ព័ត៌មានជាតិ
ថ្នាក់ដឹកនាំបក្សកាន់អំណាច កម្ពុជា-វៀតណាម-ឡាវ ប្ដេជ្ញាបន្តពូនជ្រុំទំនាក់ទំនងប្រទេសទាំងបី
ថ្នាក់ដឹកនាំគណបក្សកាន់អំណាច កម្ពុជា-ឡាវ-វៀតណាម បានប្ដេជ្ញាចិត្តរួមគ្នារក្សា និងបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងបី។ ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ង្វៀន ហ្វូចុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី៦ ខែកញ្ញា នារដ្ឋធានីហាណូយ។

ព្រឹត្តិការណ៍នេះដ៏មានអត្ថន័យយ៉ាងសំខាន់នេះ ក្នុងបំណងពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្ស និងប្រជាជនប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ក្នុងបរិបទតំបន់ និងពិភពលោក ដែលកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ ស្របពេលដែលបក្សទាំងបី និងប្រទេសទាំងបីកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន លោក ង្វៀន ហ្វ៊ីចុង និងលោក ថងលុន ស៊ីសុលីត បានលើកឡើងអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ ជាពិសេសគឺការកសាងបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្ថានភាពតំបន់ និងពិភពលោក ដែលកំពុងកើតមានឡើងនាពេលថ្មីៗនេះ ។ ថ្នាក់ដឹកនាំទាំងបី ក៏បានយកចិត្តទុកដាក់ និងបានវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបីក្នុងរយៈពេលកន្លងមក។ ថ្នាក់ដឹកនាំ បានឯកភាពគ្នាលើការតម្រង់ទិសសំខាន់ៗសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងបី និងប្រទេសទាំងបីលើវិស័យផ្សេងៗ ដែលជាផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៅពេលអនាគត។

ថ្នាក់ដឹកនាំ ក៏បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងបីសម្រេចបាន ហើយបានសម្តែងនូវសេចក្តីរីករាយ និងកោតសរសើរចំពោះទំនាក់ទំនងល្អរវាងបក្ស និងប្រជាជននៃប្រទេសទាំងបី ដែលមានការវិវឌ្ឍជាវិជ្ជមានកាន់តែរីកចម្រើនស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះរួមមាន ទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ និងបច្ចេកទេស។
ទន្ទឹមនេះ ថ្នាក់ដឹកនាំបក្សទាំងបី បានសង្កត់ធ្ងន់អំពីប្រពៃណីសាមគ្គីភាពជិតស្និទ្ធជាប្រវត្តិសាស្ត្រក្នុងការជួយគ្នាទៅវិញទៅមករវាងបក្ស និងប្រជាជននៃប្រទេសទាំងបី គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាកត្តាដ៏សំខាន់បំផុត ដែលជាប្រភពកម្លាំងដ៏ខ្លាំងក្លាក្នុងបុព្វហេតុតស៊ូរំដោះជាតិ និងដណ្តើមឯករាជ្យក្នុងអតីតកាល ក៏ដូចជាក្នុងកិច្ចការការពារ និងកសាងប្រទេសរៀងៗខ្លួនរហូតដល់សព្វថ្ងៃនេះ។

សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ បានឯកភាពគ្នាថា ក្នុងសភាពការណ៍បច្ចុប្បន្នបក្ស និងប្រជាជនប្រទេសទាំងបី ត្រូវពង្រឹងសាមគ្គីភាព សហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងបក្សទាំងបី ជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំងបី ពង្រឹងសសរស្តម្ភលើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងថ្នាក់ក្រោមជាតិនៃ ប្រទេសទាំងបី ដោយឈរលើមូលដ្ឋាននៃសក្ដានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ។
ភាគីទាំងបីបានឯកភាពបន្តលើកកម្ពស់យន្តការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងស្រាវជ្រាវ បង្កើតយន្តការកិច្ចសហប្រតិបត្តិការថ្មីមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបក្ស និងប្រជាជន នៃប្រទេសទាំងបី សម្រាប់ជាផលប្រយោជន៍របស់ប្រជាជន ការកសាងនិងការពារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


