ព័ត៌មានជាតិ
កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ខេត្តជាប់ព្រំដែនប្រទេសទាំងពីរ
ប្រទេសកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរបន្ថែមទៀត ដោយផ្តោតលើការបង្ការ និង គ្រប់គ្រងជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់។

ការប្តេជ្ញានេះបានធ្វើឡើងកាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងឱកាសលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការបន្តធ្វើការជាមួយស្ថានទូត និង ក្រសួងសុខាភិបាលឡាវ ដើម្បីជំរុញការរៀបចំអនុស្សរណៈ នៃការយោគយល់គ្នាថ្មីរវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដោយផ្តោតលើការបង្ការ និង គ្រប់គ្រងជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ នៅតាមបណ្តាខេត្តជាប់ព្រំដែន និង ឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះស្ថានការណ៍អាសន្នផ្នែកសុខាភិបាល ជាពិសេសនៅច្រកព្រំដែន ព្រមទាំងពង្រឹងសមត្ថភាពរួម ក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលរួម ការវាយតម្លៃ និង ការផ្លាស់ប្តូរព័ត៌មានសុខាភិបាលជាក់ស្តែង។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរ បានផ្តោតលើលទ្ធភាព ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការសុខាភិបាលរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ។ លើសពីនេះ ភាគីទាំងពីរ បានឯកភាពឲ្យមានការផ្លាស់ប្តូរចំណេះដឹងដោយផ្ទាល់រវាងមន្ទីរសុខាភិបាលខេត្តជាប់ព្រំដែន តាមរយៈការប្រាស្រ័យទំនាក់ទំនងគ្នាជាប្រចាំ ការរៀបចំលំហាត់សមយុទ្ធរួមនៅទីតាំងជាក់ស្តែង និង ការចែករំលែកបទពិសោធពីករណីជំងឺឆ្លងដែន ដើម្បីពង្រឹងសមត្ថភាពត្រៀមបង្ការ និង ឆ្លើយតបរួមឲ្យកាន់តែមានប្រសិទ្ធភាព។

ក្រសួងសុខាភិបាល សូមស្វាគមន៍គំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ឱសថ និង បរិក្ខារពេទ្យរួម ដើម្បីអបអរសាទរខួប ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និង បន្តគាំទ្រគ្នាក្នុងក្របខណ្ឌអាស៊ាន មេគង្គ-ឡានឆាង និង កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-វៀតណាម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


