Connect with us

ព័ត៌មានជាតិ

តំណាងគ្រិស្តបរិស័ទកម្ពុជា ៖ អ្វីដែលគួរចាប់ផ្ដើម គឺ ឯកភាពគ្នា ចុះសម្រុងគ្នា ជ្រោមជ្រែងគ្នា ពង្រីកទំនាក់ទំនងគ្នា ពង្រឹងសាមគ្គីភាព

បានផុស

នៅ

នៅ​ក្នុង​ព្រះ​គ្រិស្ត យើង​ជា​គ្រួសារ​តែមួយ អ្វី​ដែល​យើង​គួរ​ចាប់ផ្ដើម គឺ ឯកភាព​គ្នា ចុះសម្រុង​នឹង​គ្នា ជ្រោមជ្រែង​គ្នា ពង្រីក​ទំនាក់ទំនង​គ្នា ពង្រឹង​សាមគ្គីភាព បង្ហាញ​សិរី​ល្អ​របស់​ព្រះ បង្ហាញ​ភាព​ជា​ក្រុម​គ្រួសារ​ដ៏​រឹងមាំ។ នេះ​ជា​ការ​លើកឡើង​របស់​លោក សៀ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួង​ធម្មការ និង​សាសនា និង​ជា​តំណាង​គ្រិស្តបរិស័ទ​កម្ពុជា ក្នុង​កម្មពិធី​អាហារ​សាមគ្គី កាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០២៦ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សៀ សុភ័ក្ត្រ មាន​ប្រសាសន៍​ថា ពិធី​នេះ ត្រូវ​បាន​គ្រោង​តាំងពី​ឆ្នាំមុន​មក​ម្ល៉េះ តែ​គួរ​ឲ្យ​សោកស្ដាយ ដោយសារ​មាន​ការ​ប៉ះទង្គិច​រវាង​កងទ័ព​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មួយ​ចំនួន នៃ​ពិធី​ដែល​បាន​គ្រោង។ ទោះបី​យ៉ាងណា ពិធី​នា​ពេលនេះ យើង​អាច​ជួបជុំ​គ្នា អធិស្ឋាន​ជាមួយគ្នា សម្រាប់​ប្រទេសជាតិ​យើង សម្រាប់​ប្រជាជន​ខ្មែរ នា​ដំណាក់កាល​នេះ និង​ក្រុម​ជំនុំ​នៅ​តាម​បណ្ដោយ​ព្រំដែន​ផង​ដែរ។ យើង​មាន​ព្រះ​យេស៊ូវ​តែមួយ ក្នុង​ប្រជាជាតិ​តែមួយ យើង​ជា​ចំណែក​រួមគ្នា​ក្នុង​ព្រះ​គ្រិស្ត យើង​នៅ​ជាមួយគ្នា យើង​ឈរ​ជាមួយគ្នា។

លោក​បន្ត​ថា នៅ​ក្នុង​ព្រះ​គ្រិស្ត យើង​ជា​គ្រួសារ​តែមួយ អ្វី​ដែល​យើង​គួរ​ចាប់ផ្ដើម គឺ ឯកភាព​គ្នា ចុះ​សម្រុង​នឹង​គ្នា ជ្រោមជ្រែង​គ្នា ពង្រីក​ទំនាក់ទំនង​គ្នា ពង្រឹង​សាមគ្គីភាព បង្ហាញ​សិរី​ល្អ​របស់​ព្រះ បង្ហាញ​ភាព​ជា​ក្រុម​គ្រួសារ​ដ៏​រឹងមាំ។ គ្រិស្តបរិស័ទ ជា​កម្លាំង​មហា​សាមគ្គី ក្នុង​ការ​រួមចំណែក​ក្នុង​បុព្វហេតុ​ព្រះនាម​ព្រះ​យេស៊ូ​វ​គ្រិស្ត​ក្នុង​បុព្វហេតុ​គ្រិស្តបរិស័ទ រួមចំណែក​ក្នុង​សង្គមជាតិ ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​វ​គ្រិស្ត។

ក្នុង​នាម​តំណាង​ឲ្យ​គ្រិស្តបរិស័ទ​កម្ពុជា លោក​សូម​សម្តែង​ការ​អរគុណ​ដល់​សមាគម​ដំណឹង​ល្អ ប៊ី​លី​ហ្ក្រា​ហាំ ពិសេស​លោកគ្រូ​គង្វាល Franklin Graham និង​សហការី ដែល​បាន​សហការ​ជាមួយ​គ្រិស្ត​បរិស័ទ​ខ្មែរ ពិសេស​គឺ​ជ្រោមជ្រែង​ទាំងស្រុង ទាំង​ថវិកា និង​បច្ចេកទេស ដល់​ការ​រៀបចំ​ពិធី​អាហារ​សាមគ្គី​នា​ពេលនេះ និង​ឆ្ពោះ​ទៅ​ប្រារព្ធ​ពិធី​មហោស្រព​សៀមរាប​ជាទី​ស្រលាញ់ នា​ថ្ងៃ​ទី ២៤-២៥ ខាង​មុខ។

លោក Franklin Graham ប្រធាន និង​ជា​នាយក​ប្រតិបត្តិ នៃ​សមាគម ផ្សព្វផ្សាយ​ដំណឹង​ល្អ Billy Graham (BGEA) មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ពិត​ជា​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​កាលពី​ជាង ២០ ឆ្នាំមុន ដោយ​ពេលនេះ មាន​អគារ​ខ្ពស់ៗ យ៉ាង​ច្រើន។ យើង​ទាំងអស់ សូម​អធិស្ឋាន​ដល់​ថ្នាក់ដឹកនាំ​កំពូលៗ របស់​កម្ពុជា និង​អធិស្ឋាន​ដល់​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម