Connect with us

ព័ត៌មានជាតិ

លោក វង្សី វិស្សុត បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល

បានផុស

នៅ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បញ្ជាក់ទៅកាន់មន្ត្រីក្រោមឱវាទអំពីតួនាទី ភារកិច្ច និងការងារជាយុទ្ធសាស្ត្រដ៏មានសារសំខាន់របស់ស្ថាប័ននេះ ដែលជាសេនាធិការឱ្យគណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ឡើងវិញពីអត្តសញ្ញាណរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជាផ្នែកមួយនៃវិស័យសាធារណៈ និងជាស្ថាប័នដែលដើរតួនាទីសំខាន់ជាយុទ្ធសាស្ត្រ និងគន្លឹះជាសេនាធិការដល់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ដឹកនាំប្រទេស ដោះស្រាយបញ្ហាជាតិ និងការអភិវឌ្ឍជាតិ ព្រមទាំងការបម្រើប្រទេសជាតិ និងប្រជាជន។

ថ្លែងក្នុងពិធីបើកសន្និបាតប្រចាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក វង្សី វិស្សុត បានឱ្យដឹងថា ទីស្ដីការគណៈរដ្ឋមន្ត្រីបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួន ជាស្ថាប័នដែលមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ និងមានក្រមសីលធម៌ក្នុងការបំពេញការងារប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល។

ដើម្បីតម្រង់ទិស តម្រង់ស្មារតី និងផ្នត់គំនិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន លោករដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី បន្តថា ស្ថាប័នបានកំណត់ និងបណ្ដុះនូវគុណតម្លៃស្នូលចំនួន៤ រួមមាននីតិរដ្ឋនិងការការពារផលប្រយោជន៍សាធារណៈ គុណាធិបតេយ្យ សាមគ្គីភាពនិងបរិយាបន្ន និងក្រមសីលធម៌វិជ្ជាជីវៈ។ តាមលោក វង្សី វិស្សុត ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានកំណត់អភិក្រមការងារចំនួន៤ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ មានភាពជាម្ចាស់នៃបញ្ហា ជាម្ចាស់នៃភារកិច្ច ជាអ្នកទទួលខុសត្រូវលើមុខងារ និងបេសកកម្មរបស់ខ្លួន។

អភិក្រមការងារទំាង៤នោះ គឺការបំពេញការងារប្រកបដោយវិជ្ជាជីវៈ គោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ បំពេញការងារជាក្រុម ដោយឈរលើស្មារតីប្រយោជន៍រួម បំពេញការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម ច្នៃប្រឌិត និងឈរលើគោលការណ៍ដោះស្រាយបញ្ហា តែមិនបង្កើតបញ្ហា និងការទទួលយកការរិះគន់ដោយស្ថាបនា ចេះស្តាប់ទស្សនៈ ឬមតិផ្សេងពីខ្លួន និងត្រូវចេះធ្វើស្វ័យទិតៀន។

លោក សង្កត់ធ្ងន់ថា ទាំងអស់នេះហើយ គឺជាប្រភពក្នុងការបង្កើនសមត្ថភាព បង្កើនភាពជាម្ចាស់ និងបង្កើតនូវវប្បធម៌ការងារមួយ ដែលធ្វើឱ្យខ្លាំង ពូកែ រឹងមាំ ចេះរស់ខ្លួនឯង អាចពឹងខ្លួនឯងបាន និងចេះធ្វើល្អទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម