ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ នៅវិទ្យាល័យព្រែកដំបូក ខេត្តកំពង់ចាម
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលម្សិលមិញនេះ បានដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តស្តង់ដាសាលាគំរូនៅវិទ្យាល័យព្រែកដំបូក ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងអាជ្ញាធរដែនដី។ នេះបើតាមការផ្ដល់ពីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ។

ថ្លែងក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអនុវត្តកំណែទម្រង់វិស័យអប់រំ ជាពិសេស គឺការបន្តកែលម្អកម្មវិធីសិក្សា ក៏ដូចជាការបណ្តុះបណ្តាលគ្រូបង្រៀន ដោយការលើកទឹកចិត្ត លើកកម្ពស់ជីវភាពគ្រូ និងពង្រឹងការប្រឡងគ្រូ ដើម្បីឈានទៅអភិវឌ្ឍមូលធនគ្រូបង្រៀន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតជាអាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ឆ្ពោះទៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។

ដើម្បីសម្រេចបាននូវស្តង់ដាសាលារៀនគំរូ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដូចជា៖ ទី១. ផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សាសិស្ស ទី២. បន្តពង្រឹងដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ដោយផ្អែកលើការអនុវត្តសូចនាករស្តង់ដាសាលារៀនគំរូ និងការបន្តសិក្សាបន្ថែមពីឯកសារនានា ក៏ដូចជាប្រឹក្សាយោបល់ជាមួយក្រុមការងារបច្ចេកទេសជំនាញ ទី៣. កែលម្អការរៀន និងបង្រៀន ដោយបន្ថែមពីលើការទន្ទេញចាំមាត់ ត្រូវបង្រៀនឱ្យចេះវិភាគស៊ីជម្រៅ ឱ្យសិស្សខិតខំស្រាវជ្រាវដោយខ្លួនឯង ចេះចាប់យកចំណុចសំខាន់ៗ ចេះវែកញែក និងចេះយកគំនិតនេះមកអនុវត្តផ្សារភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ ទី៤. លើកទឹកចិត្តឱ្យសិស្សបង្កើតក្លឹបសិក្សា និង រៀនពីបទពិសោធន៍ល្អៗ របស់សាលារៀនជំនាន់ថ្មី រៀបចំកម្មវិធីតម្រង់ទិសអាជីព បង្កើតកម្មវិធីអប់រំបែបព្រះពុទ្ធសាសនាដើម្បីលើកកម្ពស់សីលធម៌ និងចរិយាធម៌ រៀបចំកម្មវិធីសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ និងឥរិយាបថរបស់សិស្ស តបតាមគំនិតផ្តួចផ្តើម៤ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងគុណភាពអប់រំ។

គំនិតផ្ដួចផ្ដើម នោះ រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. រៀបចំកម្មវិធីក្រៅម៉ោងសិក្សា ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤. ការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។

តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថែ្លងអំណរគុណចំពោះការខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់គណៈគ្រប់គ្រងសាលា លោកនាយក លោកគ្រូ អ្នកគ្រូ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការនានាក្នុងក្របខណ្ឌគម្រោងកែលម្អការអប់រំមធ្យមសិក្សា (SIEP) ក៏ដូចជាការប្ដេជ្ញាចិត្តក្នុងការបន្តកែលម្អសាលារៀននេះ ឱ្យសម្រេចនូវស្តង់ដាសាលារៀនគំរូនាពេលអនាគត៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


