ព័ត៌មានជាតិ
ក្រសួងធម្មការ និងសាសនា ហាមមិនឱ្យយកធម៌ព្រះពុទ្ធ ទៅលេងកំប្លែង ធ្វើធម៌រ៉ែប ជេរប្រមាថ ដើម្បីរកលុយ
ក្រសួងធម្មការ និងសាសនា បានចេញមកហាមឃាត់មិនឱ្យយកធម៌ព្រះពុទ្ធ ទៅលេងកំប្លែង ធ្វើធម៌រ៉ែប ជេរប្រមាថ ដើម្បីរកលុយ។ នេះបើយោងតាមសារាចរណ៍ណែនាំ ស្ដីពីការអនុវត្តគោលការណ៍ប្រណិប័តន៍លើជំនឿ សាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានកម្រាស់២ទំព័រចេញដោយក្រសួងធម្មការ និងសាសនា នាថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

តាមខ្លឹមសារ នៃសារាចរណ៍ ក្រសួងធម្មការ និងសាសនា បានណែនាំ៤ ចំណុចសំខាន់ៗ។ ក្នុងនោះ ចំណុចទី៤ នៃខ្លឹមសារសារាចរណ៍ណែនាំ បានសរសេរណែនាំថា “ហាមយកពុទ្ធដីកា(បាលី ធម៌ព្រះ)ទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ។ ហាមយកព្រះពុទ្ធរូបឬសញ្ញាសម្គាល់ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយពាណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម)”។
សារាចរណ៍ណែនាំ ដែលចេញមុនរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៥ថ្ងៃ បានណែនាំដោយហាមមិនឱ្យយកព្រះពុទ្ធសាសនា ធ្វើអាជីវកម្មតាមគ្រប់រូបភាពរួមមាន៖ ការទេសនា ការបង្រៀនធម៌ ការផ្សព្វផ្សាយ ប្រាសចាកធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ មន្តអាគមឩមអាម សីលវិជ្ជាការ (ទុវិជ្ជា)ដែលជាសកម្មភាព មានលក្ខណៈបោកប្រាស់។
បន្ថែមពីនេះ សារាចរណ៍ណែនាំរបស់ក្រសួងធម្មការ និងសាសនា បានហាមមិនឱ្យយកទង់ព្រះពុទ្ធសាសនា ព្រះបដិមាឬវត្ថុជាទីសក្ការៈនៃសាសនា ទៅធ្វើការទាក់ទាញ បំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម។
លើសពីនេះ ក្រសួងធម្មការ និងសាសនា បានហាមដាច់ខាត ចំពោះការយកត្រៃយ៍ចីវរទៅស្លៀកដណ្តប់តាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុ ដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានារបស់សាសនា។
ការណ៍ដែលក្រសួងធម្មការ និងសាសនា ចេញមកណែនាំបែបនេះ ក៏ព្រោះតែក្រសួងធម្មការ និងសាសនា បានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ។ លើសពីនេះទៀត បានប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ ដែលទង្វើទាំងនោះមិនស្របទៅនឹងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន។

បើតាមសារាចរណ៍ណែនាំ ដែលដាក់ចេញដោយ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ បានចាត់ទុក ព្រះពុទ្ធសាសនានៅកម្ពុជា ថាបានរួមចំណែកយ៉ាងសំខាន់ ក្នុងស្មារតីនៃការគោរព ប្រណិប័តន៍និងបណ្ដុះនូវស្មារតីសីលធម៌ និងគុណធម៌ ដែលជាប្រភពនៃការទ្រទ្រង់ព្រះពុទ្ធសាសនា ធ្វើឱ្យ កង់ពុទ្ធចក្រនិងអាណាចក្រ ធ្វើដំណើររួមគ្នាដោយខានពុំបាន ក្នុងការអភិវឌ្ឍជាតិឆ្ពោះទៅរកភាពសម្បូរ សប្បាយរីករាយ សុខសន្តិភាព សម្រាប់មនុស្សជាតិ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


