង្គមជាតិ។

លោក សាយ សំអាល់ បានបន្តថា «ទោះយ៉ាងណាក្តី យើងក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឈរដោះស្រាយ»។
លោក សាយ សំអាល់ បានបញ្ជាក់ថា ពីនេះទៅមុខ ដើម្បីជៀសវាងនូវបញ្ហា និងកសាងភាពធន់ជាមួយនឹងភាពមិនច្បាស់លាស់នាពេលអនាគតក្នុងក្របខណ្ឌសង្គម និងសេដ្ឋកិច្ចពិភពលោក យើងត្រូវឈរលើទស្សនៈរួម និងធ្វើការដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រជាក់លាក់ ក្នុងការអភិវឌ្ឍលំនៅឋាន ដើម្បីរៀបចំឱ្យឧស្សាហកម្មមួយនេះ បន្តផ្តល់ឱកាសការងារផ្តល់ប្រាក់ចំណូលដល់ប្រជាជន ផ្តល់កន្លែងរស់នៅសមរម្យ ផ្តល់ជីវិតគ្រួសារថ្មី ដោយរក្សាបាននូវតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងធ្វើឱ្យសង្គមកាន់តែរីកចម្រើនទៅមុខទៀត៕

អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


