ព័ត៌មានជាតិ
តាមការណែនាំរបស់រដ្ឋមន្ត្រីមហាផ្ទៃ ស្នងការដ្ឋានរាជធានីភ្នំពេញ ប្រគល់ឯកសណ្ឋានថ្មីឱ្យមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា
អនុវត្តតាមការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ឯកសណ្ឋានថ្មីជាផ្លូវការដល់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ ជំនួសឯកសណ្ឋានចាស់ ដែលស្រដៀងគ្នានឹងឯកសណ្ឋានមន្ត្រីនគរបាលចរាចរណ៍។

នៅពេលកន្លងមក ក្រោយការចួលកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានស្នើឱ្យពិនិត្យឡើងវិញចំពោះឯកសណ្ឋានមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ដោយកុំឱ្យមានឯកសណ្ឋានដូចមន្ត្រីនគរបាលចរាចរណ៍ ។ ការស្នើឱ្យពិនិត្យរៀបចំឡើងវិញនូវឯកសណ្ឋានមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យានេះ ជាកិច្ចការមួយក្នុងចំណោមកិច្ចការជាអាទិភាពចំពោះមុខផ្សេងទៀត ដែលលោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រកាសដោះស្រាយ និងណែនាំឱ្យមានការ កែទម្រង់ ក្នុងអាណត្តិដឹកនាំរបស់លោក ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អនុវត្តតាមគោលការណ៍ណែនាំខាងលើ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រគល់ និងឧបត្ថម្ភឯកសណ្ឋានថ្មីជូនមន្រ្តីចរាចរណ៍ជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានចំនួនសរុប៣០០នាក់ ដើម្បីប្រើប្រាស់ក្នុងការចូលរួមបំពេញការងារ សហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ក្នុងការថែរក្សា សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។
បើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ការផ្លាស់ប្តូរឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យានេះ គឺមានការគាំទ្រពីលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឱ្យមន្រ្តីជាប់កិច្ចសន្យាបានបំពេញការងារប្រកបដោយការទទួលខុសត្រូវចំពោះការងាររបស់ខ្លួនក្នុងចូលរួមសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីជាប់កិច្ចសន្យា ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តក្នុងការចូលរួមសហការបម្រើការងារ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសជួយសម្រួលចរាចរណ៍ ដោះស្រាយការកកស្ទះនៅតាមដងផ្លូវ។ ប៉ុន្តែយ៉ាងណាមិញ លោកស្នងការ ក៏បានណែនាំឱ្យមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាទាំងអស់ខិតខំបំពេញការងារឱ្យបានសកម្មថែមទៀត ដោយអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងកុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ។
កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែមានតួនាទីជួយសម្រួលចរាចរណ៍តាមដងផ្លូវប៉ុណ្ណោះ គឺមិនមានសិទ្ធិឃាត់យានយន្តរបស់ប្រជាពលរដ្ឋ ដើម្បីផាកពិន័យឡើយ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


