ព័ត៌មានជាតិ
ខេត្តកែប មានតំបន់ធំៗចំនួន ៤ កំពុងទាក់ទាញ និងរមណីយដ្ឋាន ៤២ កន្លែង សម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្ត
នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ មន្ត្រីជំនាញ លើកឡើងថា ខេត្តកែប ជាខេត្តទេសចរណ៍តារារះទិសនិរតីមួយ នៃព្រះរាជាណាចក្រកម្ពុជា មានសក្ដានុពល ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រអំណោយផលល្អបំផុតលើវិស័យទេសចរណ៍ ដែលមានគោលដៅទាក់ទាញភ្ញៀវទេសចរ និងរមណីយដ្ឋានសរុបចំនួន ៤២ កន្លែង បែងចែកជា ៤ តំបន់ធំៗ សម្រាប់ត្រៀមទទួលភ្ញៀវជាតិ-អន្តរជាតិ មកលេងលម្ហែកម្សាន្ត។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់ឲ្យដឹងថា ការអភិវឌ្ឍវិស័យទេសចរណ៍ដ៏ទាក់ទាញ និងមានការរីកចម្រើននៅខេត្តកែប ក្រោមការដឹកនាំរបស់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប លោកបានយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទឹក ភ្លើង ការរក្សាអនាម័យបរិស្ថាន កែលម្អសោភ័ណភាពទីក្រុង សួនច្បារ ឆ្នេរខ្សាច់កម្សាន្តស្អាត និងតាមកោះជាដើម…។

លោក សោម ចិន្តា បញ្ជាក់ថា បច្ចុប្បន្ន ខេត្តកែប មានកន្លែងគោលដៅទេសចរណ៍ទាក់ទាញ និងរមណីយដ្ឋានសរុបចំនួន ៤២ កន្លែង បែងចែកទៅជា ៤ តំបន់ធំៗ ដោយ ទី១.ស្ថិតក្នុងតំបន់ក្រុងកែបចាស់ ,ទី២.តំបន់ឆ្នេរអង្កោល ,ទី៣.តំបន់ភ្នំវល្លិ៍ និងទី៤.តំបន់ប្រជុំកោះ នៃខេត្តកែប។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្ន ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ បានចូលមកលេងលម្ហែកម្សាន្តនៅខេត្តកែប មានជម្រើសច្រើនណាស់។ ថ្វីត្បិតតែ កែប ជាខេត្តនៅជាប់មាត់សមុទ្រ ប៉ុន្តែកន្លែងម្ហូបអាហារ និងកន្លែងដើរលេងកម្សាន្ត មិនមែនមានតែឆ្នេរ និងគ្រឿងសមុទ្រប៉ុណ្ណោះនោះទេ គឺមានតំបន់រមណីយដ្ឋានជាច្រើនសំបូរបែប ពិសេសផលិតផលទេសចរណ៍ថ្មីជាច្រើន នៅតាមតំបន់ប៉ូលទេសចរណ៍ទាំង ៤ ដែលពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានការអភិវឌ្ឍ និងទាក់ទាញយ៉ាងខ្លាំងទៀតផង។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបន្ថែមថា ខេត្តកែប កំពុងមមាញឹក ព្រោះត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ឆ្នាំ ២០២៣ ដែលចាប់ផ្ដើមពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣ ខែធ្នូ ខាងមុខ ក្រោមប្រធានបទ«យើងទាំងអស់គ្នា ដើម្បីទេសចរណ៍» ដោយការរៀបចំត្រូវបានបែងចែកជា ៣ តំបន់ រួមមាន ៖ តំបន់ A (ទីតាំងប្រារព្ធពិធី រៀបចំនៅឆ្នេរ ២៧០០ ម៉ែត្រ ក្បែរផ្សារក្តាម នៃខេត្តកែប) , តំបន់ B (ឆ្នេរខ្សាច់ស្រី ស) និង តំបន់ C (បរិវេណខាងមុខសាលាខេត្ត)។ ចំពោះសកម្មភាពសំខាន់ៗ មានការដាក់ស្តង់ពិព័រណ៍ទំនិញ និងដាំដើមឈើនៅតាមបណ្ដោយឆ្នេរ សកម្មភាពកីឡា ការសម្ដែងសិល្បៈ និងប្រគំតន្ត្រី រួមមានការដុតកាំជ្រួច និងបង្ហោះគោមអបអរសាទរជាដើម…៕
អត្ថបទ ៖ សឹង រ៉ាត់








-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


