ព័ត៌មានជាតិ
ក្រសួងការងារ ណែនាំ រោងចក្រ ចាត់វិធានការ ០៥ ចំណុច ជាបន្ទាន់ អំឡុងអាកាសធាតុក្តៅខ្លាំង
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំដល់ ម្ចាស់ ឬ នាយករោងចក្រទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន ០៥ ចំណុច ជាបន្ទាន់ អំឡុងពេលអាកាសធាតុក្តៅខ្លាំង ខណៈអាកាសធាតុនារដូវប្រាំងនេះមានការកើនឡើងកម្ដៅ។

នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈសេចក្ដីណែនាំស្ដីពី«វិធានការអនុវត្តបន្ទាន់នៅតាមរោងចក្រ ក្នុងអំឡុងពេលអាកាសធាតុក្តៅ» របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរថា ដោយអាកាសធាតុនារដូវប្រាំងនេះកើនកម្ដៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមណែនាំដល់ ម្ចាស់ ឬ នាយករោងចក្រទាំងអស់ យកចិត្តទុកដាក់អនុវត្តនូវវិធានការបន្ទាន់ ដូចខាងក្រោម ៖ ១.ត្រូវបើកទ្វារ បង្អួចទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ ក្នុងអគារធ្វើការ។ ២.ត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ពិសាដល់កម្មករ-និយោជិត និងណែនាំឲ្យពិសាទឹកឲ្យបានច្រើន និងញឹកញាប់ យ៉ាងតិច ២ លីត្រ ក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក៏ដោយ។ ៣.ត្រូវបាញ់ទឹកនៅលើដំបូលអគារធ្វើការឲ្យបានយ៉ាងតិច ២ ដង ក្នុងមួយថ្ងៃ និងត្រូវចាត់វិធានការចាំបាច់ផ្សេងៗ ទៀត ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។ ៤.ត្រូវពិនិត្យប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ទាំងអស់នៅតាមអគារធ្វើការ ដើម្បីធានាថា ដំណើរការល្អ និងត្រូវបើកឲ្យដំណើរការយ៉ាងតិច ១ ម៉ោង មុនឲ្យកម្មករ-និយោជិត ចូលធ្វើការ។ ៥.ត្រូវចាត់បុគ្គលិកទទួលបន្ទុក ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។
ជាមួយនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬ នាយករោងចក្រទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះឲ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

គួរជម្រាបថា កាលពីព្រឹកថ្ងៃទី ០៩ មេសានេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយក្នុងនោះ ៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្ដាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ចំពោះស្ថានភាពបែបនេះ នឹងធ្វើឲ្យ ៖ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ ៖ ១.តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា ២៦°C និង សីតុណ្ហភាពអតិបរមា ៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥%។ ២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។ តំបន់ភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១៥%។ ៣.តំបន់មាត់សមុទ្រ ៖ -សីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម ២ ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ១០%។ -រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


