ព័ត៌មានជាតិ
លោក វង្សី វិស្សុត៖ អ្នករៀបចំច្បាប់ ត្រូវកាន់គោលការណ៍នីតិរដ្ឋ និងគោលការណ៍ផលប្រយោជន៍នៃច្បាប់ក្នុងសង្គម-សេដ្ឋកិច្ច
ដើម្បីធានាថា ច្បាប់ដែលបង្កើតឡើងពិតជាជះឥទ្ធិពលល្អដល់ប្រទេសជាតិនៅពេលអនុវត្ត អ្នករៀបចំច្បាប់ ត្រូវតែប្រកាន់គោលការណ៍នីតិរដ្ឋ ហើយម្ខាងទៀតគឺគោលការណ៍ផលប្រយោជន៍នៃច្បាប់ក្នុងសង្គម-សេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានលើកឡើងថា ច្បាប់អាចដើរតួជាឃ្នាស់ដែលអាចលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោះស្រាយបញ្ហាសេដ្ឋកិច្ច និងលើកកម្ពស់សេដ្ឋកិច្ច ប៉ុន្តែក៏អាចដើរតួជាបន្ទុកសម្រាប់ប្រជាពលរដ្ឋ ដែលនាំឱ្យរាំងស្ទះដល់ការអភិវឌ្ឍផងដែរក្នុងករណីរៀបចំមិនបានល្អ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា អ្នករៀបចំច្បាប់ គឺជាតួអង្គដ៏សំខាន់ ដែលត្រូវប្រកាន់ខ្ជាប់នូវម្ខាងគឺគោលការណ៍នីតិរដ្ឋ ដែលយកច្បាប់ជាធំ ហើយម្ខាងទៀតគឺគោលការណ៍ផលប្រយោជន៍នៃច្បាប់ក្នុងសង្គម-សេដ្ឋកិច្ច ដើម្បីធានាថា រាល់ច្បាប់ដែលត្រូវបានដាក់ឱ្យអនុម័ត និងអនុវត្តពិតជាជះឥទ្ធិពលល្អដល់ប្រទេសជាតិ។
បើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ការរៀបចំច្បាប់នីមួយៗ ត្រូវមានការគិតគូរច្បាស់លាស់នៅគ្រប់ដំណាក់កាល ដោយចាប់ផ្តើមពីការយល់ដឹងអំពីគោលដៅនៃច្បាប់ ការរៀបចំ តាក់តែង អនុម័ត អនុវត្ត និងតាមដានការអនុវត្តច្បាប់។

អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី៧ ក្រោមប្រធានបទ «សេចក្ដីផ្ដើម ស្ដីពីការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ» កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា រាជរដ្ឋាភិបាលផ្ដោតសំខាន់លើការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការលើកកម្ពស់ប្រសិទ្ធភាព សង្គតិភាព និងអនុលោមភាពគតិយុត្តនៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំដៅធានាបាននូវភាពមានប្រយោជន៍ ភាពជឿទុកចិត្តបាន តម្លាភាព ភាពស្មើគ្នានៅចំពោះមុខច្បាប់ និងភាពដែលអាចអនុវត្តបាន ដែលជាគោលការណ៍សំខាន់ នៃការកសាងនីតិរដ្ឋ ក៏ដូចជាការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសក្នុងរយៈពេលយូរអង្វែង។

សម្រាប់លោក វង្សី វិស្សុត ការតាក់តែង និងការអនុវត្ដបទប្បញ្ញត្ដិមានកម្មវិបាក ឬបច្ច័យដល់ភាពប្រកួតប្រជែង និងកំណើនសេដ្ឋកិច្ច សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបធុរកិច្ចរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន។ ជាក់ស្ដែងការអនុវត្ដបទប្បញ្ញត្តិល្អ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច ដូចជាប្រសិទ្ធភាពសេដ្ឋកិច្ចជួយការពារសិទ្ធិ និងផលប្រយោជន៍ដល់សាធារណជន ព្រមទាំងគាំទ្រដល់អន្ដរអំពើក្នុងសង្គម ដើម្បីធានាភាពច្បាស់លាស់ ភាពអាចប៉ាន់ប្រមាណបាន និងភាពយុត្ដិធម៌។ ផ្ទុយទៅវិញ លោក ថា ការដាក់ឱ្យអនុវត្ដបទប្បញ្ញត្តិ ដែលមិនមានលក្ខណៈអំណោយផល នឹងបង្កើនជាបន្ទុកចំណាយការរឹតត្បិតសេរីភាព និងជាពិសេសការបន្ទុចបង្អាក់នវានុវត្ដន៍ និងការបង្កើតជាវិបាកមិនល្អដល់សង្គម-សេដ្ឋកិច្ចជាយថាហេតុ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្ដជំរុញលើកកម្ពស់ការប្រតិបត្តិល្អនៃការតាក់តែងបទប្បញ្ញត្តិ ដោយបានរៀបចំបង្កើតគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ ដែលជាយន្ដការដឹកនាំសម្របសម្រួល និងជំរុញការអនុវត្ដការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្ដិសុខគតិយុត្ដ ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ