Connect with us

ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ចាយ បូរិន ណែនាំឱ្យពង្រឹងការត្រួតពិនិត្យលើសកម្មភាពយកសាសនាទៅបោកប្រាស់ពលរដ្ឋ

បានផុស

នៅ

​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា ​លោក ចាយ​ បូរិន បាន​ណែនាំទៅស្ថាប័ន​ក្រោម​ឱវាទ​ឱ្យ​ពង្រឹង​ការ​តាម​ដាន និង​គ្រប់​គ្រង​រាល់​សកម្មភាព​សាសនា​ទាំង​អស់​ដែល​ខុស​ច្បាប់​ ឬ​ធ្វើ​សកម្មភាព​ប្រើប្រាស់​ជំនឿ​ដើម្បី​បោក​ប្រាស់​ប្រជាពលរដ្ឋ​។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ ចាយ​ បូរិន ធ្វើ​ឡើង​ក្នុង​ពេល​ក្រសួង​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ នៅ​សាលសន្និសីទ​ចតុម្មុខ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ដោយ​ជំរុញ​ឱ្យ​មានការ​ពង្រឹង​លើ​តួនាទី​សាសនា​ដែល​មាន​នាទី​ផ្សព្វផ្សាយ​នូវ​សាសនូវាទ ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា មាន​បញ្ញាស្មារតីប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ កាត់​បន្ថយ​អំពើ​អនាចារ អបាយមុខ អំពើ​ហិង្សា អសីលធម៌ និង​ចូលរួម​ជួយ​ឱ្យ​សង្គម​ជាតិ​មាន​សុខដុមរមនា និង​ពង្រឹង​សាមគ្គីធម៌។

លោក​ក៏​បាន​ណែនាំទៅ​អគ្គនាយកដ្ឋាន​កិច្ច​ការ​សាសនា​​នៃ​ក្រសួង​ធម្មការ​ ពង្រឹង​ការតាម​ដាន និង​គ្រប់គ្រង​រាល់​សកម្មភាព​សាសនា​ដែល​ខុសច្បាប់ ឬ​សកម្មភាព​ដែល​ឆ្លៀត​ឱកាស​ប្រើប្រាស់​ជំនឿ​ដើម្បី​បោក​ប្រាស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៥ ធ្លាប់​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដោយ​បាន​ណែ​នាំ​ទៅ​ក្រសួង​ធម្មការ​ និង​សាសនា​ គ្រប់គ្រង​អ្នក​ដែល​អះអាង​ថា​មាន​បារមី​ឱ្យ​បាន​ត្រឹមត្រូវ​បន្ទាប់​ពី​ឃើញ​មាន​និន្នាការ​កើន​ឡើង​កាន់​តែ​ច្រើន។ សម្ដេច​បាន​បញ្ជាក់​ថា​ជំនឿ​សាសនា​គឺ​ជា​សិទ្ធិ​បុគ្គល​ម្នាក់​មិន​ខុស​ច្បាប់​ទេ តែ​ក្នុង​ករណី​ដែល​យក​សាសនា​ដើម្បី​ធ្វើ​អាជីវកម្ម ឬ​ឆបោក​​នោះ​គឺ​ជា​បទ​ល្មើស​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម