Connect with us

សន្តិសុខសង្គម

ក្រោយករណីលិចទូកស្លាប់ទាំងម្តាយនិងកូន!មន្រ្តីគ្រោះមហន្តរាយខេត្តកែប អំពាវនាវអ្នកប្រកបរបរលើផ្ទៃសមុទ្របង្កើនការប្រុងប្រយ័ត្នរដូវវស្សា

បានផុស

នៅ

មន្ត្រីគ្រោះមហន្តរាយខេត្តកែប អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចេញទៅរកផលនេសាទនារដូវវស្សានេះ ដោយអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត និងហានិភ័យផ្សេងៗ ដូចជា រលកធំៗ ឬព្យុះជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានករណីឧបទ្ទវហេតុលិចទូកស្មិច(ហៅទូកយ៉ៗ) បណ្តាលឱ្យម្តាយ និងកូនពីរនាក់ស្លាប់ (សរុបចំនួន៣នាក់) ខណៈចេញទៅរកងាវ។ ហេតុការណ៍ដ៏អាក្រក់នេះ កើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ១២:៥០នាទីរសៀល មានករណីលិចទូកស្មាច់មួយគ្រឿង នៅចំណុចមុខឃ្លោងព្រែកសរសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច ក្នុងទូកមានមនុស្សចំនួន៤នាក់ ក្នុងនោះមានឪពុកឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ បានរស់រានមានជីវិត។ ប៉ុន្តែប្រពន្ធអាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ ម្នាក់អាយុ១០ឆ្នាំ និងម្នាក់ទៀត អាយុ៨ឆ្នាំ បានបាត់បង់ជីវិត។

បុរសដោះអាវត្រូវជាស្វាមី និងឪពុកជនរងគ្រោះ

សូមជម្រាបថា ក្រោយទទួលបានដំណឹងភ្លាម លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានដឹកនាំកម្លាំងចម្រុះចុះស្វែងរកជនរងគ្រោះ។ លុះព្រឹកឡើង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងចម្រុះបានរកឃើញសពជនរងគ្រោះទាំង៣នាក់ ហើយសពត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្នុងនាមអាជ្ញាធរខេត្ត លោកបានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងរដូវវស្សា និងពេលមានអាកាសធាតុមិនអំណោយផល។

ជាការកត់សម្កាល់ រៀងរាល់រដូវវស្សាចូលមកដល់ រដ្ឋបាលខេត្តនៅជាប់សមុទ្ររួមមានខេត្ត ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង តែងតែចេញសេចក្តីជូនដំណឹងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលចេញទូកនេសាទ នៅពេលមានកត្តាអាកាសធាតុមិនអំណោយផល ដូចជាព្យុះ ភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រធំៗជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម