ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ លើកកម្ពស់ ការផ្តល់សេវាជាពហុវិស័យឆ្លើយតប ចំពោះអំពើហិង្សាលើស្រី និងក្មេងស្រី
នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លេខាធិការដ្ឋានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ GBV ស្ថិតក្រោមគណ:កម្មាធិការពិគ្រោះយបល់កិច្ចការស្ត្រី និងកុមារខេត្ត សហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាប្រធានក្រុមការងារGBV។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការលើកកម្ពស់ និងពង្រឹងការផ្តល់សេវាជាពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រី ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធ ដែលជាអ្នកផ្តល់សេវាការពារជូនជនរងគ្រោះ ដើម្បីឆ្លើយតបឱ្យសមស្របជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ទន្ទឹមនឹងនេះ កិច្ចប្រជុំបានពិនិត្យទៅលើរបាយការណ៍លទ្ធផលសកម្មភាពការងារ ក្នុងឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ(GBV) ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ដោយមានកិច្ចសហការល្អជាមួយស្ថាប័ន អង្កភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ក្នុងការសម្របសម្រួលផ្តល់សេវាឆ្លើយតបដល់ជនរងគ្រោះបានទាន់ពេលវេលា។
លោកស្រី ម៉ននី រងី្ស បានធ្វើការណែនាំ និងជំរុញដល់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឱ្យបន្តរៀបចំផែនការសកម្មភាពដាក់បញ្ចូលទៅក្នុងផែនការខេត្ត ក្រុង ស្រុក និងលើកគម្រោងផែនការ ដើម្បីស្នើសុំកញ្ចប់ថវិកាសម្រាប់អនុវត្តផែនការនោះឱ្យមានប្រសិទ្ធភាព។ ព្រមទាំងបន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីពង្រឹងសមត្ថភាពតាមរយ:វគ្គបណ្តុះបណ្តាល ពីកញ្ចប់សេវាទាំង៥ និងបន្តពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកស្រី បានបញ្ជាក់ថា តាមរយ:នៃកិច្ចប្រជុំនេះ សូមឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា ដែលពាក់ព័ន្ធនឹងយេនឌ័រ គ្រប់ទម្រង់ដូចជាអំពើហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ និងការជួញដូរស្រ្តី និងកុមារជាដើម ជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង១៣ របស់ខេត្តត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ។ លោកស្រី បានបន្តថា ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថ្នាក់ខេត្ត (GBV) មានកិច្ចសហការល្អជាមួយស្ថាប័ន មន្ទីរវិស័យ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក្រុមការងារ (GBV) ថ្នាក់ ក្រុង ស្រុក ទាំង១២ និងអង្គការដៃគូពាក់ព័ន្ធ ក្នុងការសម្របសម្របួលផ្តល់សេវាឆ្លើយតបដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ បានទាន់ពេលវេលា។
យោងតាមរបាយការណ៍ជាលទ្ធផល ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមការងារ (GBV) ថ្នាក់ខេត្ត បានជួយអន្តរាគមន៍ដល់ស្ត្រី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ សរុប ៨៦ករណី ក្នុងនោះ រំលោភសេពសន្ថវៈលើ អនីតិជនចំនួន ២៦ករណី និងរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ៨ករណី ប្រទូសកេរ្តិ៍ខ្មាស ១ករណី និងសញ្ចាកម្មទាក់ទងនឹងពេស្យាចារកុមារ ១ករណី រំលោភសេពសន្ថវៈលើអនីតិជន និងទិញពេស្យាចារកុមារ ១ករណី និងអំពើហិង្សាក្នុងគ្រួសារ សរុប ៤៩ករណី។

ក្នុងនោះដែរកិច្ចប្រជុំ ក៏បានពិភាក្សាទៅលើ ប្រតិទិននៃកិច្ចប្រជុំក្រុមការងារ (GBV) ខេត្តឆ្នាំ២០២៤ និងការកែសម្រួល សេចក្តីសម្រេចក្រុមការងារ (GBV) ខេត្ត និងទម្រង់របាយការណ៍សង្ខេបក្រុមការងារ (GBV) ខេត្តផងដែរ៕
អត្ថបទ៖គឿន វេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ