ព័ត៌មានជាតិ
លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថា កម្ពុជាជាប្រទេសតូច តែថ្លៃថ្នូរ
កម្ពុជា ជាប្រទេសតូចមែនពិត តែមានភាពថ្លៃថ្នូរ និងមានភាពស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសនៅលើពិភពលោក។ នេះជាថ្លែងរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។

ការលើកឡើងរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថា កម្ពុជា ជាប្រទេសតូច ប៉ុន្តែថ្លៃថ្នូរ គឺនៅត្រង់ថា កម្ពុជាតែងស្គាល់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងចេះប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវជំហរឥតងាករេនៅចំពោះមុខបញ្ហាតំបន់នីមួយៗ និងបញ្ហាអន្តរជាតិនីមួយៗ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃនេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា កម្ពុជា គោរពរាល់កិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខានៅលើឆាកអន្តរជាតិ តំបន់ និងអនុតំបន់ដោយផ្តល់តម្លៃជាអាទិភាពចំពោះឧត្តមប្រយោជន៍របស់ប្រទេសកម្ពុជា។

លោក ហ្សង់ហ្វ្រង់ស័រ បញ្ជាក់បន្ថែមថា ជាក់ស្តែង ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាបានគោរពមជ្ឈភាព និងឯកភាពអាស៊ាន ដោយជំហររបស់កម្ពុជា មិនអាចខុសពីជំហររបស់អាស៊ាននោះទេ។ ក្នុងនាមជាសមាជិកអាស៊ាន និងក្នុងនាមជាសមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានា ដូចជា មហាអនុតំបន់មេគង្គ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA ជាដើម ដែលកម្ពុជាបានគោរព និងអនុវត្តយន្តការ លក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងយ៉ាងខ្ជាប់ខ្ជួន។

ទន្ទឹមនេះដែរ កម្ពុជាជាប្រទេសតូចមែន តែមានបទពិសោធន៍ធំ គឺបទពិសោធន៍ក្នុងសោកនាដកម្មជាច្រើនដែលបង្កឡើងដោយសារភ្លើងសង្គ្រាម។ ក្នុងន័យនេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ គូសរំលេចថា បន្តពីសម្ដេចតេជោ ហ៊ុន សែន គឺក្នុង រយៈពេលពេញ១ឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់បណ្ដាប្រទេសជិតខាង បណ្ដាប្រទេសក្នុងតំបន់ និងបានប្រាប់ពិភពលោកទាំងមូល ពីការយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែរក្សា ការពារ សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាអាទិភាពធំបំផុតរបស់កម្ពុជា ខណៈនៅលើពិភពលោក ពិសេសប្រទេសមួយចំនួនកំពុងបន្តមានភ្លើងសង្គ្រាមឆាបឆេះ មិនទាន់បានបញ្ចប់នៅឡើយ។

កម្ពុជាតូចមែនពិត តែមានសំឡេងឆ្នោតមួយដូចបណ្ដាប្រទេសដទៃទៀត និងមានទង់ជាតិរបស់ខ្លួនបក់រវិចៗនៅលើឆាកអន្តរជាតិ និងតំបន់ ដូចជា នៅអង្គការសហប្រជាជាតិ និងអាស៊ាន។ ប៉ុន្តែ អ្វីដែលកម្ពុជាទាមទារមកវិញនោះ គឺការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យរបស់កម្ពុជា ពោលគឺកម្ពុជាប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីសំណាក់បរទេសរាល់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយបន្តអនុវត្តនយោបាយការបរទេសឯករាជ្យពេញលេញ ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍នានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ នេះជាការលើកឡើងរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ដដែល នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៥ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី