ព័ត៌មានជាតិ
រូបថតជាង ១០០ សន្លឹកពីតំបន់ជួរភ្នំក្រវាញ បំផុសទឹកចិត្តយុវជនឲ្យចូលរួមការពារធនធានធម្មជាតិ
ពិព័ណ៍រូបថត «ភ្នំក្រវាញរៀងរហូត» បានទាក់ទាញទឹកចិត្តយុវជនឲ្យចាប់អារម្មណ៍ទៅលើធនធានជីវចម្រុះនៅតំបន់ជួរភ្នំក្រវាញ ដែលត្រូវបានពិភពលោកហៅថាជាតំបន់រងទឹកភ្លៀងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
ក្នុងវ័យជាង ២០ ឆ្នាំ និងកំពុងសិក្សាជំនាញកសិកម្មនៅសាកលវិទ្យាល័យកសិកម្មចម្ការដូង រិម សុតី រួមទាំងមិត្តភ័ក្រជាច្រើននាក់បានមកទស្សនាពិព័រណ៍រូបថត «ជួរភ្នំក្រវាញរៀងរហូត» កាលពីចុងសប្តាហ៍មុន។
សម្លឹងផ្ទាំងរូបថតតម្រៀបជាជួរតាមជញ្ជាំងពីមួយទៅមួយបានធ្វើឲ្យយុវតីរូបនេះដក់ចិត្តទៅសម្បត្តិធម្មជាតិដ៏សំបូរបែបនៅតំបន់ជួរភ្នំក្រវាញ។
រិម សុតី បានប្រាប់ថា «ខ្ញុំមិនដែលបានទៅតំបន់ភ្នំក្រវាញពីមុនទេ ធ្លាប់ឮគេថាជាតំបន់សំបូរព្រៃឈើ។ តាមរយៈរូបថតបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ទៅសម្បត្តិធនធានធម្មជាតិដ៏កម្រនៅតំបន់ជួរភ្នំក្រវាញ ហើយជំរុញទឹកចិត្តឲ្យស្រលាញ់តំបន់ធម្មជាតិទាំងនោះ»។
និស្សិតឆ្នាំទីពីរផ្នែកកសិកម្មរូបនេះបន្តថា ពិព័រណ៌រូបថតជួរភ្នំក្រវាញបានបង្ហាញជ្រុងផ្សេងៗនៃតំបន់ព្រៃការពារនេះ និងក៏បំផុសស្មារតីដល់យុវជនបានស្គាល់និងចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិដែលមាននៅលើទឹកដីកម្ពុជាកុំឲ្យបាត់បង់។
ជាគ្រូបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តសត្វនៅសាលាជាតិកសិកម្មចម្ការដូង កញ្ញា ចាន់ រដ្ឋាណា ដែលធ្លាប់បានទៅដល់តំបន់ជួរភ្នំក្រវាញកន្លងមកបានប្រាប់ថា «នៅតំបន់ជួរភ្នំក្រវាញមានអ្វីដែលយើងមិនដែលដឹងជាមួយធនធានជីវចម្រុះដ៏សំបូរបែប ខណៈតំបន់នោះមានការអភិរក្សព្រៃឈើបានយ៉ាងល្អ»។
នៅពេលសួរថា បើសិនធនធានធម្មជាតិទាំងនោះត្រូវបាត់បង់តើយល់ឃើញបែបណាដែរ? រដ្ឋាណាប្រាប់ថា វាជារឿងគួរឲ្យសោកស្តាយ ពីព្រោះសម្បត្តិអស់នេះបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់មនុស្សជាតិ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងធ្វើការពាក់ព័ន្ធការអភិរក្សព្រៃឈើនៅតំបន់ជួរភ្នំក្រវាញតាំងពីឆ្នាំ ២០០១។ កញ្ញា ជូលី ហ្កាលែត នាយកប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឲ្យដឹងថា ពិពរណ៍រូបថត «ភ្នំក្រវាញជារៀងរហូត» រៀបចំឡើងក្នុងគោលដៅលើកកម្ពស់ស្មារតីយុវជនឲ្យចូលរួមថែករក្សាការពារព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ដែលគេដឹងថាជាតំបន់ព្រៃរងទឹកភ្លៀងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
ព្រៃឈើផ្តល់ភាពត្រជាក់ ជាជម្រកសត្វព្រៃរាប់ពាន់ប្រភេទ ទាក់ទាញទឹកភ្លៀងនិងជួយការពារទប់ស្កាត់គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។ ព្រៃឈើស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ផ្តល់មកវិញនូវខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម និងបង្កើតឱកាសការងារជាច្រើន ហើយក៏ជាជម្រករបស់ជនជាតិដើមភាគតិច ដែលរស់នៅអាស្រ័យផលពីព្រៃឈើផងដែរ។
បើប្រៀបធៀបតំបន់ផ្សេងទៀតដែលរងការកើនឡើងកម្តៅ តំបន់ជួរភ្នំក្រវាញមានសីតុណ្ហភាពមធ្យមត្រឹម ៣២ អង្សាសេ ដែលនេះបានមកពីគម្របព្រៃឈើ។ នេះបើតាមកញ្ញា ជូលី ហ្កាលែត។
ពិព័រណ៍ “ភ្នំក្រវាញជារៀងរហូត” ដែលមានរូបថតច្រើនជាង ១០០ សន្លឹកត្រូវបានដាក់តាំងបង្ហាញដល់សាធារណជនអាចទស្សនាដោយសេរីចាប់ពីថ្ងៃ ២៣ កុម្ភៈដល់ ១៨ មីនា នៅ Factory Phnom Penh ដោយរំលេចរូបភាពជីវចម្រុះផ្សេងៗនៅតំបន់ជួរភ្នំក្រវាញដែលគ្របដណ្តប់លើផ្ទៃដីជាង ១ លានហិកតា។
លោក FONKi ស្ថាបនិក និងជាប្រធាន FT Gallery ជាដៃគូសហការរៀបចំពិព័រណ៌ «ជួរភ្នំក្រវាញរៀងរហូត» បានបញ្ជាក់ថា ការរៀបចំពិព័រណ៌នេះជាកិច្ចខិតខំប្រឹងប្រែងជួយដល់ប្រជាសហគមន៍ បណ្តុះស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជីវៈចម្រុះដ៏អស្ចារ្យរបស់កម្ពុជា។
លោកថា តំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ គឺជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។
បើតាមលោក FONKi នេះជាឆ្នាំទីពីរសម្រាប់ពិព័រណ៍រូបថត លើកកម្ពស់ស្មារតីយល់ដឹងពីការចូលរួមថែរក្សាព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់