ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ចិនក្នុងការជួយគាំទ្រគ្រប់បែបយ៉ាងដល់កម្ពុជា
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក វង្សី វិស្សុត បានបញ្ជាក់ឡើងវិញអំពីតួនាទីដ៏សំខាន់របស់មហាអំណាចចិន ក្នុងការជួយទំនុកបម្រុងនិងគាំទ្រគ្រប់បែបយ៉ាងដល់ដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយលោកអះអាងថា វិបុលភាព វឌ្ឍនភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីកិច្ចសហប្រតិបត្តិការរបស់ភាគីចិនបានឡើយ។

លោក វង្សី វិស្សុត ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ចិន ក្នុងការគាំទ្រសន្តិភាព និងឯករាជ្យភាពរបស់កម្ពុជា រួមទាំងការជួយសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា-ថៃ ដើម្បីបន្ថយកម្ដៅនៃជម្លោះ និងទទួលបានបទឈប់បាញ់ ហើយព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ថា ក្រោមការជួយគាំទ្ររបស់ភាគីចិន កម្ពុជានៅតែបន្តរីកស្គុសស្គាយ និងរឹងមាំ ព្រមទាំងនឹងសម្រេចបានសមិទ្ធផលឥតឈប់ឈរលើគ្រប់វិស័យនៅពេលអនាគតថែមទៀតស្របតាមការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ លោក ជឿជាក់ថា ចិននឹងបន្តផ្តល់ការគាំទ្រ និងរួមចំណែកក្នុងមាគ៌ានៃដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដោយរួមទាំងការជួយធ្វើទំនើបកម្ម និងអភិវឌ្ឍន៍សមត្ថភាពកម្ពុជា ជាពិសេសនៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងបែកខ្ញែក និងអានុភាពនៃយន្តការ និងច្បាប់អន្តរជាតិចុះខ្សោយ។

ការលើកឡើងខាងលើរបស់លោក វង្សី វិស្សុត បានធ្វើឡើងនៅចំពោះមុខលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីចុះហត្ថលេខាប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី គឺក្នុងតម្លៃចំណាយប្រមាណ ៧លានដុល្លារអាម៉េរិក ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា គម្រោងជួសជុលកែលម្អអគារមិត្តភាព នឹងធានាមុខងារប្រើពេញលេញ និងរួមចំណែកក្នុងសកម្មភាពការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងជាគម្រោងនិមិត្តរូបមួយ ក្នុងចំណោមគម្រោងជាច្រើនទៀត ដែលរដ្ឋាភិបាលចិនបានផ្ដល់ការគាំទ្រដល់កម្ពុជា។ លោក ក៏បានបញ្ជាក់ពីចំណងមិត្តភាពរឹងមាំរវាងចិន និងកម្ពុជា ដែលជាមិត្តទុកចិត្តគ្នា ទោះក្នុងស្ថានការណ៍ប្រែប្រួលនៃសាកលលោក ហើយនឹងអនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអរគុណភាគីចិន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងគាំទ្រដល់គម្រោងជួសជុលកែលម្អអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រោះលោក ថា គម្រោងនេះមិនត្រឹមតែបានធ្វើឱ្យអគារប្រវត្តិសាស្ត្រជានិមិត្តរូបតំណាងឱ្យចំណងមិត្តភាពកម្ពុជា-ចិនដ៏ស្កឹមស្កៃ អាចរក្សាបាននូវស្តង់ដាសុវត្ថិភាព សោភណភាព ផាសុខភាព និងភាពស្រស់បំព្រងឡើងវិញប៉ុណ្ណោះទេ តែក៏ជាតម្រូវការចាំបាច់របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងជួយបង្កើនផលិតភាពការងារដល់ដឹកនាំ មន្ត្រី និងបុគ្គលិកផ្សេងទៀតដែលបំពេញការងារក្នុងអគារមិត្តភាពផងដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


