Connect with us

ព័ត៌មានជាតិ

តើ​​រោងចក្រ​សហគ្រាស​បែប​ណា តម្រូវ​បំពាក់​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ការពារ​បរិស្ថាន?

បានផុស

នៅ

បើ​តាម​មន្រ្តី​ក្រសួង​បរិស្ថាន​បាន​ពន្យល់​ពី​បទប្បញ្ញត្តិ​ស្តី​ពី​ការ​គ្រប់គ្រង​កាក​សំណល់ របស់​សហគ្រាស​នៅប្រទេសកម្ពុជា។

លោក ចាប យុធី អនុប្រធាន​នាយកដ្ឋាន​អធិការកិច្ច និង​ពង្រឹងការអនុវត្ត​ច្បាប់​​នៃក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា​ ការគ្រប់គ្រង​សំណល់​ត្រូវ​បាន​អនុវត្ត​តាមរយៈ​អនុក្រឹត្យ​លេខ ១០៣ ស្តីពី​ការ​គ្រប់គ្រង​សំណល់រឹង និង​អនុក្រឹត្យ​លេខ ២៧ ស្តីពី​ការត្រួតពិនិត្យ​ការ​បំពុល​ទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីក្រសួងបរិស្ថាន​បានបញ្ជាក់ថា ការបញ្ចេញ​សំណល់រាវ​​បែងចែក​ជាពីរ​ប្រភេទ គឺ​សំណល់​រាវពី​ផលិតកម្ម និង​ទឹកក​ខ្វក់​ចេញ​ពី​បន្ទប់​ទឹក​កម្មករ

នៅក្នុងវេទិកាគយ និង​សម្ព័ន្ធ​សមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) លោក​ ចាប យុធី បាន​ពន្យល់​ថា រោងចក្រដែលគ្មានការ​​បញ្ចេញ​សំណល់រាវ​ពី​ផលិតកម្ម ប៉ុន្តែ​​​បើ​​បញ្ចេញ​ត្រឹម​ទឹកក​ខ្វក់​ពី​ទីតាំងផលិតកម្ម​ ការ​តម្រូវឲ្យ​សុំ​អាជ្ញាប័ណ្ណ​លុះត្រាតែ​មាន​ការប្រើប្រាស់​ទឹក​លើស​ពី ៤០ ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ

ដោយឡែកពាក់ព័ន្ធ​​សំណល់រាវចេញពី​​ទីតាំង​ផលិតកម្ម ឬ​កសិដ្ឋាន​តម្រូវឲ្យ​សុំអាជ្ញាប័ណ្ណ​នៅ​ពេល​មានការ​បញ្ចេញ​សំណល់​រាវ​លើស​ពី ២១ ម៉ែត្រ​គូប

លោក​បន្ត​ទៀត​ថា ចំពោះ​ផលិតកម្ម​ដែលមាន​ប្រើប្រាស់​សារធាតុគីមី គឺ​តម្រូវឲ្យ​សុំអាជ្ញាប័ណ្ណ​ជា​ដាច់​ខាត។

លោក​បន្ថែម​ទៀត មាន​រោងចក្រ​កាត់ដេរ និង​សហគ្រាស​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ត្រឹម ២០ ទៅ ៣០ ម៉ែត្រ​គូប ឬ​បញ្ចេញ​ត្រឹម​សំណល់​ទី​ប្រជុំជន (សំរាម​ធម្មតា​ពីការ​ហូបចុក) គឺ​ច្បាប់​មិន​តម្រូវ​ឲ្យ​សុំ​អាជ្ញាប័ណ្ណ​នោះទេ ប៉ុន្តែ​អ្នកបញ្ជាទិញពីបរទេស​តម្រូវ​ឲ្យពួកគេ​សុំច្បាប់។

លោក​ថា រោងចក្រ​ទាំងនោះ​សុខចិត្ត​សុំ​អាជ្ញាប័ណ្ណ​ទាំង​ដែល​ច្បាប់​មិន​តម្រូវ ព្រោះ​ខ្លាច​បាត់បង់​ការងារ ឬ​កិច្ចសន្យា​ពី​អ្នក​បញ្ជាទិញ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​ណែនាំ​ដល់​ម្ចាស់​សហគ្រាស​គួរតែ​ស្វែង​យល់​ពី​ច្បាប់​ក្នុង​ស្រុក និង​លិខិត​បទដ្ឋាន​គតិយុត្តផ្សេងៗ​ដែល​មាននៅលើគេហទំព័ររបស់ក្រសួងបរិស្ថាន ដើម្បីយក​ទៅ​ពន្យល់​ដល់​អ្នក​បញ្ជា​ទិញ ជៀសវាង​ការខាតបង់​ពេលវេលា និង​ថវិកាក្នុងការ​សុំលិខិត​អនុញ្ញាត​ដែល​មិន​ចាំបាច់។

ពាក់ព័ន្ធ​ការបំពាក់​ឧបករណ៍​ស្តង់ដារបរិស្ថាន​ដូចជា​ប្រព័ន្ធ​សម្អាតខ្យល់ ឬចម្រោះ​ទឹកកខ្វក់ ទាមទារ​ការ​ចំណាយ​ខ្ពស់។ នេះ​បើ​តាម​លោក ចាប យុធី។

លោក​ថា ​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេសជប៉ុន រដ្ឋាភិបាលមា​នធនាគារ​ផ្តល់​កម្ចីការ​ប្រាក់​ទាប​រយៈ​ពេល​វែងដល់​សហគ្រាស​ធុនតូច ដើម្បី​រៀបចំស្តង់ដារបរិស្ថាន។ ដោយ​ឡែក​ប្រទេស​កម្ពុជា ​មិន​មាន​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ទេ គឺមាន​តែការ​ជួយ​ចង្អុល​បង្ហាញ​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ​​។

ជា​ដំណោះស្រាយ​ដើម្បីកាត់បន្ថយការចំណាយ លោក​ណែនាំ​សហគ្រាស​ទាំងអស់​គួរ​រៀបចំ​ប្រមូលផ្តុំ​រោងចក្រ​ទៅ​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស ឬ​តំបន់​តែមួយ ជាជាង​រោងចក្រ ២០ ឬ ៣០ សាងសង់​អាង​​ប្រព្រឹត្តកម្ម​សំណល់​រាវ​ៗខ្លួន​ដែលអស់​លុយ​ច្រើន ដែល​ប្រៀបបានទៅនឹង​ការរួមគ្នាធ្វើដំណើរ​តាម​រថយន្ត​តែ​មួយ  ដែល​ជួយ​សន្សំសំចៃ​ថវិកា​បាន​យ៉ាងច្រើន។

លោកថា គោលដៅចម្បង​នៃការការពារបរិស្ថាន គឺដើម្បីថែរក្សា​សុខភាព​សាធារណៈ ព្រោះការ​បំពុល​ខ្យល់ និង​ទឹក​នឹង​ផ្តល់ឥទ្ធិពល​អាក្រក់ត្រឡប់មកកាន់សុខភាព​មនុស្សវិញនៅថ្ងៃអនាគត។

ឧទាហរណ៍​ជាក់ស្តែង ទីក្រុង​សិនជិន​របស់​ប្រទេស​ចិន កាលពី​មុន​បាន​ផ្តោតខ្លាំងតែ​លើការអភិវឌ្ឍន៍ ធ្វើ​ឲ្យ​ប្រភព​ទឹក​ជាង ៩០% ត្រូវ​បាន​បំពុល ដែល​ជាមេរៀនមួយ​ជំរុញ​ឲ្យរដ្ឋាភិបាល​ចិន​តែងតែ​ដាស់​តឿន​អ្នក​វិនិយោគខ្លួន​នៅក្រៅប្រទេស ឲ្យ​យកចិត្តទុកដាក់ជាចម្បងលើ​បញ្ហាបរិស្ថាន។

បន្ថែម​ពី​នេះ លោកក្រើន​រំលឹក​ថា មុននឹង​បង្កើតទីតាំង​រោងចក្រ សហគ្រាស​ណាមួយ គឺទាមទារ​ឲ្យមាន​ការចូលរួម​ផ្តល់​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ផ្នែក​រដ្ឋ ឯកជន និង​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍។

​ការអនុវត្ត​តាមស្តង់​ដារបរិស្ថាន តម្រូវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ចំណាយ​ថវិកា​ខ្ពស់។ ឧទាហរណ៍៖ រោងចក្រ​ដែល​បញ្ចេញ​ទឹកកខ្វក់​​ក្នុង​បរិមាណ ៥០០ ម៉ែត្រ​គីប​ក្នុងមួយថ្ងៃ ត្រូវ​ចំណាយ​លើ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មិន​ក្រោម ១០ ម៉ឺន​ដុល្លារ​នោះ​ទេ ព្រមទាំង​មានការ​ចំណាយ​លើ​សេវា​ថែទាំប្រចាំខែ​ពី ២,០០០ ទៅ ៣,០០០ ដុល្លារ​បន្ថែម​ទៀត។

​លោក​ថា ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​បាន​ដាក់​របាំង​បរិស្ថាន ដោយ​តម្រូវឲ្យ​ផលិតផល​នាំចេញ​ពី​កម្ពុជា​ ត្រូវតែ​អនុលោម​ទៅតាម​ស្តង់ដារ​បរិស្ថាន បើមិនដូច្នោះទេ​គេ​នឹង​មិន​បញ្ជា​ទិញ​ឡើយ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបាន​គូស​បញ្ជាក់​ថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់​រាវនៅក្នុងរោងចក្រ-សហគ្រាស ដែលមានសក្តានុពលប្រភពបំពុលផ្តល់ប្រយោជន៍មួយចំនួនដូចជា៖

១) អាចធ្វើការត្រួតពិនិត្យនិងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ គុណភាព​សំណល់រាវត្រូវបញ្ចេញ ដោយមិនបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រ​សហគ្រាសដោយផ្ទាល់
២) ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវការបញ្ចេញសំណល់រាវពីរោងចក្រ សហគ្រាស លើសកម្រិតស្តងដារអនុញ្ញាតឱ្យធ្វើការបញ្ចេញចោល ការលេចធ្លាយ ឬ ការលួចបង្ហូរសំណល់រាវពីរោងចក្រ សហគ្រាស
៣) ទិន្នន័យបរិមាណ (Quantity) និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះ មានលក្ខណៈវិទ្យាសាស្រ្ត សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ
៤) តាមរយៈទិន្នន័យដែលផ្តល់ដោយប្រព័ន្ធឧបករណ៍នេះ ក្រសួងអាចចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព តាមរយៈការជូនដំណឹង ឬការបញ្ជឱ្យរោងចក្រ សហគ្រាស ធ្វើការកែលម្អចំណុចខ្វះខាត ឬ ឈានទៅផ្អាកជាបណ្តោះអាសន្ននូវបញ្ចេញសំណល់រាវដែលបង្កឱ្យមានការបំពុល ឬ ការលេចធ្លាយ ឬ ការលួចបញ្ចេញ។

​ថ្លែង​នៅ​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ២០២៦ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថានបាន​ឲ្យ​ដឹង​ថា ​រហូតមកដល់ពេលនេះ មាន​​រោងចក្រ​ចំនួន ៦០ បានបំពាក់ឧបករណ៍តាមដាន​គុណភាព​ទឹក ដើម្បីការពារ​ការ​លួចបង្ហូរទឹកកខ្វក់ ឬសារធាតុពុលដែលមិនបានធ្វើប្រព្រឹត្កកម្មចូល ក្នុងប្រភពទឹក ឬ​ទីសាធារណៈ​។ ​

លោក អ៊ាង សុផល្លែត បញ្ជាក់​ថា «ក្រុមហ៊ុនចំនួន ៦០ ទីតាំង បានបំពាក់រួចរាល់ និង​ក្រុមហ៊ុនចំនួន ៧២ ទីតាំងបានចុះកិច្ចសន្យាបំពាក់​ឧបករណ៍តាមដាន​ស្វយប្រវត្ត ដើម្បី​ទប់ស្កាត់ការបញ្ចេក​ទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ​»។

បើតាមលោករដ្ឋមន្រ្តី តាម​រយៈ​ការបំពាក់​ប្រព័ន្ធ​តាមដាន​គុណភាព​ទឹក​ នឹង​ផ្តល់​សញ្ញា​គ្រប់​វិនាទីនៅ​ពេល​មាន​ការ​បង្ហូរ​ទឹកកខ្វក់​ចូល​​ប្រភព​ទឹក​ ដែល​អាជ្ញាធរ​នឹង​អាច​ចាត់​វិធានការ​​ឆ្លើយតប​បាន​ភ្លាមៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម