Connect with us

សេដ្ឋកិច្ច

លោក វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួន ប្រើប្រាស់ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យា AI

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជំរុញឱ្យមន្ត្រីរាជការត្រៀមខ្លួនមិនត្រឹមតែចេះប្រើប្រាស់ តែត្រូវរៀន​ធ្វើជា​ម្ចាស់​លើ​បច្ចេកវិទ្យា AI ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ និង​កសាង​ឧត្តមភាពប្រកួតប្រជែងរបស់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កម្ម​វិធី​វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក វង្សី វិស្សុត បាន​គូស​រំលេច​នូវទស្សនវិស័យវែងឆ្ងាយរបស់​សម្តេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ពាក់ព័ន្ធ​នឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់បម្រើឱ្យការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពនិងសុខុមាលភាពជូនប្រជាជន។

លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់​ទុក​បច្ចេកវិទ្យា AI ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច (Driver of Growth) សម្រាប់​រយៈ​ពេល ១០ ទៅ ២០ ឆ្នាំខាងមុខ ដោយ​បាន​សង្កត់ធ្ងន់ថា ក្នុងបរិការណ៍​នៃ​ការ​ប្រកួតប្រជែង​សកល​ប្រទេសនីមួយៗ​រួមទាំងប្រទេសកម្ពុជាត្រូវ​វិនិយោគលើ AI ដើម្បីបង្កើននូវ​ឧត្តមភាព​ប្រកួតប្រជែង (Competitive Advantage) ទាំងលើទិដ្ឋភាពសេដ្ឋកិច្ច បច្ចេកវិទ្យា យោធា និងសង្គម ។

សម្រាប់កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា «ទោះបីកម្ពុជាមិនទាន់អាច​ឈានដល់​កម្រិត​បង្កើត​បច្ចេកវិទ្យា​ថ្មី (Invention) ដោយខ្លួនឯង ប៉ុន្តែយើងត្រូវហ៊ានវិនិយោគ ដើម្បីមាន​សមត្ថភាព​អាច​ចាប់​យក​បច្ចេកវិទ្យា ដែល​មាន​ស្រាប់​មក​ប្រើប្រាស់ (Application) ឱ្យអស់លទ្ធភាព និង​ឱ្យត្រូវ​តាម​តម្រូវ​ការ​ប្រើប្រាស់​ជាក់​ស្តែង បើ​ពុំដូច្នោះទេ​យើងនឹងដើរក្រោយគេឆ្ងាយ»។

ទន្ទឹម​នេះ លោក​ វង្ស៊ី វិស្សុត បានផ្តល់ទស្សនាទានថា៖«យើងត្រូវរៀនសូត្រដើម្បី «ធ្វើជាម្ចាស់លើ AI» មិន​មែន​គ្រាន់​តែជា​អ្នក​ប្រើប្រាស់​នោះទេ ដោយ AI គឺជា​ជំនួយ​ការ​ដ៏​ល្អ ប៉ុន្តែ​ការ​សម្រេច​ចិត្តចុងក្រោយត្រូវផ្អែកលើបញ្ញា (Intelligence), បទពិសោធ (Experience), Intuition និងប្រាជ្ញាវិនិច្ឆ័យ របស់មនុស្ស»។

ជាទិសដៅការងារបន្តសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យបង្កើត «ក្រុមការងារដឹកនាំកម្មវិធី AI Application» នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសិក្សាពីចន្លោះខ្វះខាត និង​រៀបចំ​ផែនការ​ប្រើប្រាស់ AI ក្នុងកិច្ចការប្រចាំថ្ងៃ ទៅតាមមុខងារនិងអង្គភាពដែលមានការចាំបាច់ ដើម្បី​បង្កើន​ផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ និងវិនិយោគ​លើ​​ការ​បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រី​ឱ្យដើរ​ទាន់​បច្ចេកវិទ្យា ដោយ​ចាត់​​ទុក​​ថា​ជា​ការ​វិនិយោគ​ដើម្បី​អនាគត​របស់ស្ថាប័នក៏ដូចជាសម្រាប់ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម