Connect with us

ព័ត៌មានជាតិ

មន្ត្រីសង្ឃខេត្តសៀមរាប ប្រារព្ធពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជួន ណាត នៅវត្តរាជបូណ៌

បានផុស

នៅ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មន្ត្រីសង្ឃខេត្តសៀមរាប ក្រោមគំនិតផ្តួចផ្តើមពី សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយ និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រមទាំងថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានប្រារព្ធពិធីបុណ្យរំឭកព្រះឧបការគុណសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៣ នៅក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យនេះ ធ្វើឡើងដើម្បីជាការរំឭកនូវគុណូបការៈគុណដល់សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក និងវចនានុក្រមខ្មែរ គឺចង់បង្ហាញឱ្យប្រជាពុទ្ឋបរិស័ទ្ឋយល់ដឹងឱ្យកាន់តែច្បាស់នូវស្នាព្រះហស្តនៃព្រះរាជនិពន្ធ និងការចងក្រងគម្ពីក្បួនខ្នាតអក្សរសាស្រ្តជាតិខ្មែរ ដើម្បីជាការដាស់ស្មារតី និងបង្កើនមនសិការដល់កូនខ្មែរ រក្សានូវកេរ្តិ៍តំណែលស្នាដៃរបស់បុព្វបុរសឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានឱ្យដឹងថា សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ជាព្រះមហាវីរបុព្វជិតដ៏ឆ្នើមដែលបានបូជាអ្វីៗ ដើម្បីជាតិ សាសនា ដែលប្រវត្តិសាស្ត្រទទួលស្គាល់ថា ជាព្រះបិតាអក្សរសាស្ត្រជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានចំណាយពេលវេលា ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រទាំងមូល។ ដោយស្នាព្រះហត្ថដ៏ធំធេងរបស់ព្រះអង្គ ទើបរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយម និងប្រជារាស្រ្តខ្មែរបាន ព្រះរាជទាន និងផ្ដល់ឋានៈព្រះអង្គ ជាព្រះរាជអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយស នៃសមាគមអ្នកនិពន្ធខ្មែរ ហើយបានបន្សល់ទុកនូវស្នាព្រះហត្ថជាច្រើន រួមមាន វចនានុក្រមភាសាខ្មែរ, ព្រះរាជនិពន្ធទំនុកច្រៀងបទនគររាជ សម្រាប់ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា, បទគោរពទង់ព្រះពុទ្ធសាសនា, បទសរភញ្ញជាដើម។ល។

ចំណែក លោក សាន សម្ផស្ស អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា ពិធីបុណ្យរំឭកគុណូបការៈនេះ មានអត្ថន័យជ្រាលជ្រៅ និងជាគុណប្រយោជន៍សម្រាប់ពុទ្ឋបរិស័ទ និងកូនខ្មែរទាំងអស់គ្នា ត្រូវតែចងចាំ និងប្រតិបត្តិតាមគន្លងមាគ៌ានៃបុព្វបុរសខ្មែរ។ ជាពិសេស ព្រះកិត្តិនាម និងស្នាដៃរបស់ព្រះអង្គស្ថិតនៅដក់ជាប់ជានិច្ចក្នុងបេះដូងកូនចៅជាប្រជាពលរដ្ឋកម្ពុជាជារៀងរហូត ព្រោះពេញមួយជីវិតរបស់ព្រះអង្គ ព្រះអង្គបានបំពេញព្រះរាជបេសកកម្មយ៉ាងធំក្រៃលែង ក្នុងវិស័យ សង្គមកិច្ច និងវិស័យសិក្សាធិការ។ល។ សម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ រៀនសូត្រដល់សព្វថ្ងៃនេះ។

ព្រះសុមង្គលសិលាចារ្យ ជុំ គឹមឡេង ព្រះមេគណខេត្ត មានថេរដិកាបញ្ជាក់ថា បុព្វហេតុដែលនាំឱ្យកើតមានទិវាបុណ្យរំលឹកឧបការៈគុណនេះឡើង គឺដោយសារព្រះតម្រិះ របស់សម្តេចព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដែលជានិច្ចកាលព្រះអង្គតែងតែនឹករលឹកចំពោះគុណូបការៈរបស់សម្តេចសង្ឃរាជ ដែលជាបុគ្គលមួយរូបប្រៀបបានទៅនឹងផ្កាឈូកដែលដុះចេញពីភក់តែមិនធុំក្លិនភក់ មានតែក្លិនក្រអូបតែម្យ៉ាងប៉ុណ្ណោះ។ ព្រះគុណសម្បត្តិនៃសម្តេចព្រះសង្ឃរាជ មានច្រើនយ៉ាងណាស់ព្រះអង្គមានការព្យាយាមខ្លាំង មានភាពវាងវៃខ្លាំងមានភាពអង់អាចខ្លាំងមានភាពឈ្លាសវៃក្នុងធម្មទេសនាដ៍ក្រៃលែងមានសកម្មភាពដ៍ប្រសើរខ្លាំងណាស់។

ក្រៅពីភាសាខ្មែរដែលសម្តេចទ្រង់បានស្រាវជ្រាវ សម្តេចបានសិក្សាភាសាបាលីអាចអាន និងសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់មានលង្កាភូមា សៀម ឡាវឥតមានទើសទាក់ភ្លាំងភ្លាត់ឡើយ។ លើសពីនេះ ព្រះអង្គបានកសាងគម្ពីរដិកាជាច្រើនទាំងគម្ពីរស្លឹករិតទាំងសៀវភៅផង។ ជាពិសេស សៀវភៅដែលសម្តេចប្រមូលចងក្រងរៀបរៀងនិងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរសម្រាប់ពុទ្ឋបរិស័ទរៀនសូត្រ។    

សូមបញ្ជាក់ថា សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ទ្រង់ប្រសូត្រនៅថ្ងៃអង្គារ៍ ទី១១ ខែមីនា ឆ្នាំ១៨៨៣ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្តេចព្រះសង្ឃរាជ បានបួសជាសាមណេរក្នុងអាយុ ១៤ឆ្នាំ លុះព្រះជន្មគម្រប់ ២១ព្រះវស្សា ទ្រង់ឧបសម្បទាជាភិក្ខុ។ ព្រះអង្គទ្រង់សោយទីវង្គតនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ក្នុងជន្មាយុ ៨៦ព្រះវស្សា ក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២១ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៦ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម២០ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម